Citigroup ៖ តម្លៃ​ប្រេង​អាច​ធ្លាក់​មក​នៅត្រឹម ៦៥ ដុល្លារ​អាម៉េរិក/ធុង នៅ​ចុង​ឆ្នាំនេះ

ការព្រួយបារម្ភ​អំពី​ហានិភ័យ​សេដ្ឋកិច្ច​ធ្លាក់​ទៅក្នុង​វិបត្តិ បណ្ដាលឱ្យ​ប្រេង​ពិភពលោក​បន្ត​ធ្លាក់​ថ្លៃ​នៅក្នុង​ការជួញដូរ​ក្នុង​ថ្ងៃទី ៦ កក្កដា ហើយ​បើ​យោងតាម​ក្រុមហ៊ុន Citigroup តម្លៃ​ប្រេង Brent អាច​ធ្លាក់​មក​នៅត្រឹម ៦៥ ដុល្លារ/ធុង នៅ​ចុងឆ្នាំ ២០២២ បើសិនជា​វិបត្តិ​សេដ្ឋកិច្ច​កើតឡើង។

ចប់​ការជួញដូរ​នៅក្នុង​ទីផ្សារ New York កាលពី​ម្សិលមិញ តម្លៃ​ប្រេង WTI ប្រគល់​ក្នុង​ខែសីហា បាន​ធ្លាក់ចុះ ៩៧ សេន​ដុល្លារ (១%) មក​នៅត្រឹម ៩៨.៥៣ ដុល្លារ/ធុង។ ក្នុង​គ្រា​នោះដែរ ក្នុង​ទីផ្សារ​នៅ ទីក្រុង​ឡុង​ដ៍ តម្លៃ​ប្រេង Brent ប្រគល់​ក្នុង​ខែកញ្ញា បាន​ធ្លាក់ចុះ ២.០៨ ដុល្លារ (២%) មក​នៅត្រឹម ១០០.៦៩ ដុល្លារ​អាម៉េរិក/ធុង។ ក្នុងការ​ជួញដូរ​កាល​ពី​ម្សិលមិញ ប្រេង Brent ពេលខ្លះ​បាន​ធ្លាក់​ថ្លៃ​មក​នៅក្រោម ១០០ ដុល្លារ/ធុង។

ក្នុងការ​ជួញដូរ​មួយថ្ងៃ​មុន​នោះ ប្រេង WTI បាន​ធ្លាក់​ថ្លៃ​មកក្រោម ១០០ ដុល្លារ/ធុង។ ជាក់ស្ដែង តម្លៃ​ប្រេង WTI ប្រគល់​ក្នុង​ខែសីហា កាលពី​ម្សិលម្ង៉ៃ​បាន​ធ្លាក់ចុះ ៨.៩៣ ដុល្លារ (៨.២%) មក​នៅត្រឹម ៩៩.៥០ ដុល្លារ​អាម៉េរិក/ធុង។

ការប្រែប្រួល​នៃ​តម្លៃ​ប្រេង បានបង្ហាញ​អំពី​ការព្រួយបារម្ភ​របស់​អ្នកវិនិយោគ​ចំពោះ​ហានិភ័យ​សេដ្ឋកិច្ច​សកល​ត្រូវ​ធ្លាក់​ទៅក្នុង​វិបត្តិ ដោយសារតែ​គោលនយោបាយ​បង្កើន​ការប្រាក់​ដើម្បី​ទប់ទល់​នឹង​បញ្ហា​អតិផរណា​របស់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក ដែល​ប៉ះពាល់​ដល់​តម្រូវ​ការប្រើ​ប្រាស់​ថាមពល។

យោងតាម​ក្រុមហ៊ុន Citigroup ប្រេង​ឆៅ​អាច​ធ្លាក់​ថ្លៃ​មក​នៅត្រឹម ៦៥ ដុល្លារ​អាម៉េរិក/ធុង​នៅ​ចុងឆ្នាំ​នេះ និង​នៅត្រឹម ៤៥ ដុល្លារ/ធុង​នៅ​ចុងឆ្នាំ ២០២៣ បើសិន​វិបត្តិ​សេដ្ឋកិច្ច​កើតឡើង។

ក្រុមអ្នកវិភាគ​របស់ Citigroup បានឱ្យដឹងថា ការរំពឹងទុក​នេះ​គឺ​យោងទៅលើ​លក្ខខណ្ឌ «OPEC+ មិន​ធ្វើ​អន្តរាគមន៍​ចូលក្នុង​ទីផ្សារ ហើយ​ការវិនិយោគ​ទៅលើ​សកម្មភាព​រុករក​ប្រេង​ត្រូវ​ធ្លាក់ចុះ៕

Advertisement