ប្រេង​រ៉ែ​ពិភពលោក​ធ្លាក់​ថ្លៃភ្លាមៗ បន្ទាប់ពី OPEC+ សម្រេចចិត្ត​បង្កើន​ការផលិត

កាលពី​ថ្ងៃទី ០៣ សីហា តម្លៃ​ប្រេង​ពិភពលោក​បាន​ធ្លាក់​ថ្លៃ ក្រោយពី​ទិន្នន័យ​បាន​បង្ហាញថា បរិមាណ​ប្រេង​ឆៅ​ដែល​សល់​ក្នុង​ឃ្លាំង​របស់ សហរដ្ឋ​អាម៉េរិក កើនឡើង និង​អង្គការ​នៃ​ក្រុម​ប្រទេស​ផលិត​ប្រេង​រ៉ែ និង​ដៃគូ​សហការ (OPEC+) បាន​ឯកភាពគ្នា បង្កើន​បរិមាណ​ប្រេង​ក្នុង​ខែកញ្ញា​ខាងមុខ។

ជាក់ស្ដែង ប្រេង​ឆៅ WTI ប្រគល់​ក្នុង​ខែកញ្ញា បាន​ធ្លាក់​ថ្លៃ ៣.៧៦ ដុល្លារ (៤%) មក​នៅត្រឹម ៩០.៦៦ ដុល្លារ/ធុង នៅលើ​ផ្សារ​ជួញដូរ​ទំនិញ New York។ តម្លៃ​ប្រេង​ឆៅ Brent ប្រគល់​ក្នុង​ខែតុលា ក៏​ថយចុះ ៣.៧៦ ដុល្លារ (៣.៧%) មក​នៅត្រឹម ៩៦.៧៨ ដុល្លារ/ធុង នៅក្នុង​ផ្សារ​អន្តរទ្វីប។

ប្រេង​ធ្លាក់​ថ្លៃ បន្ទាប់ពី រដ្ឋបាល​ព័ត៌មាន​ថាមពល​អាម៉េរិក (EIA) បានឱ្យដឹងថា បរិមាណ​ប្រេង​ឆៅ​ដែល​សល់​នៅក្នុង​ឃ្លាំង​របស់​ប្រទេស​នេះ បាន​កើនឡើង ៤.៥ លាន​ធុង​នៅក្នុង​សប្ដាហ៍​ដែល​បញ្ចប់​កាលពី​ថ្ងៃទី ២៩ កក្កដា។ ទិន្នន័យ​របស់ EIA ក៏បាន​បង្ហាញថា បរិមាណ​ប្រេងសាំង​ដែល​សល់​សរុប​នៅក្នុង​សប្ដាហ៍​កន្លង​របស់ សហរដ្ឋ​អាម៉េរិក បាន​កើន ២០០,០០០ ធុង។

នៅក្នុង​កិច្ចប្រជុំ​ចុងក្រោយ​បំផុត អង្គការ OPEC+ បានសម្រេច​ចិត្ត​បង្កើន​ការផលិត​ប្រេង​បន្ថែម ១០០,០០០ ធុង/ថ្ងៃ សម្រាប់​ខែកញ្ញា ២០២២ ដើម្បី​ជួយ​ទប់​ទល់នឹង​តម្លៃ​ប្រេង​ដែល​ចេះតែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ៕

Advertisement