ចិន បញ្ចេញ​កប៉ាល់​ខ្នាត​យក្ស អាច​ចម្រាញ់​ប្រេង​ឆៅ​បាន ១៥០,០០០ ធុង និង ឧស្ម័ន​ធម្មជាតិ​បាន ៦ លាន​ម៉ែត្រគូប ជា​រៀងរាល់ថ្ងៃ

កប៉ាល់​ខ្នាត​យក្ស​មួយគ្រឿង​ដែល​ត្រូវបាន​ដំឡើង​រួចរាល់ និង​ប្រគល់ឱ្យ​អតិថិជន​នៅ ជប៉ុន កាលពី​ថ្ងៃទី ១៨ មិថុនា បាន​ក្លាយជា​កប៉ាល់​ផលិត និង​ផ្ទុក​ប្រេង​ឧស្ម័ន​ធំជាងគេ​បង្អស់​មួយ​នៅក្នុង​ពិភពលោក។

កប៉ាល់​ដែលមាន​ឈ្មោះថា FPSO Almirante Barroso MV32 គឺជា​គម្រោង​កប៉ាល់​ផលិត រក្សាទុក និង​លើកដាក់​ទំនិញ ទី ១១ ដែល​សាងសង់​ដោយ ក្រុមហ៊ុន​ចិន COSCO ទៅតាម​ការ​កុម្មង់​ពី ក្រុមហ៊ុន​ជប៉ុន MODEC Inc ដែលជា​អ្នកផ្គត់ផ្គង់ និង​គ្រប់គ្រង​ប្រព័ន្ធ​ខួង​អណ្ដែត​លើ​សមុទ្រ​ខ្នាត​អន្តរជាតិ។

ការប្រគល់​កប៉ាល់​ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី ១៨ មិថុនា នៅ​ទីក្រុង Dalian នៃ​ខេត្ត Liaoning ភាគ​ឦសាន​ប្រទេស​ចិន បាន​ជួយ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់ ប្រទេស​ចិន ក្នុងការ​ផ្គត់ផ្គង់​ឧបករណ៍​បច្ចេកទេស​ទំ​នើបៗសម្រាប់​ដែនសមុទ្រ។

កប៉ាល់ FPSO Almirante Barroso MV32 ត្រូវបាន​កែសម្រួល​ពី​កប៉ាល់​ដឹក​ប្រេង​ឆៅ​ខ្នាត​យក្ស (VLCC) មួយគ្រឿង​ដែលមាន​បណ្ដោយ​ប្រវែង ៣៣២ ម៉ែត្រ ទទឹង ៥៨ ម៉ែត្រ និង​កម្ពស់ ៣១ ម៉ែត្រ។

កប៉ាល់​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​តំបន់​រ៉ែ​ប្រេង Buzios របស់ ប្រេ​ស៊ី​ល នៅលើ​តំបន់​សមុទ្រ​ដែលមាន​ជម្រៅ ១,៩០០ ម៉ែត្រ។ FPSO Almirante Barroso MV32 អាច​ផ្ទុក​ប្រេង​ឆៅ​បាន​រហូតដល់ ១.៤ លាន​ធុង ហើយ​អាច​ចម្រាញ់​ប្រេង​ឆៅ​បាន ១៥០,០០០ ធុង និង ឧស្ម័ន​ធម្មជាតិ​បាន ៦ លាន​ម៉ែត្រគូប ជា​រៀងរាល់ថ្ងៃ។

គម្រោង FPSO មាន​មុខងារ​ផ្សេងគ្នា​ជាច្រើន រួមមាន​ដូចជា ការកែច្នៃ​ផលិតផល ការ​រក្សាទុក​ផលិតផល ការលើកដាក់​ផលិតផល និង​មាន​បន្ទប់​ស្នាក់នៅ​សម្រាប់​បុគ្គលិក និង​កម្មករ​ជាដើម។ សាល​សម្រាប់​ជួបជុំ លេង​កម្សាន្ត​សម្រាប់​បុគ្គលិក​របស់​កប៉ាល់​នេះ​អាចដាក់​មនុស្ស​បាន ១៦០ នាក់ ក្នុងពេល​តែមួយ និង​មាន​ស្ដង់ដា​ប្រហាក់ប្រហែល​នឹង​សណ្ឋាគារ​លំដាប់​ផ្កាយ ៥។

កប៉ាល់​នេះ​អាច​ដំណើរការ​ជា​បន្តបន្ទាប់​នៅ​តំបន់​រ៉ែ​លើ​សមុទ្រ​ក្នុង​រយៈពេល ២៨ ឆ្នាំ ដោយ​មិនបាច់​ចូល​ចត​នៅ​កំពង់ផែ និង​ថែទាំ៕

Advertisement