CEO របស់ Xiaomi ចាត់ទុក iPhone ជា​ស្ដង់ដា​សម្រាប់​ប្រកួតប្រជែង

លោក Lei Jun នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ចិន Xiaomi

សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Xiaomi លោក Lei Jun បានចាត់ទុក iPhone ជា​ស្ដង់ដា​របស់​វិស័យ​បច្ចេកវិទ្យា​ទូរស័ព្ទ និង​ប្ដេជ្ញាចិត្ត​ប្រកួតប្រជែង​ជាមួយនឹង​ផលិតផល​របស់ Apple។

«មិន​ថា​ជា​ផ្នែក​ទន់ ឬ​ផ្នែក​រឹង យើង​ចាត់ទុក iPhone ជា​ស្ដង់ដា» លោក Lei Jun ថ្លែង​ដូច្នេះ​នៅក្នុង​ព្រឹត្តិការណ៍​បង្ហាញ Xiaomi 13 Pro កាលពី​ចុង​សប្ដាហ៍​កន្លង។ សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់ Xiaomi រូបនេះ​ក៏បាន​អះអាងថា គំនិត​នេះ​គឺជា «ចំណុច​ចាប់ផ្ដើម ហើយ​តាមរយៈ​នេះ​យើង​អាចមាន​ឱកាស​ដើម្បី​យកឈ្នះ iPhone នាពេល​អនាគត»។

យោងតាម SCMP ក្រៅពី​ការចាត់ទុក iPhone ជា​ស្ដង់ដា ក្រុមហ៊ុន​ចិន​មួយ​នេះ​ក៏បាន​ចាត់ទុក Apple ជា​គូប្រជែង​ផងដែរ។ នៅក្នុង​ព្រឹត្តិការណ៍​ខាងលើ លោក Jun បាន​សន្យាថា «នឹងធ្វើ​ចិត្ត​ឱ្យ​ក្លាហាន និង​ប្ដេជ្ញាចិត្ត» ដើម្បី​ធ្វើសង្គ្រាម​ជាមួយនឹង​បណ្ដា​ម៉ូ​ដែល iPhone របស់ Apple។

Xiaomi 13 និង 13 Pro គឺជា​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​ថ្មី​ក្នុង​ត្រកូល​លំដាប់​ខ្ពស់​របស់​ក្រុមហ៊ុន​ចិន និង​មានតម្លៃ​បន្តបន្ទាប់​គឺ 3,999 យន់ និង 4,999 យន់។ ផលិតផល​ទាំងនេះ​មានតម្លៃ​ទាប​ជាង​ធៀប​នឹង iPhone 14 ដែលមាន​តម្លៃ​ចាប់ពី 5,999 យន់ នៅ​ប្រទេស​ចិន។

ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ផលិតផល​ថ្មី​នេះ Xiaomi ក៏បាន​ណែនាំ​ពី​នាឡិកា​ឆ្លាត​វៃ Watch S2 និង​កាស​គ្មាន​ខ្សែ Buds 4 ផងដែរ៕

Advertisement