ម៉ាឡេស៊ី ដក​បទបញ្ជាហាម​នាំ​ចេញ​មាន់រស់​ចាប់​ពី​ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២

អាជ្ញាធរ​គ្រប់គ្រង​អាហារ​សិង្ហបុរី​ បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី នឹង​ដក​បម្រាម​លើ​ការ​នាំ​ចេញ​​ជា​បណ្ដោះ​អាសន្ន​ចំពោះ​មាន់​រស់​ ចាប់​ពី​ថ្ងៃទី ១១ តុលា ក្រោយ​ពីបាន​ធ្វើ​ឱ្យ​​តម្លៃ និង​ប្រភព​ផ្គត់​ផ្គង់​ក្នុង​ស្រុក​​មាន​ស្ថិរភាព​​រយៈ​ពេលជាង ៤ ខែ​មក​នេះ​។

អាជ្ញាធរ​គ្រប់គ្រង​អាហារ​សិង្ហបុរី​ (SFA) ប្រកាស​ថា ពួក​គេ​បាន​ទទួល​ «ប្រកាស​​ផ្លូវ​ការ» ពី​ការិយាល័យ​បសុពេទ្យ​ម៉ាឡេស៊ី ទាក់​ទិន​នឹង​ការ​ដក​បម្រាម​ខាងលើ​​។ SFA បាន​ឱ្យ​ដឹង​ថា ពួក​គេ​​សាទរ​ចំពោះ​ដំណឹង​​នេះ​។

ក៏ប៉ុន្តែ អាជ្ញាធរ​គ្រប់គ្រង​អាហារ​សិង្ហបុរី និយាយ​ថា «ដោយ​សារ​តែ សិង្ហបុរី នៅ​តែ​បន្ត​ប្រឈម​មុខ​នឹង​បញ្ហា​រអាក់​រអួល​ទាក់​ទិន​នឹង​ប្រភព​ផ្គត់ផ្គង់ ព្រោះ​តែ​កត្តា​ពី​ខាង​ក្រៅ SFA នឹង​បន្ត​បង្កើន​ការ​នាំ​ចូល​សាច់​មាន់​ និង​ធ្វើ​ការ​ជា​មួយក្រសួង​ ​ស្ថាប័ន​​ពាក់​ព័ន្ធ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​លើ​ប្រភព​ផ្គត់​ផ្គង់»។

យោង​តាម​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ និង​ឧស្សាហកម្ម​​អាហារ​ម៉ាឡេស៊ី Ronald Kiandee បម្រាម​ចំពោះ​​ការ​នាំ​ចេញ​​មាន់​រស់​របស់​ប្រទេស​នេះ​នឹង​ត្រូវ​បាន​បន្ធូរ​បន្ថយ​ទៅ​តាម​ដំណាក់​កាល​ ក្នុង​នោះ​​នឹង​​​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ដោយ​ចាប់​ផ្ដើម​ពី​បរិមាណ ១.៨ លាន​ក្បាល​/​ខែ​។ ប៉ុន្តែ ការ​ហាម​នាំ​ចេញ​សាច់​មាន់​ និង​កូន​មាន់​អាយុ​ ១ ថ្ងៃ​ នៅ​តែ​ត្រូវ​អនុវត្ត​បន្ត​។

យោង​តាម​ Observatory of Economic Complexity ម៉ាឡេស៊ី គឺជា​អ្នក​ផ្គត់​ផ្គង់​មាន់​រស់​សំខាន់​របស់​ សិង្ហបុរី ថៃ ជប៉ុន និង​ ព្រុយណេ។ ទំហំ​នៃ​ការ​នាំចេញ​សត្វទ្វិបាទរបស់​ ម៉ាឡេស៊ី សម្រេច​បាន​ ១៨.៩ លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ​ ២០២០ និង​ក្លាយ​ជា​ប្រទេស​នាំចេញ​ទំនិញ​ប្រភេទ​នេះ​ធំជាង​គេ​លំដាប់​ទី ៤៩​ ក្នុង​ពិភពលោក​។

ក៏ប៉ុន្តែ សង្គ្រាម​នៅ អ៊ុយក្រែន បាន​នាំ​ឱ្យ​អ្នក​លក់​នៅ ម៉ាឡេស៊ី ត្រូវ​លក់​ទំនិញ​ជាមាន់​រស់ និង​សាច់​មាន់​ក្នុងតម្លៃ​ខ្ពស់​ ដើម្បី​អាច​ទូទាត់​ការ​ចំណាយ​ ខណៈ​ដែល​ប្រភព​ផ្គត់​ផ្គង់​​ជួប​បញ្ហា​​។ បញ្ហា​នេះ​នាំ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ដាក់​បម្រាម​លើ​ការ​នាំ​ចេញ​ជា​បណ្ដោះ​អាសន្ន​ចាប់​ពី​ថ្ងៃទី ០១ មិថុនា​៕

Advertisement