និន្នាការ​ថ្មី​! CEO​ “Live” លក់​ផលិត​ផល ​រក​បាន​ប្រាក់​រាប់​លាន​ដុល្លារ​ ដោយ​ប្រើ​ពេល​តិច​​តួច​ប៉ុណ្ណោះ​

និន្នាការ​ថ្មី​! CEO​

Dong Mingzhu ​ជា​ប្រធាន​ក្រុម​ហ៊ុន​ Gree Electric អាច​លក់​បាន​ទំនិញ​ដែល​ជា​គ្រឿង​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ ដែល​​​តម្លៃ​សរុប​ 43.7​លាន​ដុល្លារ​អាមេរិក​ ដោយ​ការ​ឡាយ​ (livestream) ត្រឹម​តែ​3​ម៉ោង​ប៉ុណ្ណោះ​។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ livestream ត្រូវ​បាន​គេ​និយម​ប្រើ​ប្រាស់​ច្រើន​នៅ​ប្រទេស​ចិន។ បុគ្គល​ល្បី​ៗ​ និង​អ្នក​មាន​ឥទ្ធិពល​នៅ​លើអ៊ីនធើណិត​ តែង​ត្រូវ​បាន​ក្រុម​ហ៊ុន​នានា​ជួល​ឱ្យ​ជួយ​ឃោសនា​អំពី​ផលិត​ផលិត​ផល​របស់​ពួក​គេដោយ​ការ​ផ្សាយ​ផ្ទាល់​លើ​អ៊ីនធើណិត​។ ប៉ុន្តែ ថ្មី​ៗ​នេះ​ មាន​និន្នា​ការ​ថ្មី​មួយ​ទៀត​ដែល​កំពុង​ពេញ​និយម​ នោះ​គឺ​ថ្នាក់ដឹក​នាំ​ក្រុម​ហ៊ុនផ្ទាល់​ ចេញ​មុខ​នៅ​តាម​កម្មវិធី​ផ្សាយ​ផ្ទាល់ (livestream) ​របស់​ពួកគេ​​ដើម្បី​ណែនាំ​ និង​លក់​​ផលិត​ផល​។

Li Jing ដែល​ជា​នាយក​ក្រុម​ហ៊ុន​ជំនាញ​ខាង​តុប​តែង​គ្រឿង​សង្ហារិម​ Mendale Textile រក​បាន​ប្រាក់​3.5​លាន​ដុល្លារ​​តាម​រយៈ​ការ​ឡាយ ដោយ​ចំណាយ​ពេល​ត្រឹម​តែ​4​ម៉ោង​ប៉ុណ្ណោះ កាល​ពី​ខែ​មីនា​។ James Liang ដែល​ជា​ប្រធាន​ក្រុម​ហ៊ុន​ទេស​ចរណ៍ Trip.com រក​បាន​ប្រាក់​​ចំនួន​8.4​លាន​ដុល្លារ​ជូន​ក្រុម​ហ៊ុន​ បន្ទាប់​ពី​បាន​ឡាយ​5លើក​ ដោយ​ក្នុង​1លើក​ៗ​ លោក​ចំណាយ​ត្រឹម​តែ​1ម៉ោង​ប៉ុណ្ណោះ​។ ដូច​គ្នា​នេះ​ដែរ កាល​ពី​ថ្ងៃទី​10​មីនា អ្នក​ស្រី​ Dong Mingzhu ដែល​ជា​មេដឹក​នាំ​របស់​ក្រុម​ហ៊ុន Gree Electric ក៏​រក​បាន​ប្រាក់​43.7​លាន​ដុល្លារ​ បន្ទាប់​ពី​បាន​ឡាយ​លក់​ផលិត​ក្នុង​រយៈ​ពេល​3ម៉ោង​។

និន្នាការ​ថ្មី​! CEO​ "Live" លក់​ផលិត​ផល ​រក​បាន​ប្រាក់​រាប់​លាន​ដុល្លារ​ ដោយ​ប្រើ​ពេល​តិច​​តួច​ប៉ុណ្ណោះ​
អ្នក​ស្រី​ Dong Mingzhu ​ជា​ប្រធាន​ក្រុម​ហ៊ុន​ Gree Electric

កម្មវិធី​ ឬ​​អែប(App) ដែល​ពេញ​និយម​សម្រាប់​ការ​ឡាយ​លក់​ផលិត​ផល​នៅ​ប្រទេស​ចិន នោះ​គឺ​គេហទំព័រ​ពាណិជ្ជ​កម្ម​ Taobao និង​​ JD ខណៈ​ដែល​បណ្ដាញ​សង្គម​ដូច​ជា Douyin (កំណែ​ភាសា​ចិន​របស់​ TikTok) និង​ Kuaishou ក៏​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​កាន់​តែ​ច្រើន​ឡើង​ៗ​ផងដែរ។

