ជនសង្ស័យ​ឆបោកប្រជាជនថៃនៅក្នុងក្រុមហ៊ុន​ ដឺ អាយ​ខុន​ គ្រុប (The iCon Group) ចំនួន១៨​នាក់​ ត្រូវបានប៉ូលីស​បញ្ជូន​ទៅ​ពន្ធនាគារ​ជាផ្លូវការហើយ

តើប្រិយមិត្តអ្នកអានទាំងអស់បានតាមដានដែរឬទេ នូវរឿងដ៏កក្រើកមួយនៅក្នុងប្រទេសថៃដែលជាប្រទេសជិតខាងរបស់ប្រទេសកម្ពុជាយើង? នោះគឺរឿងដ៏ចម្រូងចម្រាសរបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះ និងធំមួយរបស់ប្រទេសថៃ ដែលមានឈ្មោះថា “ដឺ អាយ​ខុន​ គ្រុប” (The iCon Group) ដែលទទួលបាននូវពាក្យបណ្តឹងពីសំណាក់ប្រជាជនថៃរាប់ពាន់នាក់ថា ជាក្រុមហ៊ុនឆបោក និងបានបោកប្រាស់លុយកាក់របស់ប្រជាជនថៃរហូតដល់ជាង១.៦១ពានលានបាត។

នៅពេលថ្មីៗនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុន​ ដឺ អាយ​ខុន​ គ្រុប លោក Warathaphon Waratyaworrakul “ហៅ Boss Paul” បានបង្ហាញខ្លួននៅតុលាការជាលើកដំបូងនៅថ្ងៃសុក្រ ទី១៨ ខែតុលាកន្លងទៅថ្មីៗនេះ ដើម្បីវែកមុខរកអ្នកចូលរួមឆបោកប្រជាជនថៃនៅក្នុងគម្រោង ដឺ អាយ​ខុន​ គ្រុប បន្ថែមទៀត។

ប៉ូលីសក៏បាននាំខ្លួនជនសង្ស័យចំនួន១៧នាក់ផ្សេងទៀតទៅកាន់តុលាការកាលពីរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការសាកសួរស៊ើបអង្កេត និងធ្វើការឃុំខ្លួន ខណៈដែលស្ថាបនិក និងជានាយកប្រតិបត្តិ ដឺ អាយ​ខុន​ គ្រុប លោក Warathaphon Waratyaworrakul “Boss Paul” កំពុងត្រូវបានសាកសួរដោយក្រុមស៊ើបអង្កេតនៅឡើយ។

ក្នុងនោះក៏មានតារាល្បីឈ្មោះ លោក Yuranan Pamornmontri “ហៅ Boss Sam” កញ្ញា Pechaya Wattanamontri “ហៅ Boss Min” និងលោក Kan Kantathavorn “ហៅ Boss Kan” ព្រមទាំងជនសង្ស័យចំនួន១៤នាក់ផ្សេងទៀតនៅក្នុងសំណុំរឿងក្លែងបន្លំ ដឺ អាយ​ខុន​ គ្រុប ត្រូវបានបញ្ជូនទៅតុលាការព្រហ្មទណ្ឌនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលាកន្លងទៅនេះ ដោយអ្នកទាំងអស់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំងហើយ។

ជនសង្ស័យចំនួន១៨នាក់នៅក្នុងសំណុំរឿងក្លែងបន្លំ និងឆបោក ដឺ អាយ​ខុន​ គ្រុប ត្រូវបានបញ្ជូនទៅពន្ធនាគារបន្ទាប់ពីតុលាការព្រហ្មទណ្ឌបានបដិសេធសំណើសុំនៅក្រៅឃុំដែលដាក់ដោយតារាល្បីបីនាក់ ដោយលើកឡើងពីហានិភ័យនៃការហោះហើរ ខណៈដែលអ្នកផ្សេងទៀតមិនបានដាក់ពាក្យសុំដោះលែងនោះទេ។

សេចក្តីសម្រេចនេះបានធ្វើឡើងនៅថ្ងៃដែលនាយកដ្ឋានស៊ើបអង្កេតពិសេស DSI បានកំណត់ទីតាំងម៉ាស៊ីនមេដែលមានកំណត់ត្រាអាជីវកម្មរបស់ក្រុមហ៊ុនលក់អនឡាញ ដែលត្រូវបានចោទប្រកាន់ពីបទដំណើរការគម្រោងពីរ៉ាមីត។ អាជ្ញាធរ​ថៃក៏​បាន​រឹបអូស​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃសរុប​២២០​លាន​បាត រួម​ទាំង​រថយន្ត​ទំនើបៗ​ជា​ច្រើនគ្រឿងពីជនសង្ស័យទាំងនោះ​ផង​ដែរ។

ជនសង្ស័យទាំង១៨រូប ដែលត្រូវបានគេហៅថា “ចៅហ្វាយនាយ – The Boss” នៅក្នុងឋានានុក្រមរបស់ ដឺ អាយ​ខុន​ គ្រុប ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការក្លែងបន្លំ និងបញ្ចូលព័ត៌មានមិនពិតទៅទៅដល់ប្រជាជនទូទៅឱ្យជឿស្លុង និងធ្វើការបណ្តាក់ទុនជាមួយក្រុមហ៊ុន ដឺ អាយ​ខុន​ គ្រុប ហើយអ្នកទាំង១៨រូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីមនុស្សជាង១,០០០នាក់បានដាក់ពាក្យបណ្តឹងរឿងក្លែងបន្លំប្រឆាំងនឹងក្រុមហ៊ុន ដឺ អាយ​ខុន​ គ្រុប។ ពួកគេនិយាយថា ដឺ អាយ​ខុន​ គ្រុប បានទាក់ទាញពួកគេដោយផ្តល់វគ្គបណ្តុះបណ្តាលលក់អនឡាញថោកៗ ហើយបន្ទាប់មកបានបង្ខិតបង្ខំពួកគេឱ្យធ្វើការប្តេជ្ញាចិត្តក្នុងការកាត់ស្តុកផលិតផលយកទៅលក់បន្ត ដែលនាំឱ្យពួកគេត្រូវខាតបង់ប្រាក់កាសរាប់រយពាន់បាត៕

អានបន្ត៖ វគ្គបង្ហាញមុខជនសង្ស័យទាំង ១៨រូប នៅក្នុងគម្រោងក្លែងបន្លំ និងឆបោក របស់ក្រុមហ៊ុន ដឺ អាយ​ខុន​ គ្រុប ក្រុមហ៊ុនទីផ្សារបែបពីរ៉ាមីតដ៏ធំរបស់ប្រទេសថៃ

Leave a Comment