តម្លៃ​ប្រេង​នៅ អាស៊ី ធ្លាក់ចុះ​កាលពី​ព្រឹក​ថ្ងៃទី ៤ កក្កដា ដោយសារ​ការបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច

ការបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​សកល​បានដាក់​សម្ពាធ​ទៅលើ​ផ្លូវចិត្ត​របស់​អ្នកជំនួញ​ក្នុង​ទីផ្សារ ធ្វើឱ្យ​ប្រេង​ធ្លាក់​ថ្លៃ​នៅ អាស៊ី កាលពី​ព្រឹក​ថ្ងៃទី ៤ កក្កដា បើទោះជា​ប្រភព​ផ្គត់ផ្គង់​នៅតែ​តូចចង្អៀត​ក្នុង​គ្រា​ដែល​ទណ្ឌកម្ម​កំពុង​ធ្លាក់​ទៅលើ វិស័យ​ថាមពល​របស់ រុស្ស៊ី។

តម្លៃ​ប្រេង Brent ប្រគល់​ក្នុង​ខែកញ្ញា ២០២២ ធ្លាក់ចុះ ៣៦ សេន​ដុល្លារ (ប្រហែល ០.៣%) មក​នៅត្រឹម ១១១.២៧ ដុល្លារ/ធុង កាលពី​ម៉ោង ១០ ព្រឹក ថ្ងៃទី ៤ កក្កដា (ម៉ោង​នៅ ភ្នំពេញ)។ ប្រេង WTI ប្រគល់​ក្នុង​ខែសីហា ២០២២ ធ្លាក់​ថ្លៃ ៣៤ សេន​ដុល្លារ (០.៣%) មក​នៅត្រឹម ១០៨.០៩ ដុល្លារ/ធុង។

អ្នកវិភាគ Tina Teng មកពី​ក្រុមហ៊ុន CMC Markets ឱ្យដឹងថា ការបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​គឺជា​កត្តា​សំខាន់​ដែល​រារាំង​ការ​លោត​ឡើង​នៃ​តម្លៃ​របស់​ប្រេង។ អត្រា​ប្ដូរប្រាក់​កើនឡើង និង​ការធ្លាក់ចុះ​នៃ​ទំនុកចិត្ត​របស់​អ្នកប្រើប្រាស់​នៅ សហរដ្ឋ​អាម៉េរិក បាន​កាត់បន្ថយ​ក្ដីសង្ឃឹម​លើ​តម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ ខណៈដែល​របាយការណ៍​បាន​បង្ហាញថា ផលិតភាព​របស់​រោង​ចក្រ​ចម្រាញ់​ប្រេង​នៅ សហរដ្ឋ​អាម៉េរិក ត្រូវបាន​កែលម្អ។

អ្នកជំនាញ​ខាងលើ​ក៏បាន​សង្កត់ធ្ងន់ថា ប្រាក់​ដុល្លារ​អាម៉េរិក ឡើងថ្លៃ ក៏​ធ្វើឱ្យ​ទីផ្សារ​ទំនិញ​រួម​ចុះថោក ក្នុងនោះ​រួមមាន​ទាំង​តម្លៃ​ប្រេង​ឆៅ​ផងដែរ។

ទោះជា​យ៉ាងណាក៏ដោយ ការព្រួយបារម្ភ​អំពី​បញ្ហា​ប្រភព​ផ្គត់ផ្គង់ នៅតែ​ជួយ​ទប់​មិនឱ្យ​តម្លៃ​ប្រេង​ធ្លាក់​ថ្លៃ​ខ្លាំង៕

Advertisement