ផ្សារ​ទំនើប​នៅ អូស្ត្រាលី ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​ដើម្បី​ប្រគល់​ទំនិញ

យន្តហោះ​ដ្រូន​របស់ Wing

Coles ដែលជា​បណ្ដាញ​លក់រាយ​មួយ​ក្នុងចំណោម​បណ្ដាញ​ផ្សារ​ទំនើប​ធំ​បំផុត​ពីរ​របស់ អូស្ត្រាលី ថ្ងៃទី 25 តុលា​នេះ ប្រកាសថា នឹង​ចាប់ផ្ដើម​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក (drone) ដើម្បី​ប្រគល់​ទំនិញ​ចាប់ពី​ខែវិច្ឆិកា​ខាងមុខ។

បណ្ដាញ​ផ្សាយ​ទំនើប Coles របស់ អូស្ត្រាលី ថ្ងៃនេះ​ប្រកាសថា ចាប់ពី​ថ្ងៃទី 02 វិច្ឆិកា 2022 ពួកគេ​នឹង​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដើម្បី​ប្រគល់​ទំនិញ​ដល់ដៃ​អតិថិជន​នៅ​តំបន់ Ormeau ក្នុង​រដ្ឋ Queensland។

Coles និង​ប្រើប្រាស់​យន្តហោះ​របស់​ក្រុមហ៊ុន Wing ដើម្បី​ដឹកជញ្ជូន​ទំនិញ​ប្រហែល 500 មុខ មានដូចជា នំប៉័ង ផលិតផល​ស្រស់ អាហារ ផលិតផល​ថែរក្សា​សុខភាព។ល។ ក្នុងនោះ ទំនិញ​នឹងត្រូវ​បានដាក់​នៅក្នុង​ថង់ និង​ភ្ជាប់​ពី​ខាងក្រោម​ដ្រូ​ន មុននឹង​ហោះ​ទៅ​ប្រគល់ឱ្យ​អតិថិជន។

លោក Simon Rossi ប្រធាន​ក្រុមហ៊ុន Wing បានឱ្យដឹងថា ដ្រូ​ន​នេះ​ហោះ​កម្ពស់ 70 ម៉ែត្រ និង​ល្បឿន 110 គីឡូម៉ែត្រ/ម៉ោង ដើម្បី​ដឹកទំនិញស្រាលៗ និង​មានការ​ប្រញាប់។

ទំនិញ​នឹងត្រូវ​បានដាក់​នៅក្នុង​ថង់ និង​ភ្ជាប់​ពី​ខាងក្រោម​ដ្រូ​ន មុននឹង​ហោះ​ទៅ​ប្រគល់ឱ្យ​អតិថិជន។

បច្ចុប្បន្ន ការដឹក​ទំនិញ​តាម​ដ្រូ​ន​ត្រូវបាន​អនុវត្ត​នៅ​តំបន់ Ormeau ហើយ​ផ្សារ​ទំនើប Coles នៅ​តំបន់​នេះ​ក៏​ទទួល​ការបញ្ជាទិញ​ទំនិញ​ត្រឹមតែ​ពី​ម៉ោង 8 កន្លះ ដល់​ម៉ោង 16 កន្លះ​ប៉ុណ្ណោះ។

មុនពេល​ដំណើរការ​សេវាកម្ម​របស់ខ្លួន​នៅ Queensland ក្រុមហ៊ុន Wing ក៏បាន​ធ្វើការ​សាកល្បង​សេវាកម្ម​នេះ​នៅ រដ្ឋធានី​កង់​បេ​រ៉ា កាលពី​ខែមីនា 2022 និង​ដឹកជញ្ជូន​ទំនិញ​បាន​ជាង 5,000 លើក​រួចហើយ។

ក្រោយពី​ការដាក់ឱ្យ​ដំណើរការ​នៅ Ormeau បណ្ដាញ​ផ្សារ​ទំនើប Coles និង Wing នឹង​សហការគ្នា​ពង្រីក​សេវាកម្ម​ទៅកាន់​តំបន់​ដទៃទៀត៕

Advertisement