ឥណ្ឌូណេស៊ី រំពឹងថា នឹង​ក្លាយជា​សេដ្ឋកិច្ច​ឌីជីថល​ធំជាងគេ​នៅ​អាស៊ាន

អាជីវករ​លក់​អាហារ​នៅ​ ប្រទេស​ឥណ្ឌូណេស៊ី

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី កំណត់​គោលដៅ​នាំយក​អាជីវកម្ម​ខ្នាតតូច ខ្នាតតូច​ល្មម និង​ខ្នាត​មធ្យម​ចំនួន ៣០ លាន​ស្ថាប័ន និង​ភាគី ចូលរួម​ក្នុង​ទីផ្សារ​ឌីជីថល ចាប់ពី​ឆ្នាំ ២០២៤។

រដ្ឋមន្ត្រី​ក្រសួង​សហករណ៍ សហគ្រាស​ធុន​តូច និង​មធ្យម​ឥណ្ឌូនេស៊ី លោក Teten Masduki បាន​ជំរុញ​ឱ្យ​អាជីវករ​លក់រាយ​អាហារ​ទាំងឡាយ ចូលរួម​ធ្វើ​អាជីវកម្ម​តាម​អន​ឡាញ ក្នុង​គ្រា​ដែល​ប្រទេស​នេះ​ត្រូវបាន​រំពឹងថា នឹង​ក្លាយជា​ខឿនសេដ្ឋកិច្ច​ឌីជីថល​ធំជាងគេ​បង្អស់​នៅក្នុង តំបន់​អាស៊ីអាគ្នេយ៍ ដោយ​នឹងមាន​ចំណូល​ប្រមាណ ៣០២ ពាន់​លាន​ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ ២០៣០។

កាលពី​ថ្ងៃ​​ទី ២១ សីហា លោក Teten Masduki ​​បាន​ថ្លែងថា ប្រធានាធិបតី​ឥណ្ឌូណេស៊ី បានស្នើ​ឱ្យមាន​ការណែនាំ​ឱ្យ​អាជីវ​ករលក់​អាហារ និង​ភេសជ្ជៈ ចូលរួម​រកស៊ី​ក្នុង​បណ្ដាញ​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី កំណត់​គោលដៅ​នាំយក​អាជីវកម្ម​ខ្នាតតូច ខ្នាតតូច​ល្មម និង​ខ្នាត​មធ្យម​ចំនួន ៣០ លាន​ស្ថាប័ន និង​ភាគី ចូលរួម​ក្នុង​ទីផ្សារ​ឌីជីថល ចាប់ពី​ឆ្នាំ ២០២៤ ដែល​តួលេខ​នេះ​កើនឡើង​ច្រើនបើ​​ធៀប​នឹង ១៩.៥ លាន​ស្ថាប័ន និង​ភាគី នៅក្នុង​ឆ្នាំ ២០២២ នេះ។

លោករដ្ឋមន្ត្រី​ខាង​លើ​ បាន​សម្ដែង​ក្ដីសង្ឃឹម​យ៉ាង​មុត​មាំ​ថា គោលដៅ​ខាងលើ​នឹង​សម្រេចបាន នៅពេល​មានការ​ចូលរួម​ពី​អាជីវ​ករលក់​ស៊ុប និង​ប្រហិត។ល។

ក្រសួង​សហករណ៍ និង​សហគ្រាស​ធុន​តូច និង​មធ្យម​ឥណ្ឌូនេស៊ី បញ្ជាក់ថា ស្ថាប័ន​នេះ​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ជួយ​សម្រួល​ដល់ការ​​ចុះបញ្ជី​ពាណិជ្ជកម្ម និង​លិខិតស្នាម​នានា​ទៅតាម​តម្រូវការ​របស់​អាជីវករ ក៏ដូចជា​ទៅតាម​ច្បាប់​ដែល​បានកំណត់៕

Advertisement