ក្រុមហ៊ុន MG បង្ហាញ​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​បំផុត​នៅ​ឥណ្ឌា

រថយន្ត MG Motor Comet EV

MG ថ្មីៗនេះ​បាន​បញ្ចេញ​រថយន្ត​អគ្គិសនី​តម្លៃ​ធូរ​ថ្លៃ​បំផុត​នៅលើ​ទីផ្សារ​ប្រទេស​ឥណ្ឌា។ MG Motor ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​​រដ្ឋ​ចិន​ SAIC Motor ប្រកួតប្រជែង​នៅ​ឥណ្ឌា​ជាមួយនឹង​ក្រុម​អ្នក​ផលិត​រថយន្ត​មួយចំនួន ក្នុងនោះ​មាន Tata Motors ជាដើម។

ប្រទេស​ចិន​គឺជា​ទីផ្សារ​រថយន្ត​អគ្គិសនី​ធំជាងគេ​លំដាប់​លេខ​មួយ​លើ​ពិភពលោក ហើយក៏​ជា​ចំណុច​ក្ដៅ​នៃ​​រថយន្ត​អគ្គិសនី​នាបច្ចុប្បន្ន។ ក្រុម​អ្នក​ផលិត​រថយន្ត​នៅ​ប្រទេស​ឥណ្ឌា បាន​ជោគជ័យ​នៅពេល​ដាក់លក់​រថយន្ត​អគ្គិសនី​តម្លៃ​ទាប ហើយ​ពេលនេះ ក្រុមហ៊ុន​មួយ​ផ្សេងទៀត​របស់​ចិន កំពុង​ឆ្ពោះ​ទៅក្នុង​ទីផ្សារ​រថយន្ត​ធំជាងគេ​លំដាប់​ទី​បី​លើ​ពិភពលោក​មួយ​នេះ។

យោងតាម​ទំព័រ Autocar រថយន្ត MG Motor Comet EV (តាមពិត​វា​គឺជា​រថយន្ត Wuling Air EV ដែល​ត្រូវបាន​កែលំអ) គឺជា​ប្រភេទ​ដែលមាន​ទ្វារ​ចំនួន​ពីរ និង​កៅអី​ចំនួន​បួន។ រថយន្ត​នេះ​អាច​បើក​បរបាន​ចម្ងាយ 230 គីឡូម៉ែត្រ និង​មានតម្លៃ​ចាប់ពី 798,000 រ៉ូ​ពី​ឥណ្ឌា (9,763 ដុល្លារ​អាម៉េរិក)។ ដើម្បី​ប្រៀបធៀប រថយន្ត​អគ្គិសនី Tiago EV របស់ Tata ដែល​មានតម្លៃ​ចាប់ពី 849,000 រ៉ូ​ពី​ឥណ្ឌា (10,400 ដុល្លារ​អាម៉េរិក) មាន​ទ្វារ​បួន និង​បរបាន​ចម្ងាយ 315 គីឡូម៉ែត្រ។

បើ​ទោះ​រថយន្ត​ខ្នាតតូច​ខាងលើ ទំនងជា​មិនអាច​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អតិថិជន​នៅ​លោកខាងលិច ប៉ុន្តែ​វា​អាចជា​ជម្រើស​ដ៏​សមស្រប​សម្រាប់​អតិថិជន​នៅ​ប្រទេស​ឥណ្ឌា ដោយសារ​​ស្ថាន​ភាព​ផ្លូវ និង​​ប្រជាជន​​មាន​ចំនួន​ច្រើន។

ក្រៅពី​រថយន្ត​អគ្គិសនី​ខាងលើ MG Motor ក៏​កំពុង​លក់​រថយន្ត​អគ្គិសនី​ប្រភេទ crossover ខ្នាត​ធំ​នៅ​ប្រទេស​ឥណ្ឌា​ផងដែរ។ MG Motor រំពឹងថា ក្នុងឆ្នាំនេះ ចំនួន​រថយន្ត​អគ្គិសនី​នឹង​កាន់កាប់​ប្រហែល​ពី 25 ទៅ 30% នៅក្នុង​ចំណោម​រថយន្ត​សរុប​ដែល​ខ្លួន​បាន​លក់​នៅ​ប្រទេស​ឥណ្ឌា។

រថយន្ត​ជិត​បួន​លាន​គ្រឿង​ត្រូវបាន​លក់​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ឆ្នាំ​កន្លង ក្នុងនោះ​មាន​រថយន្ត​អគ្គិសនី​តែ 2% ប៉ុណ្ណោះ។ Tata Motors គឺជា​ក្រុមហ៊ុន​ដែល​នាំមុខគេ​ក្នុង​ឆ្នាំ 2022 ខណៈ BYD ក៏បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ដំបូង​របស់ខ្លួន​នៅក្នុង​ទីផ្សារ​ឥណ្ឌា កាលពី​ឆ្នាំ 2022 និង​បានកំណត់​គោលដៅ​កាន់កាប់​ចំណែក​ទីផ្សារ​រថយន្ត​អគ្គិសនី​ឱ្យបាន 40% នៅ​ប្រទេស​នេះ ក្នុង​ឆ្នាំ 2030។

រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi សង្ឃឹមថា នឹង​ជំរុញ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​ឱ្យបាន 30% ក្នុងចំណោម​រថយន្ត​ទាំងអស់​ដែល​បាន​លក់​ចេញ​នៅ​ប្រទេស​នេះ​ នៅ​​ឆ្នាំ 2030៕

Advertisement