កម្ពុជា ផ្សព្វផ្សាយ​អំពី «ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េខាងត្បូង

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃទី 24 វិច្ឆិកា 2022 ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-សាធារណរដ្ឋ​កូរ៉េ (CKFTA) សម្រាប់​ការនាំចេញ។

សិក្ខាសាលា​ផ្សព្វផ្សាយ​ខាងលើនេះ ក៏មាន​វត្តមាន​របស់​មន្ត្រី​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា តំណាង​រដ្ឋាភិបាល​កូរ៉េខាងត្បូង និង​តំណាង​វិស័យ​ឯកជន​ផងដែរ។

គោលបំណង​នៃ​សិក្ខាសាលា​នេះ​គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ផ្សព្វផ្សាយ​អំពី​នីតិវិធី​នៃ​ការនាំចេញ​ដល់​វិស័យ​ឯកជន ដើម្បី​ជំរុញ​ការនាំចេញ និង​ការទាញយក​អត្ថប្រយោជន៍​ជា​អតិបរិមា​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង CKFTA។ កិច្ចព្រមព្រៀង CKFTA នេះ នឹង​បំពេញបន្ថែម​ទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន-កូរ៉េ និង​កិច្ចព្រមព្រៀង​អា​សិប (RCEP) ដែលមាន​ស្រាប់។

យោងតាម​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀង CKFTA នេះ នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។ នៅក្រោម​កិច្ចព្រមព្រៀង CKFTA កម្ពុជា​បាន បើក​ទីផ្សារ ចំនួន 89.09% នៃ​បន្ទាត់​ពន្ធគយ​សរុប ខណៈដែល​ភាគី​កូរ៉េ​បាន​បើក​ទីផ្សារ​ចំនួន 95.03% នៃ​បន្ទាត់​ពន្ធគយ​សរុប ក្នុងនោះ កម្ពុជា នឹង​អាច​នាំចេញ​ទំនិញ​ក្នុង​អត្រាពន្ធគយ​សូន្យភ្លាមៗ បន្ទាប់ពី​កិច្ចព្រមព្រៀង​ចូល​ជា​ធរមាន។

ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បានឱ្យដឹងថា កិច្ចព្រមព្រៀង CKFTA ត្រូវបាន កម្ពុជា ផ្តល់​សច្ចាប័ន​កាលពី​ថ្ងៃ​ទី 29 មករា 2022 ខណៈ​ភាគី​កូរ៉េ បានផ្ដល់​សច្ចាប័ន និង​ជូនដំណឹង​មក កម្ពុជា កាលពី​ថ្ងៃទី 02 តុលា 2022។ កិច្ចព្រមព្រៀង​នេះ នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី 01 ធ្នូ 2022៕

Advertisement