រថយន្ត​អគ្គិសនី​កំពុង​ផ្ទុះ​ការពេញនិយម​ខ្លាំង​នៅ​ទីផ្សារ​​ប្រទេស​ថៃ និង​ឥណ្ឌូណេស៊ី

រថយន្ត​អគ្គិសនី​ចិន​ទទួលបាន​ការ​គាំទ្រ​ច្រើន​នៅ​ប្រទេស​ថៃ

ទីផ្សារ​អាស៊ីអាគ្នេយ៍​ចំនួន​ពីរ​គឺ ប្រទេស​ថៃ និង​ឥណ្ឌូណេស៊ី កំពុង​គាំទ្រ​រថយន្ត​អគ្គិសនី​ជាខ្លាំង ដោយបរិមាណ​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​ មាន​កំណើន​ខ្ពស់​នៅក្នុង​ឆ្នាំ 2022។

បរិមាណ​រថយន្ត​​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធដែល​បាន​លក់​ចេញ​​នៅ​ប្រទេស​ថៃ និង​ឥណ្ឌូណេស៊ី ក្នុង​ឆ្នាំ 2022 បាន​កើនឡើង​លើសពី​ការរំពឹងទុក​ដំបូង នេះ​បើតាម​ទិន្នន័យ​ដែល​ក្រុមហ៊ុន​ប្រឹក្សា​រថយន្ត LMC Automotive ប្រមូលបាន។ មួយផ្នែកធំ​នៃ​ជោគជ័យ​នេះ​គឺ​បានមកពី​បណ្ដា​ក្រុមហ៊ុន​ចិន និង​កូរ៉េខាងត្បូង ខណៈដែល​បណ្ដា​ក្រុមហ៊ុន​រថយន្ត​ជប៉ុន ហាក់​បាន​អន់ថយ​ទាំងស្រុង​នៅ​ចំពោះមុខ​គូប្រជែង។

យោងតាម LMC បរិមាណ​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​នៅ​ប្រទេស​ថៃ បាន​កើនឡើង​លើសពី 5,200 គ្រឿង​ត្រឹម​ដំណាច់​ខែសីហា 2022 និង​កើន​ដល់ 13,000 គ្រឿង​នៅ​ដំណាច់ឆ្នាំ 2022 ដែល​ស្មើនឹង​កំណើន​ប្រហែល 700% ធៀប​នឹង 1,900 គ្រឿងក្នុង​ឆ្នាំ 2021។

ចំណែក​បរិមាណ​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​នៅ​ឥណ្ឌូណេស៊ី​វិញ​គឺ​ទាប​ជាង​ថៃ​បន្តិច ប៉ុន្តែ​បាន​ផ្ទុះ​ការពេញនិយម​ខ្លាំង​នៅ​ចុងឆ្នាំ 2022។ ក្នុង 8 ខែ​ដំបូង​នៃ​ឆ្នាំ 2022 រថយន្ត​អគ្គិសនី​ប្រហែល 1,600 គ្រឿង​ត្រូវបាន​លក់​​ចេញ ប៉ុន្តែ 4 ខែ​ចុងក្រោយ​បានធ្វើឱ្យ​បរិមាណ​រថយន្ត​សរុប​ដែល​បាន​លក់​ចេញ​កើន​ដល់ 9,000 គ្រឿង ស្មើនឹង​កំណើន 13.5 ដង ធៀប​នឹង 667 គ្រឿង​ដែល​បាន​លក់​ចេញ​ក្នុង​ប៉ុណ្ណោះ​ឆ្នាំ 2021។

Hyundai បានចាប់ផ្ដើម​ដំឡើងរថយន្ត​អគ្គិសនី IONIQ 5 នៅ​ឥណ្ឌូណេស៊ី

កំណើន​ខាងលើ​នៅ​ប្រទេស​ថៃ គឺ​ដោយសារ​គោលនយោបាយ​ជំរុញ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី និង​ទាក់ទាញ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​បរទេស។ នៅ​ប្រទេស​ថៃ រថយន្ត​អគ្គិសនី​ចិន​ក្ដោប​ក្ដាប់​ចំណែក​ទីផ្សារ​បាន 87% ក្នុង​ចំណោម​រថយន្ត​អគ្គិសនី​សរុប​ដែលបាន​លក់​ចេញ​។

​ឥណ្ឌូណេស៊ី​ក៏​កំពុង​ត្រៀម​អនុវត្ត​កញ្ចប់​ជំនួយ​នានា​ទាក់ទង​នឹង​រថយន្ត​អគ្គិសនី។ ទីផ្សារ​នេះ​ក៏​ជា​កន្លែង​ដែល Hyundai បានចាប់ផ្ដើម​ដំឡើងរថយន្ត​អគ្គិសនី IONIQ 5 ហើយ​រថយន្ត​ម៉ូ​ដែល​នេះ​ក៏​ជា​រថយន្ត​ដែល​លក់ដាច់​ជាង Honda CR-V ទៅទៀត​នៅក្នុង​ខែឧសភា 2022៕

Advertisement