ក្រុម​ហ៊ុន​ផ្ដល់​សេវា​កម្ម​ហៅ​រថយន្ត​តាក់ស៊ីនៅប្រទេស​ឡាវ ពន្លឿន​​ការ​សាងសង់​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​រហ័ស​

ថ្មី​ៗ​នេះ Loca បាន​ចាប់​ផ្ដើម​ការ​ស្ថាបនា​ និង​ដំឡើង​ស្ថានីយ​បញ្ចូលថាមពល​អគ្គិសនី​រហ័ស​នៅទីតាំង​មួយ​ចំនួន​ ក្នុង​ រដ្ឋធានី​វៀងចន្ទ នៃ​ ប្រទេស​ឡាវ​។

បច្ចុប្បន្ន ក្រុម​ហ៊ុន​ Loca ​ដែល​រកស៊ី​ក្នុង​វិស័យ​​​សេវា​កម្ម​ហៅ​រថយន្ត​តាក់ស៊ីនៅ ប្រទេស​ឡាវ ​កំពុង​ពន្លឿន​ដំណើរ​ការ​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​នៅ ប្រទេស​ឡាវ ដោយ​ចាប់​ផ្ដើម​ពី​ រដ្ឋធានី​វៀង​ចន្ទន៍​ ឆ្ពោះ​ទៅ​កាន់តំបន់ Pakse នៃ​ ​ខេត្តចំប៉ាស័ក្ដិ នៅ​លើ​ផ្លូវ​ជាតិ​លេខ ៣ ដើម្បី​បង្ក​ភាព​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់​រថ​យន្ត​អគ្គិសនី​ ទៅតាម​ការ​គ្រោង​ទុក​។

ទូបញ្ចូលថាមពល​អគ្គិសនី​នីមួយៗ មាន​កម្លាំង​ឡើង​ដល់ ១២០ គីឡូវ៉ាត អនុញ្ញាត​ឱ្យ​​​​បញ្ចូល​ថាមពល​អគ្គិសនី​តែ​ ១០ នាទី ប៉ុន្តែ​អាច​ឱ្យ​​​រថយន្ត​អគ្គិសនី​​ធ្វើ​ដំណើរបាន​​ ១២០ គីឡូម៉ែត្រ​។ បច្ចុប្បន្ន ទូបញ្ចូល​ថាមពល​អគ្គិសនី​នានា​របស់ Loca មាន​ទាំង​ឆ្នាំង​សាក​ GB/T សម្រាប់​ប្រភេទ​រថយន្ត​អគ្គិសនី​ផលិត​នៅ ប្រទេស​ចិន និង​ទាំង CCS Type 2 សម្រាប់​​រថយន្ត​អគ្គិសនី​របស់​ អឺរ៉ុប​​ និង​ អាស៊ាន​ ផងដែរ​។

មក​ដល់​ពេល​នេះ ក្រុមហ៊ុន Loca មាន​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​ចំនួន ៣ រួច​ហើយ រួមាន​ នៅ​សណ្ឋាគារ Vientiane Plaza, ភោជនីយដ្ឋាន The Kao និង​សណ្ឋាគារ​ Inthara នៅក្នុង ​រដ្ឋធានី​វៀងចន្ទ ប្រទេស​ឡាវ។

ក្រុម​ហ៊ុន​ខាងលើ​ក៏​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​ Loca EV ដើម្បី​ឱ្យ​អតិថិជន​ប្រើប្រាស់​សេវា​កម្មបញ្ចូលថាមពល​អគ្គិសនី​សម្រាប់​រថយន្ត និង​បង់ប្រាក់​ដោយ​ប្រើ​ប្រាស់​កាត Credit ឬ BCEL ONE បាន​ងាយ​ស្រួល​៕

Advertisement