មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស ៖ ប្រាក់ចំណូល​របស់ Twitter ថយចុះ​ខ្លាំង «ព្រោះ​អតិថិជន​ផ្អាក​ការផ្សាយពាណិជ្ជកម្ម»

មហា​សេដ្ឋី​ អ៊ីនឡុង ម៉ាស

លោក អ៊ី​ឡុ​ន ម៉ាស ដែលជា​ម្ចាស់​ថ្មី​របស់​បណ្ដាញ​សង្គម Twitter កាលពី​ថ្ងៃទី 04 វិច្ឆិកា បានឱ្យដឹងថា បណ្ដាញ​សង្គម​នេះ​កំពុង​រង «ការបាត់បង់​ប្រាក់ចំណូល​យ៉ាងច្រើន» ប៉ុន្តែ​មិនបាន​បង្ហាញ​តួលេខ​ជាក់ស្ដែង។

ក្នុង​សារ​នៅលើ​គណនី Twitter ផ្ទាល់ខ្លួន អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក​បាន​ទម្លាក់កំហុស​ទៅលើ «ក្រុម​សកម្មជន​ដែល​បង្ក​សម្ពាធ​លើបណ្ដា​​ក្រុមហ៊ុន» ធ្វើឱ្យ​ពួកគេ​ឈប់​ផ្សាយពាណិជ្ជកម្ម​លើ Twitter។ លោក ម៉ាស អះអាងថា បណ្ដាញ​សង្គម​នេះ​មិនទាន់​ប្ដូរផ្លាស់​យុទ្ធសាស្ត្រ​ចាប់​ពិរុទ្ធ​ខ្លឹមសារ ហើយ Twitter បានធ្វើ «រឿង​គ្រប់យ៉ាង​ដែល​អាចបំពេញ​ចិត្ត​ក្រុម​សកម្មជន» ប៉ុន្តែ​មិន​បាន​សម្រេច​។

ទោះជា​យ៉ាងនេះ​​ក្ដី មហាសេដ្ឋី​អាម៉េរិក​រូបនេះ មិនបាន​លើក​ឡើង​នូវ​តួលេខ​ជាក់លាក់​អំពី​ប្រាក់ចំណូល​ដែល Twitter បាន​បាត់បង់​នោះទេ ហើយក៏​មិនបាន​បង្ហាញ​ភស្ដុតាង​ដែលថា ការដកខ្លួន​របស់​ក្រុម​អ្នក​ផ្សាយពាណិជ្ជកម្ម​គឺ​ដោយសារ​​ការដាក់​សម្ពាធ​ពី​ក្រុម​សកម្មជន​នោះដែរ។

ចាប់តាំងពី​ម្ចាស់​ Tesla ​បាន​ចូលមក​គ្រប់គ្រង Twitter កាលពី​ថ្ងៃទី 28 តុលា បណ្ដាញ​សង្គម​នេះ​បាន​បញ្ឈប់​បុគ្គលិក​ប្រមាណ​ជា 50%។ ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ក្រុមហ៊ុន​ជាច្រើន​បានប្រកាស​ផ្អាក​ការផ្សាយពាណិជ្ជកម្ម​នៅលើ Twitter ដើម្បី​វាយតម្លៃ​ចំពោះ​ការផ្លាស់ប្ដូរ​នៅពេល​លោក ម៉ាស ចូល​គ្រប់គ្រង។

យោងតាម​ទិន្នន័យ​របស់ MediaRadar ចំនួន​អតិថិជន​ដែល​ផ្សាយពាណិជ្ជកម្ម​លើ​បណ្ដាញ​សង្គម​នេះ​បាន​ថយ​ពី 3,900 ស្ថាប័ន​ក្នុង​ខែឧសភា ចុះមក​នៅត្រឹម 2,300 ស្ថាប័ន​ក្នុង​ខែសីហា។ ឈានចូល​ខែកញ្ញា តួលេខ​នេះ​បែរជា​កើនឡើង 2,900 ស្ថាប័ន៕

Advertisement