សហគ្រាស​អាស៊ី នាំគ្នា​បង្ហាញខ្លួន​ «ច្រើន​មិន​ធ្លាប់​មានពី​មុន» ​នៅ​ក្នុង​​ព្រឹត្តិការណ៍ World Cup Qatar 2022

រថយន្តអគ្គិសនី Hyundai ដែលជាម្ចាស់ឧបត្ថម្ភសំខាន់របស់ World Cup 2022 ចតនៅមុខទីលានសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រ Lusail នៅ កាតា

បណ្ដា​ក្រុមហ៊ុន​អាស៊ី បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ដើម្បី​យកឈ្នះ​លើ​ក្រុម​ម្ចាស់​ឧបត្ថម្ភ​របស់លោក​ខាងលិច​នៅក្នុង​រដូវ​កាល​ប្រកួត​បាល់ទាត់​ពិភពលោក (World Cup) ដែល​ជិត​ធ្វើឡើង​នៅ ប្រទេស​កាតា។

ទ្វីបអាស៊ី ពីមុនមក មិន​ធ្លាប់​បានបង្ហាញ​វត្តមាន​ច្រើន​ដូច​នៅ World Cup លើក​នេះ ទាំង​ក្នុង និង​ក្រៅ​ទីលាន​បាល់ទាត់។ ក្រុមបាល់ទាត់ 6 ក្រុម​របស់ អាស៊ី ក្នុងចំណោម 32 ក្រុម នឹង​ប្រកួត​នៅ World Cup 2022 ដែល​នេះ​គឺជា​តួលេខ​ច្រើនជាងពេលណាៗទាំងអស់។ ចំណែក​នៅក្រៅ​ទីលាន​ប្រកួត បណ្ដា​ក្រុមហ៊ុន​របស់ អាស៊ី មាន​រហូតដល់ 9 ស្ថាប័ន ក្នុងចំណោម​ដៃគូ​សហការ និង​ម្ចាស់​ឧបត្ថម្ភ​ទាំង 14 ស្ថាប័ន​របស់ FIFA នា​​រដូវ​កាល​នេះ។

នេះ​គឺជា​ការប្រែប្រួល​ធំ​ធៀប​នឹង World Cup នៅ អាស៊ី ដែល ជប៉ុន និង កូរ៉េខាងត្បូង ធ្វើជា​ម្ចាស់ផ្ទះ កាលពី 20 ឆ្នាំមុន។ កាលណោះ​មានតែ​ម្ចាស់​ឧបត្ថម្ភ 6 ស្ថាប័ន​ប៉ុណ្ណោះ​ដែលជា​របស់ អាស៊ី ក្នុងចំណោម​ម្ចាស់​ឧបត្ថម្ភ 15 ស្ថាប័ន​របស់ FIFA។ ក្រៅពីនេះ​គឺ​សុទ្ធតែជា​ក្រុមហ៊ុន​របស់ អឺរ៉ុប និង សហរដ្ឋ​អាម៉េរិក។

ការឧបត្ថម្ភ​គឺជា​បញ្ហាសំខាន់​សម្រាប់ FIFA។ បន្ទាប់ពី​ការលក់​អាជ្ញាប័ណ្ណ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ (2.6 ពាន់​លាន​ដុល្លារ) ការឧបត្ថម្ភ​គឺ​ប្រភព​ចំណូល​ធំ​បំផុត ដោយ​រួមចំណែក​រហូតដល់ 1.35 ពាន់​លាន​ដុល្លារ ប្រហែល 29% នៃ​ប្រាក់ចំណូល​សរុប​របស់ FIFA ក្នុង​ឆ្នាំ 2022។

​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​​ផ្នែក​អប់រំ​របស់ ឥណ្ឌា Byju’s

ក្នុងចំណោម​ក្រុមហ៊ុន​ដែលជា​ម្ចាស់​ឧបត្ថម្ភធំៗនៅ World Cup 2022 ក៏​មាន​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​​ផ្នែក​អប់រំ​របស់ ឥណ្ឌា Byju’s បើ​ទោះ​ប្រទេស​នេះ​មិនមាន​ក្រុមបាល់ទាត់​ទៅចូល​រួម​​ប្រកួត។ ដូចគ្នានេះដែរ ចិន ក៏​មិនមាន​ក្រុមបាល់ទាត់​ទៅ​ប្រកួត​នៅ World Cup ប៉ុន្តែ​មាន​ម្ចាស់​​ឧបត្ថម្ភ​រហូតដល់ 4 ស្ថាប័ន ខណៈដែល​ សិង្ហ​បុរី មាន 1 ស្ថាប័ន។

កូរ៉េខាងត្បូង មាន​ក្រុមបាល់ទាត់​នៅ World Cup និង​មាន​ម្ចាស់​ឧបត្ថម្ភចំនួន 1 ស្ថាប័ន គឺ Hyundai-Kia។ ចំណែក ប្រទេស​ម្ចាស់ផ្ទះ កាតា មាន​ម្ចាស់​ឧបត្ថម្ភ​ចំនួន 2។​​

បណ្ដា​ក្រុមបាល់ទាត់​របស់ អាស៊ី ដែល​ចូលរួម​ប្រកួត​នៅ World Cup លើក​នេះ នៅតែមាន​ចំនួន​តិច ក៏ប៉ុន្តែ ក្រុម​ម្ចាស់​ឧបត្ថម្ភ​ដែល​មក​ពី​ទ្វីប​នេះ ​ត្រូវបាន​គេ​សង្ឃឹមថា នឹងមាន​ឥទ្ធិពល​ភាគច្រើន​ទៅលើ​ទស្សនិកជន ទាំង​នៅក្នុង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ៕

Advertisement