Toshiba ជិត «លក់ខ្លួន» ក្នុងតម្លៃ​ជាង 15 ពាន់​លាន​ដុល្លារ​អាម៉េរិក

ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​អាយុកាល 140 ឆ្នាំ​របស់​ជប៉ុន Toshiba ជិត​បញ្ចប់​ដំណាក់កាល​លំបាក​នៅពេល​ព្រម​ទទួលយក​សំណើសុំ​ទិញ​ក្នុងតម្លៃ​ពីរ​ទ្រី​លាន (2,000,000,000,000) យេន។

យោងតាម​ប្រកាស​កាលពី​ថ្ងៃទី 23 មីនា ក្រុមប្រឹក្សាភិបាល Toshiba ឱ្យដឹងថា បាន​​អនុម័ត​សំណើ​ទិញ​របស់​ក្រុមហ៊ុន​មួយក្រុម​ដែល​ដឹកនាំ​ដោយ Japan Industrial Partners (JIP)។ Toshiba ឱ្យដឹងថា ក្រុមហ៊ុន​ជប៉ុន 17 ស្ថាប័ន និង​ធនាគារ​ក្នុង​ស្រុក 6 ស្ថាប័ន​ នឹងចូលរួម​អនុវត្ត​ដំណើរការ​ទិញដូរ​មួយ​នេះ។

តម្លៃ​ពីរ​ទ្រី​លាន​យេន (15.3 ពាន់​លាន​ដុល្លារ​អាម៉េរិក) នេះ ​គឺ​ស្មើនឹង 4,620 យេន/ហ៊ុន (ភាគហ៊ុន​របស់ Toshiba)។ តួលេខ​នេះ​ក៏​ខ្ពស់ជាង 9.7% ធៀប​នឹង​តម្លៃ​ភាគហ៊ុន Toshiba កាលពី​ថ្ងៃទី 23 មីនា 2023។

 

ករណី​ទិញដូរ​ក្រុមហ៊ុន​នេះ​អាចជា​ការបញ្ចប់​ដំណាក់កាល​លំបាក​ច្រើន​ឆ្នាំ​របស់ Toshiba។ ច្រើន​ឆ្នាំ​មកនេះ ក្រុមប្រឹក្សាភិបាល​របស់ Toshiba រួម​នឹង​រាជរដ្ឋាភិបាល​ជប៉ុន និង​ភាគ​ហ៊ុ​និកធំៗនៅ​បរទេស ខ្វែងគំនិត​គ្នា​ទាក់ទង​នឹង​អនាគត​របស់​ក្រុមហ៊ុន​នេះ។ ក្រុម​អ្នកវិនិយោគ​ចង់​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​រក​​ប្រាក់ចំណូល ខណៈដែល​រាជរដ្ឋាភិបាល​ជប៉ុន​បែរជា​ផ្ដល់​អាទិភាព​ដល់​ការរក្សា​បណ្ដាញ​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យាសំខាន់ៗ មិនឱ្យ​ធ្លាក់​ទៅ​ក្នុង​ដៃ​បរទេស។

យោងតាម Bloomberg បើសិន​ការទិញ​ដូរ​នេះ​បាន​ជោគជ័យ វា​នឹង​ក្លាយ​ជាមួយ​ក្នុងចំណោម​ការទិញ​ដូរ​ក្រុមហ៊ុន​ធំ​បំផុត​នៅ​អាស៊ី​ក្នុងឆ្នាំនេះ។ វា​ក៏​នឹង​ក្លាយ​ជាមួយ​ក្នុងចំណោម​ការទិញ​ដូរ​ភាគហ៊ុន​ក្រុមហ៊ុន​ឯកជន​ធំ​បំផុត​នៅ​ប្រទេស​ជប៉ុន គិត​មក​ដល់​បច្ចុប្បន្ន។

កាលពីដើម​ឆ្នាំមុន ភាគ​ហ៊ុ​និក​នានា​មិនបាន​យល់ព្រមតាម​​សំណើ «បំបែក» Toshiba របស់​ក្រុមប្រឹក្សាភិបាល ដែល​ជា​​វិធីសាស្ត្រ​ជំនួស​ឱ្យ​ការ «លក់ខ្លួន» ទៅឱ្យ​មូលនិធិ​ឯកជន ដែល​ក្រុម​អ្នកវិនិយោគ​ចង់បាន។ បរាជ័យ​របស់​ផែនការ​នេះ​បាន​ជំរុញ​ឱ្យ​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ស្វែងរក​ជម្រើស​ដទៃទៀត​ដើម្បី​ចាត់ចែង​អនាគត​របស់ Toshiba ក្នុងនោះ​ក៏មាន​ការលក់ខ្លួន​ផងដែរ​។ JIP ត្រូវបាន​ជ្រើសរើស​ជា​អ្នកទិញ​អាទិភាព​កាលពី​ខែតុលា 2022៕

Advertisement