ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​​របស់ វៀតណាម ដាក់ពាក្យ​សុំ​ធ្វើ IOP នៅ សហរដ្ឋ​អាម៉េរិក

ក្រុមហ៊ុន VinFast Trading & Investment ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ សិង្ហ​បុរី ទើបតែ​បានដាក់​ពាក្យស្នើសុំ​បោះផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ​លើកដំបូង (IPO) នៅ សហរដ្ឋ​អាម៉េរិក។

ការដាក់​ពាក្យ​ឡើងទៅ​កាន់​គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក (SEC) នេះ ទើបតែ​ត្រូវបាន​ក្រុមហ៊ុន VinFast ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​វៀតណាម Vingroup របស់​មហាសេដ្ឋី ហ្វា​ម ញ៉ឹ​ត​វឿ​ង ប្រកាស​នាពេលថ្មីៗនេះ ប៉ុន្តែ ចំនួន​ហ៊ុន​ដែល​បោះផ្សាយ​លក់ និង​តម្លៃ​មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ។

VinFast ក៏បាន​ឱ្យដឹងថា ពួកគេ​គ្រោង​ធ្វើ IPO នៅលើ​ផ្សារ​ហ៊ុន Nasdaq Global Select Market និង​មានឈ្មោះ​កូដ​ថា VFS។

Nasdaq និង NYSE (ផ្សារ​ហ៊ុន​ញូវយ៉ក) គឺជា​ផ្សារ​ហ៊ុន​ដែល​ធំជាងគេ​នៅ សហរដ្ឋ​អាម៉េរិក។ គិត​មកដល់​ចុងខែ​តុលា 2022 ផ្សារ​ហ៊ុន​ទាំងពីរ​នេះ​មានតម្លៃ​មូលធន​ទីផ្សារ​សរុប​ជិត​ស្មើនឹង 40 ទ្រី​លាន (40,000,000,000,000) ដុល្លារ​អាម៉េរិក ក្នុងនោះ Nasdaq មានតម្លៃ​ជាង 17 ទ្រី​លាន​ដុល្លារ។ ប៉ុន្តែ បើ​គិត​ទៅលើ​ល្បឿន​នៃ​ការរីកចម្រើន គេ​ឃើញថា Nasdaq មាន​វឌ្ឍនភាព​លឿន​ជាង NYSE នៅពេល​តម្លៃ​មូលធន​ទីផ្សារ​របស់ Nasdaq កាលពី 4 ឆ្នាំមុន មានតែ​ជាង 11 ទ្រី​លាន​ដុល្លារ​ប៉ុណ្ណោះ។

រថយន្តអគ្គិសន VinFast 999 គ្រឿង​ ដែល​ត្រូវ​បាន​នាំ​ទៅ​កាន់​ទីផ្សារ​អាម់េរិក កាល​ពី​ពេល​ថ្មី​ៗ​នេះ

បច្ចុប្បន្ន VinFast ផលិត​យានយន្ត​អគ្គិសនី​ច្រើន​ប្រភេទ បូករួម​ទាំង​រថយន្ត​ក្រុង​អគ្គិសនី ម៉ូតូ​អគ្គិសនី និង​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​យានយន្ត​អគ្គិសនី​ផងដែរ៕

Advertisement