Tesla គឺជា​ម៉ាក​រថយន្ត​ដែលត្រូវ​បាន​កំណត់​​​តម្លៃ​ខ្ពស់​ជាងគេ​​បង្អស់​លើ​ពិភព​លោក

រថយន្ត​អគ្គិសនី​ Tesla

Tesla បានឈ្នះ Mercedes-Benz និង Toyota ហើយ​បាន​​ក្លាយជា​ម៉ាក​រថយន្ត​ដែលមាន​តម្លៃ​បំផុត​នៅ​ទូទាំង​សកលលោក។ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​អាម៉េរិក Tesla បាន​លោត​ឡើង​ពីរ​កាំ​នៅក្នុង​បញ្ជី​ស្ដីពី​បណ្ដា​ម៉ាកយីហោ​​រថយន្តដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​ ហើយ​បច្ចុប្បន្ន​ត្រូវបាន​កំណត់​តម្លៃ 66.2 ពាន់​លាន​ដុល្លារ​អាម៉េរិក។

Tesla បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន​ដំណាក់កាល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ប៉ុន្តែ មកដល់​ឆ្នាំ 2023 ក្រុមហ៊ុន​នេះ​ត្រូវបាន​វាយតម្លៃថា «វិជ្ជមាន»។ ថ្វីបើ​តម្លៃ​ភាគហ៊ុន​របស់ Tesla នៅតែ​មិន​កើនឡើង​ខ្លាំង​ដូច​ការរំពឹងទុក​រប​ស់​អ្នកវិនិយោគ​មួយចំនួន តម្លៃ​របស់​យីហោ Tesla ក៏​កំពុងតែ​កើនឡើង ខណៈដែល​បណ្ដា​ម៉ាក​រថយន្ត​ដទៃ​កំពុង​ធ្លាក់ចុះ។

តម្លៃ​របស់​ក្រុមហ៊ុន Tesla បាន​កើន​ប្រហែល 44% ហើយ​ក៏​​នាំមុខគេ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់ នេះ​បើតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Brand Finance ។ របាយការណ៍​របស់ Brand Finance ឱ្យដឹងថា នេះ​គឺជា​លើកដំបូង​ដែល Tesla ឈរលើ​កំពូល​តារាង​ស្ដីពី​បណ្ដាម៉ាក​​រថយន្ត​ដែលមាន​តម្លៃ​ខ្ពស់បំផុត ហើយក៏​ជា​លើកទីមួយ​ដែល​បាន​ក្លាយ​ជា​​ក្រុមហ៊ុន​ផលិត​រថយន្ត​នាំមុខគេ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​សុទ្ធ។

Brand Finance ក៏បាន​បញ្ជាក់ថា តម្លៃ​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន Tesla គឺ​ខ្ពស់ជាង​ប្រាំ​ដង​ធៀប​នឹង​តម្លៃ​នៅមុន​វិបត្តិ​កូ​វីដ​-​19។ ម៉ាក​រថយន្ត Mercedes-Benz ដែល​ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​កាលពី​ឆ្នាំមុន បច្ចុប្បន្ន​ថយចុះ 3% មក​នៅត្រឹម 58.8 ពាន់​លាន​ដុល្លារ​អាម៉េរិក។

តារាង​ចំណាត់​ថ្នាក់​ស្ដី​ពី​បណ្ដា​ម៉ាក​រថយន្ត​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក

ចំណែក Toyota វិញ ឆ្នាំនេះ​នៅតែ​រក្សាបាននូវ​កម្រិត​ដូច​ទៅ​នឹង​​ចំណាត់ថ្នាក់​លេខ​ពីរ​​របស់​ខ្លួន​កាលពី​ឆ្នាំ 2022 តែ​តម្លៃ​ម៉ាក​របស់​វា​បាន​ធ្លាក់​ថ្លៃ​អស់ 18% មក​នៅត្រឹម 52.5 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

Advertisement