ប្រេងឥន្ធនៈ​​ពិ​ភព​លោក​ធ្លាក់​ថ្លៃ​ខ្លាំង ព្រោះតែ​ទិន្នន័យ​អវិជ្ជមាន​ ទាក់​ទិន​នឹង​​​សកម្ម​ភាព​​ផលិត​​ទំនិញ​

ស្ថានីយ​ប្រេងសាំង​នៅ កូរ៉េខាងត្បូង

ក្នុងការ​ស្ទាបស្ទង់​មតិ​​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមអ្នកវិភាគ​បាន​បន្ទាប​ការ​ព្យាករ​អំពី​តម្លៃ​មធ្យមភាព​​នៃ​ប្រេង Brent ឆ្នាំ ២០២២ ចុះមក​នៅត្រឹម ១០៥.៧៥ ដុល្លារ​អាម៉េរិក/ធុង។

ក្នុងការ​ជួញដូរ​កាល​ពីថ្ងៃ​ទី ០១ សីហា តម្លៃ​ប្រេង​ពិភពលោក​បាន​ថយចុះ​ប្រហែល ៤% នៅពេលមាន​​ទិន្នន័យ​អវិជ្ជមាន​ស្ដីពី​សកម្មភាព​ផលិត​ទំនិញ​នានា​​នៅក្នុង​ប្រទេស​មួយចំនួន «សង្កត់» លើ​ការរំពឹង​ចំពោះ​តម្រូវការប្រេង​។

ទន្ទឹមនឹងនេះ ក្រុម​អ្នកវិនិយោគ​កំពុងតែ​បង្វែរ​ចំណាប់អារម្មណ៍​ទៅរក​កិច្ចប្រជុំ​ដែល​នឹង​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សប្ដាហ៍​នេះ​របស់ អង្គការ​នៃ​បណ្ដា​ប្រទេស​ផលិត​ប្រេង​រ៉ែ (OPEC) និង​ក្រុម​សម្ព័ន្ធមិត្ត ដែល​ហៅថា OPEC+។

ការជួញដូរ​កាលពី​ម្សិលមិញ​ត្រូវបាន​បញ្ចប់​ដោយ​តម្លៃ​ប្រេង Brent ប្រគល់​មាន​កាលកំណត់ ធ្លាក់​ថ្លៃ ៣.៩៤ ដុល្លារ​អាម៉េរិក​ (៣.៨%) ចុះមក​នៅត្រឹម ១០០.០៣ ដុល្លារ/ធុង បន្ទាប់ពី​មានពេលខ្លះ​ធ្លាក់ចុះ​ដល់ ៩៩.០៩ ដុល្លារ/ធុង។

ចំណែក​តម្លៃ​ប្រេង​អាម៉េរិក WTI បាន​ធ្លាក់​ថ្លៃ ៤.៧៣ ដុល្លារ (៤.៨%) ចុះមក​នៅត្រឹម ៩៣.៨៩ ដុល្លារ/ធុង ក្រោយពី​បាន​ធ្លាក់ចុះ​ដល់ ៩២.៤២ ដុល្លារ/ធុង។

តម្លៃ​ប្រេង Brent និង WTI សុទ្ធតែ​បានបញ្ចប់​ខែ​​កក្កដា​ជាមួយនឹង​ការធ្លាក់​ថ្លៃ​ប្រចាំខែ ២ ខែ​ជា​បន្តបន្ទាប់។ នេះ​គឺជា​លើកដំបូង​ដែល​ទំនិញ​នេះ​បាន​ធ្លាក់​ថ្លៃ ២ ខែ​បន្តបន្ទាប់ រាប់​ចាប់ពី​ឆ្នាំ ២០២០។

ក្នុងការ​ស្ទាបស្ទង់​មតិ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមអ្នកវិភាគ​បាន​បន្ទាប​ការ​ព្យាករ​អំពី​តម្លៃ​មធ្យម​នៃ​ប្រេង Brent ឆ្នាំ ២០២២ ចុះមក​នៅត្រឹម ១០៥.៧៥ ដុល្លារ​អាម៉េរិក/ធុង។ ប្រេង WTI ក៏ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​ថយចុះ​មក​នៅ​ត្រឹម​ ១០១.២៨ ដុល្លារ/ធុង។

តាម​គម្រោង OPEC+ នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី ០៣ សីហា ដើម្បី​សម្រេច​អំពីការ​កំណត់​​បរិមាណ​ប្រេង​ដែល​នឹង​​ត្រូវ​ផលិត​នៅក្នុង​ខែកញ្ញា៕

Advertisement