ពិភពលោក​កំពុង​ខ្វះ​យន្តហោះ នៅ​ពេល​តម្រូវ​ការ​ទេសចរណ៍​កំពុង​ងើប​ឡើងវិញ

ខាងក្នុងរោង​ចក្រ​ផលិត​យន្តហោះ​របស់ Airbus

ពិភពលោក​ទាំងមូល​កំ​ពុង​ខ្វះ​យន្តហោះ​យ៉ាងធ្ងន់ធ្ងរ​នៅពេល​តម្រូវការ​ផ្នែក​ទេសចរណ៍​ងើបឡើង​វិញ ហើយ​​ប្រទេស​ចិន ក៏​បាន​បើកទ្វារ​ជាថ្មី នេះ​បើតាម Bloomberg។

បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​លើ​ពិភពលោក តាំងពី United Airlines រហូតដល់ Air India កំពុង​បញ្ជា​ទិញ ឬ​រក​វិធី​ដើម្បី​បញ្ជា​ទិញ​យន្តហោះ​រាប់រយ​គ្រឿង​ពី Boeing និង Airbus។ ប៉ុន្តែ ដោយសារ​បណ្ដាញ​ផ្គត់ផ្គង់​មានកំណត់ អតិថិជន​ត្រូវ​រង់ចាំ​ច្រើន​ឆ្នាំ​ទើប​អាច​ទទួលបាន​ទំនិញ​នេះ។

ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Jefferies គណនា​ឃើញថា បច្ចុប្បន្ន​ ការបញ្ជាទិញ​យន្តហោះ​កំពុង​កកស្ទះ​ប្រហែល 12,270 គ្រឿង។ ដើមខែ​នេះ Airbus បាន​លុបចោល​គោលដៅ​ប្រគល់​យន្តហោះ​ប្រតិកម្ម​រហ័ស 700 គ្រឿងក្នុង​ឆ្នាំនេះ ដោយ​លើក​មូល​ហេតុថា មាន​បញ្ហា​បណ្ដាញ​ផ្គត់ផ្គង់។

Steve Udvar-Hazy ស្ថាបនិក​របស់​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ជួល​យន្តហោះ Air Lease បានឱ្យដឹងថា «យើង​មិនទាន់​បានទទួល​យន្តហោះ​ណាមួយ​តាម​កាលកំណត់​នៅឡើយ បើ​ទោះ​វា​ជា 737 Max, 787 ឬ A330, A350»។

ទោះជា​យ៉ាងណាក៏ដោយ យន្តហោះ​រាប់ពាន់​គ្រឿង​កំពុង​ត្រូវបាន​បណ្ដា​ក្រុមហ៊ុន​ចត​នៅលើ​សមុទ្រ​ខ្សាច់​មួយចំនួន​នៅ​ជុំវិញ​ពិភពលោក ចាប់តាំងពី​កូ​វីដ-19 បាន​ផ្ទុះឡើង ដែល​បណ្ដាលឱ្យ​ប្រទេស​នានា​បិទ​ព្រំដែន។ ក្រុមហ៊ុន​ទាំងនេះ​មិនទាន់​ប្រើប្រាស់​យន្តហោះ​ទាំងនោះ​ឡើងវិញនៅឡើយ ដោយសារតែ​ត្រូវការ​ត្រួតពិនិត្យ ថែទាំ ឬ​ជួសជុល ក្រោយ​ការផ្អាក​ការហោះហើរ​ច្រើន​ឆ្នាំ។

យោងតាម Bloomberg ប្រការ​ខាងលើនេះ​ធ្វើឱ្យ​ថ្លៃ​សំបុត្រ​យន្តហោះ​កាន់តែ​ឡើង​ខ្ពស់ ហើយ​កាន់តែ​ខ្ពស់​ខ្លាំង​ទៀត​នៅពេល ប្រទេស​ចិន បើកទ្វារ​ព្រំដែន​ទាំងស្រុង​ឡើងវិញ។

ឆ្នាំនេះ Boeing ក៏​ទទួលបាន​ការបញ្ជាទិញ​យន្តហោះ​ប្រហែល 850 គ្រឿង រួមបញ្ចូល​ទាំង​កិច្ចព្រមព្រៀង​ទិញ​លក់​យន្តហោះ 100 គ្រឿង​ជាមួយនឹង United Airlines នៅ​ខែធ្នូ​នេះ៕

Advertisement