អា​រ៉ា​ប៊ី​សា​អូឌីត បង្កើត​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដំបូង ដើម្បី​រួមចំណែក​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន

រាជទាយាទ និង​ជា​នាយក​រដ្ឋមន្ត្រី​របស់ អារ៉ាប៊ីសាអូឌីត ព្រះ​អង្គ​ម្ចាស់ Mohammed bin Salman

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដំបូង​របស់ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែលមាន​ឈ្មោះថា Ceer នឹង​សហការ​ជាមួយ Foxconn ដែលជា​ក្រុមហ៊ុន​ឯកជន​ធំ​បំផុត​មួយ​របស់ កោះ​តៃវ៉ាន់ ដើម្បី​អភិវឌ្ឍ​រចនាសម្ព័ន្ធ​អគ្គិសនី​សម្រាប់​រថយន្ត។

កាលពី​ថ្ងៃទី 03 វិច្ឆិកា អា​រ៉ា​ប៊ី​សា​អូឌីត បានប្រកាស​បង្ហាញ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដំបូង​របស់​ពួកគេ នៅក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ដែលជា​អ្នក​នាំចេញ​ប្រេង​ឆៅ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក។

យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​របស់ អា​រ៉ា​ប៊ី​សា​អូឌីត (SPA) ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ដំបូង​របស់​ប្រទេស​នេះ​នឹង​រួមចំណែក​ក្នុងការ​ឆ្ពោះទៅរក​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន និង​ជំរុញ​ស្ថិរភាព​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​នៃ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។ Ceer នឹង​សហការ​ជាមួយ Foxconn ជា​ក្រុមហ៊ុន​ឯកជន​ធំ​បំផុត​មួយ​របស់ កោះ​តៃវ៉ាន់ ដើម្បី​អភិវឌ្ឍ​រចនាសម្ព័ន្ធ​អគ្គិសនី​របស់​រថយន្ត។

ក្រុមហ៊ុន Ceer ឱ្យដឹងថា នឹង​ផលិត​រថយន្ត​អគ្គិសនី​ច្រើន​ប្រភេទ​ដើម្បី​ឆ្លើយ​ត​តាម​តម្រូវការ​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស ក្នុង​តំបន់​មជ្ឈិមបូព៌ា និង អាហ្វ្រិក​ខាងជើង ក្នុងនោះ​មាន​រថយន្ត​ប្រភេទ​សេ​ដាន់ និង​រថយន្ត​កីឡា​ពហុ​មុខងារ​ផងដែរ។

តាម​ផែនការ ក្រុមហ៊ុន​នឹង​បង្កើតបាន​ការងារ​ផ្ទាល់ និង​ប្រយោល​ប្រហែល 30,000 កន្លែង ហើយ​គ្រោង​នឹង​ដាក់លក់​រថយន្ត​អគ្គិសនី​ដំបូង​របស់ខ្លួន​ក្នុង​ទីផ្សារ​ចាប់ពី​ឆ្នាំ 2025។

កាលពី​ខែវិច្ឆិកា 2021 នៅក្នុង​កិច្ចប្រជុំ COP26 ស្ដីពី​អាកាសធាតុ លើក​ទី 26 នៅ អង់គ្លេស អា​រ៉ា​ប៊ី​សា​អូឌីត បាន​សន្យាថា នឹង​សម្រេច​ឱ្យបាន​គោលដៅ​បំ​ភាយ​ឧស្ម័ន​កម្រិត​សូន្យ​នៅ​ឆ្នាំ 2060៕

Advertisement