Livestream កំពុង​តែ​ផ្លាស់​ប្ដូរ​ទម្លាប់ទិញ​ដូរ​​របស់​អតិថិ​ជន​នៅ​ទូទាំង​ពិភព​លោក ពិសេស​គឺ​មនុស្ស​ទាន់​សម័យ​ និង​យុវ​វ័យ​។ បើ​សិន​ជា​ចង់​ទិញ​ផ្កា​ បន្លែ​ផ្លែ​ឈើ​ គឺ​មាន​ “តារាកសិករ​” ជា​ច្រើន​បង្ហាញ​ខ្លួន​រៀប​រាប់​អំពី​ផលិត​ផល​​នៅ​លើ​គេ​ហទំព័រ Kuaishou​​។ ជាង​នេះ កន្លង​មក​ អ្នក​លេង​អ៊ីនធើណិត​នៅ​ប្រទេស​ចិន​ក៏​ធ្លាប់​បាន​ជួប​ប្រទះ​អតិថិ​ម្នាក់​ ហ៊ាន​ចំណាយប្រាក់​ដល់​ទៅ​​5.6​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​រ៉ុក​កែត​​ពាណិជ្ជ​កម្ម​ Kuaizhou-1A 1ដើម​​ទៀត​ផង​ តាម​រយៈ​ការ​ឡាយ​លក់​មួយ​នៅ​លើ​គេហទំព័រ Taobao។

COVID-19 បាន​ផ្ទុះ​ឡើង​​នៅ​ប្រទេ​សចិន​ បណ្ដាល​ឱ្យ​មនុស្ស​ត្រូវ​នៅ​ផ្ទះ កន្លែង​ធ្វើ​ការ​ត្រូវ​បិទ​ទ្វារ​ នាយក​ក្រុម​ហ៊ុន​នានា​ក៏​ត្រូវ​ស្វែង​រក​យុទ្ធ​សាស្ត្រ​ថ្មី​​ដើម្បី​អាច​រស់​បន្ត​ទៅ​មុខ​។ យុទ្ធ​សាស្ត្រ​មួយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់ច្រើន​​ជាង​គេ​នោះ​គឺ​ការ​​ឃោសនា​លក់​ផលិត​ផល​ ឬ​សេវាកម្ម​ដោយ​ការ​ផ្សាយ​​ផ្ទាល់​​នៅ​លើ​អ៊ីនធើ​ណិត​​ដែល​​​​គេ​ហៅ​ថា “ឡាយ”។ ក្រៅ​ពី​មេដឹក​នាំ​ក្រុម​ហ៊ុន​នានា​ដូច​បាន​រៀប​រាប​ខាង​លើ គេ​ក៏​ឃើញ​មាន​​លោក​ Qian Jinbo​ ដែលជា​ប្រធាន​ក្រុម​ហ៊ុន​ស្បែក​ជើង​ Red Dragonfly រួម​នឹង​លោក Liu Minghui ​ជា​ស្ថាបនិក​ក្រុម​ហ៊ុន China Gas និង​លោក​ Chen Xiaodong ដែលជា​​ CEO របស់​ក្រុម​ហ៊ុន Intime Retail Group ជាដើម​ ក៏​បាន​ចូល​រួម​ក្នុង​ការ​ឡាយ​លក់​ផលិត​ផល​របស់​ពួកគេ​ដែរ​។

CEO បច្ចេកវិទ្យា​រក​បាន​ប្រាក់​រាប់​លាន​ដុល្លារ​ពី​ការ​ "Live" លក់​ផលិត​ផល ដោយ​ប្រើ​ពេល​តិច​​តួច​ប៉ុណ្ណោះ​
 លោក Liu Minghui ​ជា​ស្ថាបនិក​ក្រុម​ហ៊ុន China Gas Holdings

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ អ្នក​ជំនាញ​ក្នុង​វិស័យ​ច្នៃ​ប្រឌិត​​នានា​​យល់​ថា​ ការ​បង្ហាញ​វត្តមាន​របស់​មេដឹក​នាំ​ក្រុម​ហ៊ុន​ អាច​បង្កើត​ឱ្យ​មាន​ភាព​ប្លែក​ភ្នែក​គ្រា​ដំបូង​ៗ ប៉ុន្តែ​បើ​សិន​ជា​ពួកគេ​ចេះ​តែ​និយាយ​អំពី​ប្រធាន​បទ​ដដែល​ៗ​ក្នុង​រយៈ​ពេល​យូរ នោះ​ចំនួន​អ្នក​ចូល​មើល​​ការ​ឡាយ​របស់​ពួកគេ​នឹង​ថយ​ចុះ​បន្តិ​ចម្ដង​ៗ​។ CEO និងមេដឹក​នាំ​ក្រុម​ហ៊ុន​នានា ​ត្រូវ​តែ​មាន​ការ​ច្នៃ​ប្រឌិត​ជា​និច្ច​នៅ​ពេល​ពួក​គេចង់​​រក្សា​ និង​ទាក់​ទាញ​​ទស្សនិក​ជន​។

