អ្នកវិភាគ​ថា តម្លៃ​មាស​ក្នុង​សប្ដាហ៍​នេះ​​នឹង​កើនឡើង

ក្រុមអ្នកវិភាគ​យល់ថា មាស​ប្រហែលជា​បាន​ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប​បំផុត ហើយ​មានលទ្ធភាព​អាច​ងើប​ឡើងដល់ ១,៧៥០ ដុល្លារ នៅពេល​អារម្មណ៍​របស់​អ្នកវិនិយោគ​ក្នុង​ទីផ្សារ​មាស​បាន​ប្រសើរ​ឡើងវិញ។

ចប់​ការជួញដូរ​កាលពី​ចុង​សប្ដាហ៍​កន្លង មាស ១ អោន (ounce) ធ្លាក់​ថ្លៃ​មក​នៅត្រឹម ១,៦៧៨ ដុល្លារ​អាម៉េរិក ដែលជា​តម្លៃ​ទាប​បំផុត​ក្នុង​រយៈពេល ១ ឆ្នាំ​មកនេះ។ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគ​នៅតែ​លើកឡើង​នូវ​ការ​ព្យាករ​ប្រកបដោយ​សុទិដ្ឋិនិយម​ចំពោះ​តម្លៃ​មាស​សម្រាប់​ពេលខាងមុខ នៅពេល​អារម្មណ៍​របស់​អ្នកវិនិយោគ​បាន​ប្រែប្រួល បូករួម​នឹង​ការរំពឹងទុក​របស់​ក្រុម​អ្នកទិញ​ដូរ​បាន​ធ្លាក់ចុះ​ទាប​បំផុត​ក្នុង​មួយរយៈ​ពេល​ខ្លី​កន្លងទៅថ្មីៗនេះ។ ទន្ទឹមនឹងនេះ អ្នកវិនិយោគ​ជាច្រើន​កំពុង​សង្ស័យ​លើ​កម្លាំង​របស់​ប្រាក់​ដុល្លារ​អាម៉េរិក នៅពេល​វា​បាន​ថមថយ​ក្នុង​សប្ដាហ៍​ដំបូង​នៅក្នុង ៤ សប្ដាហ៍​កន្លង។

ក្នុង​ការស្ទង់មតិ​រប​ស់ Kitco News កាលពីពេលថ្មីៗនេះ ដោយមាន​ការចូលរួម​ពី​អ្នកវិភាគ​ចំនួន ១៨ រូប នៅ Wall Street ក្នុងនោះ​មាន​អ្នកជំនាញ ១២ រូប (៦៧%) បានបង្ហាញ​ការជឿជាក់​លើ​តម្លៃ​មាស​នៅក្នុង​សប្ដាហ៍​នេះ ក្នុងពេលដែល​អ្នកវិភាគ ៦ រូប​ផ្សេងទៀត (៣៣%) បាន​ព្យាករ​ថា មាស​នឹង​ធ្លាក់​ថ្លៃ និង​មិនមាន​អ្នកវិភាគ​ណា​ម្នាក់​យល់ថា តម្លៃ​មាស​នឹង​នៅ​ថេរ។

លទ្ធផល​នៃ​ការ​ស្ទង់​មតិ​អំពី​តម្លៃ​មាស​នៅ​ក្នុង​សប្ដាហ៍​នេះ រាប់ចាប់​ពី​ថ្ងៃទី ២៥ ដល់ ២៩ កក្កដា របស់ Kitco News

ដោយសារ​តែមាន​បញ្ហា​បច្ចេកទេស មាន​សន្លឹកឆ្នោត​តែ ១៨៧ សំឡេង​ប៉ុណ្ណោះ​ដែល​បានមកពី​អ្នកវិនិយោគ​ឯកបុគ្គល នៅក្នុង​ការស្ទង់មតិ​កាលពី​សប្ដាហ៍​កន្លង។ ក្នុងចំណោម​នេះ មាន ៥៦% យល់ថា មាស​នឹង​ឡើងថ្លៃ , ២៨% ព្យាករ​ថា មាស​នឹង​ធ្លាក់​ថ្លៃ ចំណែក ៣១% រក្សា​ជំហរ​កណ្ដាល (តម្លៃ​ថេរ) នៅក្នុង​សប្ដាហ៍​នេះ៕

Advertisement