ក្រុមហ៊ុន Alibaba ចាប់ដៃ​ជាមួយ​គូប្រជែង​របស់ Tesla ដើម្បី​អភិវឌ្ឍ​រថយន្ត​គ្មាន​មនុស្ស​បើកបរ

រថយន្ត​របស់​ក្រុមហ៊ុន Xpeng

ក្រុមហ៊ុន​ខ្នាត​យក្ស​របស់ ចិន Alibaba និង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​​ក្នុង​ស្រុក​ចិន Xpeng សហការគ្នា​បើក​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ធំ​មួយ​ ក្នុង​បំណង​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​បើកបរ​ដោយ​ស្វ័យប្រវត្ត។

ជា​បច្ចេកវិទ្យា​មួយ​ដែល​នៅ​ក្មេងខ្ចី ប្រព័ន្ធ​បើកបរ​ដោយ​ស្វ័យប្រវត្ត​របស់ Alibaba និង Xpeng នឹងត្រូវ​ការ​ពេល​ច្រើន​ដើម្បី​មាន​ទិន្នន័យ​ចាំបាច់​គ្រប់គ្រាន់​សម្រាប់​ការអភិវឌ្ឍ និង​បណ្ដុះបណ្ដាល​ប្រព័ន្ធ​ឱ្យ​សមស្រប​នឹង​ស្ថានភាព​ចរាចរណ៍​ជាក់ស្ដែង។ ក៏ប៉ុន្តែ Xpeng បានប្រកាសថា មជ្ឈមណ្ឌល​កុំព្យូទ័រ​ថ្មី​ដែល​ក្រុមហ៊ុន​នេះ និង Alibaba បង្កើតឡើង នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​ក្នុងការ​បណ្ដុះបណ្ដាល​រូបមន្ត​បើកបរ​ស្វ័យប្រវត្ត ពី ៧ ថ្ងៃ ចុះមក​នៅត្រឹម ១ ម៉ោង។ ជាក់ស្ដែង Xpeng នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ពី​វិស័យ​កុំព្យូទ័រ​ពពក (cloud computing) របស់ Alibaba សម្រាប់​បម្រើ​ដល់​តម្រូវការ​នៃ​មជ្ឈមណ្ឌល​កុំព្យូទ័រ​របស់ខ្លួន។

មជ្ឈមណ្ឌល​ដែលមាន​ឈ្មោះថា Fuyao នឹង​ត្រូវបាន​ស្ថាបនា​នៅក្នុង​តំបន់ Inner Mongolia ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ ប្រទេស​ចិន។

កិច្ចសហការ​ខាងលើ​នេះ​ បាន​បង្ហាញថា ក្រុម​ហ៊ុន​ Alibaba កំពុង​ប្រឹងប្រែង​ដើម្បី​លោត​ចូលក្នុង​វិស័យ​រថយន្ត​អគ្គិសនី​ដែល​កំពុងតែ​ផ្ទុះ​ការពេញនិយម​នាបច្ចុប្បន្ន។ សម្រាប់ Xpeng វិញ កិច្ចសហការ​នេះ​គឺជា​ការបោះ​ជំហាន​ដ៏​ធំ​មួយ​របស់ខ្លួន​នៅក្នុង​ការប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​ខ្នាត​យក្ស Tesla របស់ សហរដ្ឋ​អាម៉េរិក និង BYD របស់ ចិន នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​ពិភពលោក៕

Advertisement