ឧទាហរណ៍​ដូច​ជា Hou Yi ដែលជា​ CEO របស់​បណ្ដាញ​ផ្សារ​ទំនើប​ Hema នៃ​ក្រុម​ហ៊ុន​ Alibaba បាន​ចូល​រួម​ប្រកួត​បក​សម្បក​បង្កង​នៅក្នុង​ការ​ឡាយ​ជាមួយ​ Viya ដែល​ជា​បុគ្គល​ល្បី​ឈ្មោះ​នៅ​លើ​បណ្ដាញសង្គម​ចិន​ ឬ​ក៏ដូច​ជា James Liang ​ដែល​បានប្រើ​ប្រាស់​សម្លៀក​បំពាក់​តាម​អ្នក​ស្រុក​នៅ​តំបន់​ផ្សេង​ៗ​ដើម្បី​ឃោសនា​អំពី​កញ្ចប់​សេវាកម្ម​ទេសចរណ៍​របស់​ក្រុម​ហ៊ុន Trip.com ។ល។

ពិសេស​ទៀត​នោះ​គឺករណី​របស់​​ Luo Yonghao​ ជា​ CEO របស់​ក្រុម​ហ៊ុន​ទូរស័ព្ទ​ Smartisan ដែល​រក​បាន​ប្រាក់​15.5​លាន​ដុល្លារ​អាមេរិក ​តាម​រយៈ​ការ​ឡាយ​3​ម៉ោង​កាល​ពី​ខែ​មេសា​។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ នោះគឺ​ Luo Yonghao មិន​បាន​លក់​ផលិតផល​​ណា​មួយ​ទាំង​អស់​ ប៉ុន្តែ​ជំនួស​មក​វិញ គាត់​បាន​សហការ​ជាមួយបណ្ដាញ​សង្គម​ Douyin ដើម្បី​បាន​ធ្វើ​ជា​ livestreamer (អ្នក​ផ្សាយ​ផ្ទាល់​/អ្នក​ឡាយ) ដោយ​ការ​លក់​ផលិត​ផល​ច្រើន​មុខ ចាប់​ពី​អាហារ​ រហូត​ដល់​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ផ្សេង​ៗ​។

CEO បច្ចេកវិទ្យា​រក​បាន​ប្រាក់​រាប់​លាន​ដុល្លារ​ពី​ការ​ "Live" លក់​ផលិត​ផល ដោយ​ប្រើ​ពេល​តិច​​តួច​ប៉ុណ្ណោះ​
Luo Yonghao​ ជា​ CEO របស់​ក្រុម​ហ៊ុន​ទូរស័ព្ទ​ Smartisan

ករណី​របស់​ Luo បាន​បង្ហាញ​ថា CEO របស់​បណ្ដា​ក្រុម​ហ៊ុន គឺពិត​ជា​អាច​ក្លាយ​​ជា​បុគ្គល​ដ៏មាន​ឥទ្ធិពល​ខ្លាំង​នៅ​លើ​បណ្ដាញ​អ៊ីនធើណិត​ ដែល​អាច​នាំ​មកនូវ​ប្រភព​ចំណូល​ថ្មី​ និង​ច្រើន​សន្ធឹក​សន្ធាប់​ដល់​ក្រុម​ហ៊ុន​។

យោង​តាម iiMedia Research ទំហំ​ទឹក​ប្រាក់​ដែល​ត្រូវ​បាន​ទូទាត់​តាម​រយៈ​ការ​ឡាយ​លក់​ផលិត​ផល​នៅ​ប្រទេស​ចិន​ បាន​កើន​ដល់​61​ពាន់​លាន​ដុល្លារ​អាមេរិក​​ក្នុង​ឆ្នាំ​2019។ ដោយ​សារ​តែ​​ឥទ្ធិពល​របស់​ COVID-19 វិស័យ​ខាងលើ​នេះ​កំពុង​មាន​ការ​រីក​ចម្រើន​ខ្លាំង​ឡើងៗ​ រហូត​ដល់​មាន​ការ​ព្យាករ​ថា ទំហំ​ទឹក​ប្រាក់់​ដែល​ត្រូវ​បាន​ទូទាត់​​តាម​រយៈ​ការ​ឡាយ​​នឹង​ឡើង​ដល់​129​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​2020​នេះ​៕

ប្រភព៖ សារព័ត៌មាន​បរទេស

Advertisement