ប្រាក់ចំណូល​របស់​ក្រុម​ហ៊ុន​ Chanel កើនឡើង​ខ្ពស់​ដោយសារតែ​កែប្រែ​តម្លៃ​ជា​បន្តបន្ទាប់

ប្រាក់ចំណូល​ក្នុង​ឆ្នាំ ២០២១ របស់​ក្រុមហ៊ុន​បារាំង Chanel គឺ ១៥.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក។

ឆ្នាំ ២០២១ ប្រាក់ចំណូល​របស់​ក្រុមហ៊ុន Chanel គឺ ១៥.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម​ទិន្នន័យ​ដែល​ក្រុមហ៊ុន​នេះ​បាន​ចែករំលែក​ជាមួយ Business of Fashion។ តួលេខ​នេះ​កើនឡើង ៥០% ធៀប​នឹង​ចំណូល​កាលពី​ឆ្នាំ ២០២០ និង ២៣% ធៀប​នឹង​ឆ្នាំ ២០១៩។

ក្រុមហ៊ុន​នេះ​រកបាន​ប្រាក់​ចំណូល​ខ្ពស់ បើទោះជា​បាន​ចំណាយ​រហូតដល់ ១.៨ ពាន់​លាន​ដុល្លារ​ទៅលើ​សកម្មភាព​ទីផ្សារ​កាលពី​ឆ្នាំ​កន្លង។ ផលិតផល​ដែល​ក្រុមហ៊ុន Chanel លក់ដាច់​ជាងគេ​គឺ​ខោអាវ គ្រឿងអលង្ការ និង​នាឡិកា។ ផលិតផល​ទឹកអប់ ផលិតផល​ថែរក្សា​សម្រស់​របស់​ក្រុមហ៊ុន​នេះ​ក៏​ទទួលបាន​ជោគជ័យ​ច្រើន​ផងដែរ។

នាយក​ផ្នែក​ហិរញ្ញវត្ថុ Patrick Blondiaux របស់​ក្រុម​ហ៊ុន Chanel ឱ្យដឹងថា កំណើន​នៃ​ការលក់​ផលិតផល​របស់​ក្រុមហ៊ុន​គឺ​ដោយសារ​ការរួម​ផ្សំ​នៃ «ការធ្វើឱ្យមាន​តុល្យភាព» រវាង​ការដំឡើងថ្លៃ និង​ការបង្កើន​បរិមាណ​ផលិតផល។ Chanel បាន​ដំឡើងថ្លៃ ៣ លើក​ក្នុង​ឆ្នាំ ២០២១ និង ១ លើក​នៅ​ដើម​ឆ្នាំនេះ ព្រោះតែ​ការចំណាយ​លើ​វត្ថុធាតុដើម និង​ប្រាក់​ឈ្នួល​កាន់តែ​ខ្ពស់។ ខែមីនា​កន្លងទៅ ផលិតផល​មួយចំនួន​របស់ Chanel ត្រូវបាន​លក់​ថ្លៃ​ខ្ពស់​ទ្វេដង ធៀប​នឹង​តម្លៃ​មុន​វិបត្តិ​កូ​វីដ-១៩។

បើទោះជា​មានការ​ប្រែប្រួល​ដូចខាងលើ ប៉ុន្តែ Chanel នៅតែ​រក្សា​គោលការណ៍​មួយ នោះ​គឺ អតិថិជន​នឹងត្រូវ​ទិញ​នៅក្នុង​ហាង​ដោយផ្ទាល់។

Advertisement