មាស​ពិភពលោក កំពុង​ធ្លាក់​ថ្លៃ​រយៈពេល​វែង​បំផុត រាប់​ពី​ខែវិច្ឆិកា ២០២១

តម្លៃ​មាស​កាលពី​ម្សិលមិញ បាន​បន្ត​ដាំ​ក្បាល​ចុះ ធ្វើឱ្យ​រយៈពេល​នៃ​ការធ្លាក់​ថ្លៃ​​របស់​វា អូសបន្លាយ​ដល់ ៥ ថ្ងៃជាប់ៗគ្នា ដែល​នេះ​គឺជា​ការធ្លាក់​ថ្លៃ​យូរ​ជាងគេ រាប់​ចាប់ពី​ខែវិច្ឆិកា ២០២១។

បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃ​សុក្រ តម្លៃ​មាស​ប្រគល់​ភ្លាម ធ្លាក់​ថ្លៃ ០.៦% ចុះមក​នៅត្រឹម ១,៧៤៨.៥៨ ដុល្លារ/អោន (១ អោន (ounce) ស្មើនឹង ៨.២៩៤២៦ ជី) ដែលជា​តម្លៃ​ទាប​បំផុត​រាប់​ចាប់ពី​ថ្ងៃទី ២៨ កក្កដា។ មាស​ប្រគល់​ក្នុង​​កាលកំណត់ បាត់បង់​តម្លៃ​អស់ ០.៥% មក​នៅត្រឹម ១,៧៦២.៩ ដុល្លារ/អោន។

ក្រោយពី​បាន​ឡើងថ្លៃ​ក្នុង ៤ សប្ដាហ៍​កន្លង តម្លៃ​មាស​បាន​ថយចុះ ២.៩% ក្នុង​សប្ដាហ៍​នេះ ដែល​នេះ​ក៏​ជា​សប្ដាហ៍​ដែល​មាស​ធ្លាក់​ថ្លៃ​ខ្លាំង​បំផុត រាប់​ចាប់តាំងពី​សប្ដាហ៍​ដែល​បញ្ចប់​នៅ​ថ្ងៃទី ០៨ កក្កដា ២០២២។

ក្រុមអ្នកវិភាគ​ទីផ្សារ​បានឱ្យដឹងថា កត្តា​ដែលនាំឱ្យ​មាស​ធ្លាក់​ថ្លៃ​គឺ​ការ​ងើបឡើង​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក និង​ការ​ដែល​ រតនាគារជាតិ​អាម៉េរិក ត្រូវ​ការដំឡើង​ការប្រាក់​ដើម្បី​ទប់ទល់​នឹង​អតិផរណា។

Advertisement