ក្រុម​ហ៊ុន​អាម៉េរិក Tesla ដាក់លក់​រថយន្ត​អគ្គិសនីនៅ ​ទីផ្សារ​ប្រទេស​ថៃ ​ជា​ផ្លូវការ

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla បានបង្ហាញ​រថយន្ត​អគ្គិសនី​ចំនួន 2 ម៉ូ​ដែល​របស់ខ្លួន​នៅ ប្រទេស​ថៃ កាលពី​ថ្ងៃទី 07 ធ្នូ ដែល​នេះ​គឺជា​ជំហាន​ដំបូង​របស់​ក្រុមហ៊ុន​នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​អ្នក​ផលិត​រថយន្ត​ជប៉ុន តាំងពី​យូរ​មកហើយ។

ការបង្ហាញ​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដែលមាន​តម្លៃ​ពី 1.7 លាន​បាត ដល់ 2.5 លាន​បាត (ប្រហែល 48,447 ដុល្លារ ដល់ 71,205 ដុល្លារ​អាម៉េរិក) ខាងលើនេះ ត្រូវបាន​ធ្វើឡើង​នៅពេល ប្រទេស​ថៃ ជំរុញ​ការប្រើប្រាស់ និង​ផលិត​រថយន្ត​អគ្គិសនី​ដោយ​ការកាត់បន្ថយ​អត្រាពន្ធ និង​ការ​ផ្ដល់ជំនួយផ្សេង។

នៅក្នុង​ទីផ្សារ​ប្រទេស​ថៃ Tesla Model 3 និង Model Y ដែល​ត្រូវ​បានបង្ហាញ​គឺមាន 3 កំណែ ៖ RWD, Long Range AWD និង Performance។

Tesla មាន​គម្រោង​ចាប់ផ្ដើម​លក់​រថយន្ត​អគ្គិសនី​របស់ខ្លួន​នៅក្នុង​ទីផ្សារ​ធំជាងគេ​លំដាប់​ទី​ពីរ​របស់ អាស៊ីអាគ្នេយ៍ តាមរយៈ​ថ្នាល​បច្ចេកវិទ្យា ហើយ​ការប្រគល់​ទំនិញ​នឹង​ចាប់ផ្ដើម​ពី​ដើមឆ្នាំ 2023។

នៅក្នុង​ទីផ្សារ​ថៃ Tesla នឹងត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​បណ្ដា​ក្រុមហ៊ុន​ចិន មានដូចជា BYD និង Great Wall Motors ជាដើម ដែល​ក្រុមហ៊ុន​ទាំងនេះ​លក់​រថយន្ត​ដែលមាន​តម្លៃ​ចាប់ពី 23,000 ដុល្លារ​អាម៉េរិក។

ថៃ គឺជា​កន្លែង​ផលិត និង​ដំឡើងរថយន្ត​ធំជាងគេ​លំដាប់​ទី 4 នៅ អាស៊ី សម្រាប់​បណ្ដា​ក្រុមហ៊ុន​ដូចជា Toyota និង Honda ជាដើម។ ប្រទេស​ថៃ ផលិត​រថយន្ត​បាន​ចាប់ពី​ប្រហែល 1.5 ដល់ 2 លាន​គ្រឿង​ជា​រៀងរាល់ឆ្នាំ ក្នុងនោះ ប្រហែល​ពាក់កណ្ដាល​ត្រូវបាន​នាំ​ចេញទៅ​បរទេស៕

Advertisement