ម៉ាឡេស៊ី ក្លាយ​ជា​ប្រទេស​ទី ៩ ដែល​បាន​អនុម័ត​​កិច្ច​​ព្រម​​ព្រៀង​ពាណិជ្ជ​កម្ម​ ​CPTPP

ម៉ាឡេស៊ី ទើប​តែ​បាន​ក្លាយ​ជា​ប្រទេស​ទី ៩ ដែលបាន​​អនុម័ត​កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដោយ​រំពឹង​ថា នឹង​ជួយ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​នាពេល​ខាងមុខ​។

ក្នុង​ប្រកាស​កាល​ពីថ្ងៃទី ០៥ តុលា រាជរដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ឱ្យដឹង​ថា បាន​ផ្ដល់​សច្ចាប័ន​ជា​ផ្លូវ​ការ​សម្រាប់​កិច្ច​ព្រម​ព្រៀង​ CPTPP ​ដែល​ប្រទេស​នេះ​ជឿ​ថា នឹង​ជួយ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ និង​អាច​ចូល​ទៅ​ដល់​ទីផ្សារ​ជា​ច្រើនទៀត​មានដូចជា កាណាដា ម៉ិកស៊ិក និង ប៉េរូ ជា​ដើម ដែល​ ម៉ាឡេស៊ី មិន​ទាន់​មាន​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគី​។

ក្រៅ​ពី​នេះ CPTPP ក៏​នឹង​នាំ​មក​នូវ​ប្រភព​វត្ថុធាតុដើម​សម្បូរបែប​ គុណភាព​ខ្ពស់​ ជាមួយ​នឹង​តម្លៃ​ទាប​ ទន្ទឹម​នឹង​ការ​ជួយ​ឱ្យ​ ម៉ាឡេស៊ី ក្លាយ​ជា​ទី​ទាក់​ទាញ​ការ​វិនិយោគ​ផងដែរ​។

យោង​តាម​ Kikkei Asia រដ្ឋាភិបាល​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី ៣០ កញ្ញា បាន​បញ្ជូន​ឯកសារ​ផ្ដល់​សច្ចាប័ន​ CPTPP ​ទៅ​កាន់​ នូវែលសេឡង់ ដែល​ជា​ប្រទេស​កំពុង​កាន់តួនាទី​ជា​អ្នក​រក្សា​ទុក​ឯកសារ​ផ្ដល់​សច្ចាប័ន​របស់​កិច្ច​ព្រមព្រៀងនេះ​​។

តាម​រយៈ​សកម្មភាព​ខាងលើ ម៉ាឡេស៊ី បាន​ក្លាយ​ជា​ប្រទេស​ថ្មី​បំផុត​ដែល​បាន​អនុម័ត​លើ​កិច្ច​ព្រមព្រៀង CPTPP បន្ទាប់​ពី អូស្ត្រាលី កាណាដា ជប៉ុន ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និង វៀតណាម​៕

Advertisement