យានចុះចតលើឋានព្រះចន្ទឯកជនអាម៉េរិក ធ្លាក់ត្រលប់មកកាន់ផែនដី

យានអវកាស Peregrine ដែលលេចធ្លាយឥន្ធនៈបន្ទាប់ពីត្រូវបានបាញ់បង្ហោះកាលពីសប្ដាហ៍កន្លង កំពុងធ្លាក់ត្រលប់មកកាន់ផែនដីវិញ។ នេះបើតាមប្រកាសកាលពីថ្ងៃទី 13 មករា របស់ក្រុមហ៊ុន Astrobotic។

Peregrine ត្រូវបានបាញ់បង្ហោះទៅកាន់ឋានព្រះចន្ទកាលពីថ្ងៃទី 08 មករា 2024 ដោយប្រើប្រាស់រ៉ុក្កែត Vulcan Centaur ប៉ុន្តែវាបានជួបបញ្ហាធំ ក្រោយពីផ្ដាច់ខ្លួនពីរ៉ុក្កែតរុញច្រាន។ បញ្ហាលេចធ្លាយឥន្ធនៈបានបញ្ចប់ឱកាស​​ចុះចតលើឋានព្រះចន្ទក្នុងខែក្រោយរបស់ Peregrine។

«លទ្ធផលនៃការវាយតម្លៃរបស់យើងគឺថា យានអវកាសកំពុងនៅលើផ្លូវធ្លាក់ត្រលប់មកកាន់ផែនដី ហើយអាច​ឆេះ​ក្នុងបរិយាកាស» ភាគីខាងក្រុមហ៊ុន Astrobotic ឱ្យដឹងដូច្នេះ។

Astrobotic មិនបាននិយាយដល់ពេលវេលាដែលយាន Peregrine របស់ពួកខ្លួនអាចធ្លាក់ឆ្លងកាត់បរិយាកាសផែនដីនោះទេ ប៉ុន្តែក្រុមវិស្វកររបស់ក្រុមហ៊ុននេះកំពុងបន្តកិច្ចការជួយសង្គ្រោះយាន តាមដែលអាចធ្វើទៅបាន។

គិតត្រឹមថ្ងៃទី 14 មករា 2024 យាន Peregrine កំពុងស្ថិតនៅក្នុងចម្ងាយពីផែនដីប្រហែល 389,000 គីឡូ​ម៉ែត្រ និងស្ថិតនៅផ្នែកខាងក្រៅនៃគន្លងគោចររបស់ព្រះចន្ទ៕

Advertisement