មហា​សេដ្ឋី​ទី​1​​ របស់​វៀតណាម​៖ VinFast និង VinSmart​ នឹង​ផ្ដោត​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​​តែ​ប៉ុណ្ណោះ​

ស្ថាបនិក​​ Vingroup​ របស់​វៀតណាម​៖ VinFast និង VinSmart​ នឹង​ផ្ដោត​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​​តែ​ប៉ុណ្ណោះ​

លោក Pham Nhat Vuong ដែល​ជា​មហា​សេដ្ឋី​វៀត​ណាម​ និង​​​ជា​ស្ថានិក​របស់​ក្រុម​ហ៊ុន​ Vingroup ថ្លែង​​ថា នេះ​គឺជា​ការ​សាកល្បង​សម្រាប់​ប្រព័ន្ធ​ទាំង​មូល​ ព្រោះ​បើ​សិន​ផលិត​ផល​មិន​មាន​គុណ​ភាព រី​ឯ​តម្លៃ​ក៏​មិន​អាច​ប្រកួត​ប្រជែង​បាន​ នោះ​នឹង​មិន​មាន​មូល​ហេតុ​អ្វី​ដើម្បី​អាច​រក្សា​វត្តមាន​បាន​ឡើយ​។

កាលពី​ថ្ងៃទី​28​ឧសភា ក្រុម​ហ៊ុន​ Vingroup បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​ភាគ​ហ៊ុនិក​​ប្រចាំ​ឆ្នាំ​2020។ ក្នុង​កិច្ច​ប្រជុំ​នេះ​ មហា​សេដ្ឋី​ Phan Nhat Vuong អគ្គនាយក​​ក្រុម​ហ៊ុន​ Vingroup បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ VinFast កំពុង​សិក្សា​ស្រាវ​ជ្រាវ​ទី​ផ្សារ​នាំ​ចេញ​ ខណៈ​ដែល​ Vinsmart បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​រួច​ហើយ​។

រថយន្ត​ VinFast​ របស់​ក្រុម​ហ៊ុន​វៀត​ណាម Vingroup

ប៉ុន្តែ អំឡុង​ពេល​បច្ចុប្បន្ន យុទ្ធ​សាស្ត្រ​របស់​ក្រុម​ហ៊ុន​ Vingroup សម្រាប់​ VinFast និង​ Vinsmart នោះ​គឺ​ផ្ដោត​ទៅ​លើ​ទី​ផ្សារ​តែ​មួយ​គត់​ គឺ​​សហរដ្ឋ​អាមេរិក​។ Vingroup ចាត់​ទុក​សហរដ្ឋ​អាមេរិក​ជា​ទីផ្សារ​សំខាន់​បំផុត​ និង​ជា​ទីផ្សារ​ដែល​ពិបាក​ប្រកួត​ប្រជែងបំផុត ព្រោះ​ថា​ បើ​សិន​ជា​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​ទី​ផ្សារ​​បែប​នេះ នោះ​ការ​វាយ​លុក​ទី​ផ្សារ​ផ្សេង​ទៀត​នឹង​ជា​រឿង​ងាយ​ស្រួល។

មហា​សេដ្ឋី​វៀត​ណាម​ដែល​មាន​ទ្រព្យ​ 6​ពាន់​លាន​ដុល្លារ​ លោក Pham Nhat Vuong ថ្លែង​ថា “​សម្រាប់​ក្រុម​ហ៊ុន​ថ្មី​ដែល​មាន​លក្ខណៈ​ជា​ startup ដូច​ VinFast និង Vinsmart យើង​​ដាក់​គោល​ដៅ​យ៉ាង​ខ្ពស់​​ និង​​យ៉ាង​ម៉ត់​ចត់​”។

ក្រុម​ហ៊ុន​ Vinsmart ផលិត​ស្មាតហ្វូន​ និង​ឧបករណ៍​បច្ចេក​វិទ្យា​

មហា​សេដ្ឋី​លំដាប់​ទី​មួយ​នៅ​វៀត​ណាម​រូប​នេះ បន្ត​ថា Vingroup នឹង​សុខ​ចិត្តខាត​ក្នុង​រយៈ​ពេល​ពី​3-5​ឆ្នាំ​សម្រាប់​វិស័យ​​ឧស្សាហ​កម្ម ហើយ​​អាច​ស្រង់​ដើម​ទុន​បាន​មក​វិញបាន​បន្ទាប់​ពី​ដំណាក់​កាល​នោះ​។ ក៏ប៉ុន្តែ​ពេល​នោះ Vingroup បាន​កាន់​កាប់​ទី​ផ្សារ​វៀត​ណាម​បានយ៉ាង​​ល្អ​ទៅ​ហើយ​ ចំណែក​ទី​ផ្សារ​សហរដ្ឋ​អាមេរិក​ យើង​ក៏​​មាន​កន្លែង​មួយ​សម្រាប់​ឈរ​ជើង​ទៅ​ហើយ​។ គោល​ដៅ​នា​បច្ចុប្បន្ន​របស់​ Vingroup គឺ​ចំណែក​ទីផ្សារ​ មិន​មែន​ប្រាក់​ចំណេញ​នោះ​ឡើយ​។ Vingroup បាន​ដំណើរ​ការ​សាក​ល្បង​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​ ហើយ​វិស័យ​ Smartphone ក៏​បាន​លក់​ចេញ​ 1.2​លាន​គ្រឿង​ហើយ​ដែរ​។

ផែន​ការ​ពាណិជ្ជកម្ម​របស់​ Vingroup សម្រាប់​ឆ្នាំ​2020​នេះ គឺ​ត្រូវ​រក​ចំណូល​ឱ្យ​បាន​ 145​លាន​លាន​ដុង​ (6,303,000,000​ដុល្លារ​អាមេរិក) (កើន​11%​ ធៀប​នឹង​ឆ្នាំ​2019) និង​ចំណេញ​ក្រោយ​ការ​បង់​ពន្ធ​​​ ត្រូវ​ឱ្យ​បាន​5លាន​លាន​ដុង​ (217,000,000​​ដុល្លារ​អាមេរិក​)​ (ថយ​ចុះ​35​%​)។

A Vinhomes apartment complex in District 1, Ho Chi Minh City. Photo by Shutterstock/Evan_Unit01.

ក្រុម​ហ៊ុន​ Vingroup ឱ្យ​ដឹង​ថា ក្នុង​វិស័យអចលន​ទ្រព្យ​ ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ Vinhomes នឹង​បន្ត​បើក​ទ្វារ​លក់​គម្រោង​ថ្មី​ៗ​ដែល​ស្ថិត​ក្នុង​មហា​គម្រោង​ Vinhomes Ocean Park, Vinhomes Smart City និង​ Vinhomes Grand Park។ ចំណែក​គម្រោង Vinhomes Wonder Park នៅ​រដ្ឋធានី​ហាណូយ​ ដែល​ជា​គម្រោង​​តូច​ជាង​​ខាង​លើ​ ក៏​ត្រូវ​បាន​ដាក់​លក់​ផងដែរ​ ខណៈ​ដែល​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ Vincom Retail ជំរុញ​ការ​លក់​រាយ​ និង​ការ​កម្សាន្ត​លំដាប់​អន្តរ​ជាតិ​ជាមួយ​នឹង​រូប​មន្ត​ប្លែក​ថ្មី​ ស្រប​ពេល​ដែល​ Vinpearl ផ្ដោត​ទៅ​លើ​ការ​ជំរុញវិស័យ​ពាណិជ្ជកម្ម​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement