ក្រុម​ហ៊ុន GWM ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ

GWM បាន​អភិវឌ្ឍ​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ និង​មាន​ផែនការ​ចាប់​ផ្ដើម​លក់​រថយន្ត​អគ្គិសនី​ដែលផលិត​នៅ​ក្នុង​ប្រទេស​នេះ​ ចាប់​ពី​ខែ​នេះ​តទៅ​។

ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ Great Wall Motor (GWM) កំពុង​ពង្រីក​សកម្មភាព​ជំនួញផ្នែក​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍​ ដោយ​ការ​ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​។ រោង​ចក្រ​ Rayong របស់​ GWM នៅ​ប្រទេស​ថៃ នឹង​ផលិត​រថយន្ត​អគ្គិសនី Ora Good Cat EV 8,000 គ្រឿង​ ដើម្បី​ចូល​រួម​ទទួល​ផល​ប្រយោជន៍​ពី​កញ្ចប់​ជំរុញ​ EV ដំណាក់​កាល​ទីពីរ​របស់​រាជរដ្ឋាភិបាល​ថៃ​។

តម្លៃ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ នឹង​ទាប​ជាង​ 100,000 បាត បើ​ធៀប​នឹង​រថយន្ត​អគ្គិសនី​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​ ដែល​នេះ​នឹង​នាំ​មក​នូវ​​អត្ថប្រយោជន៍​ដល់​ការ​ប្រកួត​ប្រជែង​សម្រាប់​ GWM នៅ​លើ​ទីផ្សារ​។

បណ្ដាញ​ផលិត​រថយន្ត​អគ្គិសនី GWM Ora Good Cat ថ្មី​នេះ ត្រូវ​បាន​សម្ពោធ​បើក​ដំណើរ​ការ​កាល​ពី​ថ្ងៃទី 12 មករា 2024 នៅ​ឯ​រោង​ចក្រ​ GWM ក្នុង​តំបន់​សេដ្ឋកិច្ច​ Eastern Seaboard នៅ​ខេត្ត​ Rayong

GWM បាន​វិនិយោគ​ 22 ពាន់​លាន​បាត​ទៅ​ក្នុង​ទីតាំង​ផលិត​រថយន្ត​អគ្គិសនី និង​អភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ​។ ក្រុម​ហ៊ុន​នេះ​បាន​ដាក់​គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន 80,000 គ្រឿង​ក្នុង​មួយ​ឆ្នាំ បូក​រួម​ទាំង​ Ora Good Cat ផងដែរ​។

រាជរដ្ឋាភិបាល​ថៃ បាន​កំណត់​គោលដៅ​ជំរុញ​ទីផ្សារ​រថយន្ត​អគ្គិសនី​ឱ្យ​សម្រេច​បាន​ 30% នៃ​វិស័យ​ផលិត​រថយន្ត​ក្នុង​ស្រុក​នៅ​ឆ្នាំ 2030​។ គោលនយោបាយ​ដែល​គាំទ្រ​ដល់​គោលដៅ​នេះ​ កំពុង​តែ​ទាក់​ទាញ​ក្រុម​អ្នក​ផលិត​រថយន្ត​ចិន ក្នុង​នោះ ក្រៅ​ពី GWM នេះ ក៏​​នៅ​មាន​ SAIC Motor និង​ BYD ជា​ដើមផងដែរ​​៕

Advertisement