រថយន្ត​អគ្គិសនី​ប្រើ​ថាមពលព្រះអាទិត្យ អាច​រត់​បាន ៧០ គីឡូម៉ែត្រ​ជា​រៀងរាល់ថ្ងៃ

រថយន្ត Lightyear 0 អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ហូឡង់ Lightyear

ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់ ហូ​ឡង់ សាកល្បង​រថយន្ត​អគ្គិសនី​តម្លៃ ២៥០,០០០ អឺរ៉ូ ដែល​ដើរ​ដោយ​ថាមពល​ថាមពលព្រះអាទិត្យ​ទាំងស្រុង និង​គ្រោង​ផលិត​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខ។

ក្រោម​កម្ដៅថ្ងៃ​យ៉ាង​ក្ដៅ​នៅ​ភាគ​ខាងជើង​នៃ ប្រទេស​អេ​ស្ប៉ា​ញ Lightyear 0 ដែលជា​រថយន្ត​អគ្គិសនី​ព្រះអាទិត្យ​រយៈ​ចម្ងាយ​ឆ្ងាយ បាន​ត្រៀមខ្លួន​រួចរាល់ និង​បានធ្វើ​ការរត់​សាកល្បង មុននឹង​ចាប់ផ្ដើម​ផលិត​ជា​លើកដំបូង នៅក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំនេះ។

រថយន្ត Lightyear 0 ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់ ហូ​ឡង់ Lightyear។ ដោយមាន​ផ្ទាំង​សូ​ឡា​ជាច្រើន​ផ្ទាំង​ត្រូវបាន​បំពាក់​លើ​ដងខ្លួន រថយន្ត​នេះ អាច​រត់​បាន​ចម្ងាយ ៧០ គីឡូម៉ែត្រ ជា​រៀងរាល់ថ្ងៃ ដោយ​ប្រើប្រាស់​ថាមពលព្រះអាទិត្យ​ទាំងស្រុង។

Lex Hoefsloot ដែលជា​នាយក​ប្រតិបត្តិ​របស់ Lightyear បានឱ្យដឹងថា «នេះ​ទើបតែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ។ រថយន្ត​ដែលមាន​តម្លៃ ២៥០,០០០ អឺរ៉ូ នេះ គឺជា​គ្រឿង​ដំបូង វា​ជួយ​បញ្ជាក់​អំពី​លទ្ធភាព។ វា​គឺជា​យានយន្ត​សម្រាប់​បញ្ជាក់​អំពី​បច្ចេកវិទ្យា»។

«ប៉ុន្តែ គោលដៅ​របស់​យើង​គឺ​រួមទាំង​ទីផ្សារ​តម្លៃ​ទាប​នៅក្នុង​អំឡុង ៣ ឆ្នាំ ជាមួយនឹង​រថយន្ត​តម្លៃ ៣០,០០០ អឺរ៉ូ» លោក Lex Hoefsloot អះអាង​ដូច្នេះ។

យោងតាម​ក្រុមហ៊ុន Lightyear រថយន្ត​សិទ្ធិផ្ដាច់មុខ ចំនួន ៩៤៦ គ្រឿង នឹងត្រូវ​បាន​ផលិត​នៅពេល​ខាងមុខ និង​ប្រគល់ជូន​អតិថិជន​នៅក្នុង​ខែវិច្ឆិកា។

Advertisement