គ្រាន់តែ​កន្លែង​ចត​ឡាន​មួយ​សោះ មានតម្លៃ​រហូតដល់​ជាង 300,000 ដុល្លារ​អាម៉េរិក

(សហរដ្ឋ​អាម៉េរិក) – ទឹកប្រាក់ 300,000 ដុល្លារ​អាម៉េរិក គឺ​គ្រប់គ្រាន់​សម្រាប់​ទិញ​ផ្ទះមួយ​ខ្នង​ដ៏​ស្រស់ស្អាត និង​ធំ​ទូលាយ​នៅ កម្ពុជា ប៉ុន្តែ ចំនួន​ទឹកប្រាក់​នេះ​អាច​ទិញ​បានតែ​កន្លែង​ចត​ឡាន​មួយ​ប៉ុណ្ណោះ​នៅ​ទីក្រុង New York សហរដ្ឋ​អាម៉េរិក។

ទីក្រុង New York ថ្មីៗនេះ​បានក្លាយ​ជាទី​ដែល​ការចំណាយ​លើ​ការចត​ឡាន មាន​កម្រិត​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក។ យោងតាម Parkopedia ជា​មធ្យម ម្ចាស់​ឡាន​នៅទីនេះ​នឹងត្រូវ​បង់ថ្លៃ​ប្រហែល 43.1 ដុល្លារ​សម្រាប់​ការចត​ឡាន 2 ម៉ោង ហើយ​ថ្លៃ​ចត​ឡាន​ប្រចាំថ្ងៃ​គឺ​ប្រហែល 52.65 ដុល្លារ/8 ម៉ោង។

ក៏ប៉ុន្តែ CNBC បែរជា​បានឱ្យដឹងថា ខាងលើនេះ​គ្រាន់តែ​ជា​តម្លៃ​នៅតាម​ទីតាំង​ផ្ញើ​ឡាន​បែប​ប្រពៃណី​ប៉ុណ្ណោះ។ ចំពោះ​ទីតាំង​ចត​ឡាន​បច្ចេកវិទ្យា​ខ្ពស់​នៅ New York ខ្ទង់​ប្រាក់​ដែល​អាច​កាន់កាប់​កន្លែង​ចត​ឡាន​មួយ​បាន គឺ​ចាប់ពី 300,000 ដល់ 600,000 ដុល្លារ​អាម៉េរិក/មួយកន្លែង។

យោងតាម CNBC មូលហេតុ​មួយ​ក្នុងចំណោម​កាតា​ដែលនាំឱ្យ​ទីតាំង​ចត​ឡាន​នេះ​មានតម្លៃ​ខ្ពស់​គឺ​ដោយសារ​វា​ត្រូវបាន​សាងសង់ឡើង​សម្រាប់តែ​ក្រុម​អភិជន​ដែល​ស្នាក់នៅ​ក្នុង​អគារប្រណិត។

កាលពី​ដើមខែ​នេះ អ្នកស្រី Lori Alf (អាយុ 50 ឆ្នាំ) បាន​ទិញ​ខុន​ដូ 2 ជាន់​ក្នុងតម្លៃ 9.45 លាន​ដុល្លារ នៅ Manhattan (New York) និង​ទទួលបាន​កាដូ​អម​មួយ​ដែលជា​កន្លែង​ចត​ឡាន​មួយកន្លែង​តម្លៃ 300,000 ដុល្លារ នៅក្នុង​ទីតាំង​ចត​ឡាន​បច្ចេកវិទ្យា​ខ្ពស់​របស់​អគារ។

កន្លែង​ចត​ឡាន​បច្ចេកវិទ្យា​ខ្ពស់​

យោងតាម​អ្នកស្រី Lori នេះ​គឺជា​ខ្ទង់​ប្រាក់​ដ៏​សមស្រប ព្រោះថា​ពេលនេះ នៅពេល​សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ ត្រូវការ​កន្លែង​ចត​ឡាន ពួកគេ​គ្រាន់តែ​បើកឡាន​ចូលទៅក្នុង​ទីលាន​រង់ចាំ ស្កេ​ន​កាត ID និង​ចុះ​ពីលើ​ឡាន។ ក្រោយមក ការងារ​ដែល​នៅសល់​បន្ទាប់​នឹងត្រូវ​បានប្រគល់​ឱ្យ​រ៉ូ​បូត៕

Advertisement