កំពង់ផែ​ស្វយ័ត​ភ្នំពេញ រកចំណូលបាន​ជិត ២០ លាន​ដុល្លារ ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ

ពេញ​មួយ​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២២ នេះ កំពង់ផែ​ស្វយ័ត​ភ្នំពេញ រកចំណូលបាន​ជិត ២០ លាន​ដុល្លារ​អាម៉េរិក កើន​ប្រមាណ ៣៥% បើ​ធៀប​នឹង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២១ នេះ​បើតាម ឯកឧត្តម ហ៊ី បា​វី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​នៃ កំពង់ផែ​ស្វយ័ត​ភ្នំពេញ។

អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ នៅ​ថ្ងៃទី ២៣ សីហា​នេះ បានឱ្យដឹងថា ការនាំចេញ​កសិផល និង​ផលិតផល​វាយ​ភ័​ណ្ឌ​កាត់ដេរ​របស់ កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​មានការ​កើនឡើង ជាហេតុ​ធ្វើឱ្យ​ការនាំចេញ​តាមរយៈ កំពង់ផែ​ស្វយ័ត​ភ្នំពេញ កើនឡើង​ជាង ៣៥% ធៀប​នឹង​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង។

ឯកឧត្តម ហ៊ី បា​វី បន្ថែមថា កំពង់ផែ​ស្វយ័ត​ភ្នំពេញ នឹង​ខិតខំ​បន្ត​យកចិត្តទុកដាក់​លើ​ការធ្វើ​ទំនើបកម្ម​ប្រតិបត្តិ​ការឱ្យ​ស្របតាម​ស្តង់ដារ និង​ប្រព័ន្ធ​បច្ចេកវិទ្យា បង្កើន​សមត្ថភាព​ប្រកួតប្រជែង និង​ជំរុញ​សេវាកម្ម​របស់​កំពង់ផែ​នេះ ឱ្យ​កាន់តែ​ខិតជិត​អ្នកប្រើប្រាស់។

នៅក្នុង​រយៈពេល ៧ ខែ​ដើមឆ្នាំ ២០២២ នេះ ទំនិញ​ដែល​បាន​ឆ្លងកាត់ កំពង់ផែ​ស្វយ័ត​ភ្នំពេញ រួមមាន ៖ ប្រេងឥន្ធនៈ​ជាង ២.៤ លាន​តោន, នាវា​ផ្ទុកទំនិញ​ឆ្លងកាត់ ២,៣៩០ ជើង, បរិមាណ​កុងតឺន័រ មាន​ចំនួន ២៥ ម៉ឺន​ធី​អ៊ី​យូ។

ក្នុង​ត្រីមាស​ទីមួយ ឆ្នាំ ២០២២ កំពង់ផែ​ស្វយ័ត​ភ្នំពេញ រកបាន​ចំណូល​ប្រមាណ ១០ លាន​ដុល្លារ​អាម៉េរិក កើន ១៧% ធៀប​នឹង​ត្រីមាស​ទីមួយ​ឆ្នាំ ២០២១។ កាលពី​ឆ្នាំ ២០២១ ប្រាក់ចំណេញ​ដែល​កំពង់ផែ​នេះ​រកបាន​មាន​ចំនួន ១២ លាន​ដុល្លារ​អាម៉េរិក៕

Advertisement