ប្រទេស​ចិន អាច​ទិញ​ប្រេង​តម្លៃ​ថោក​​ក្នុង​បរិមាណ​ច្រើន​ពី រុស្ស៊ី ដើម្បី​បន្ថែម​ទៅក្នុង​ឃ្លាំង​យុទ្ធសាស្ត្រ

ឃ្លាំង​ប្រេង​​មួយ​នៅ​ឯ​កំពង់ផែ Zhuhai ប្រទេស​ចិន កាលពី​ឆ្នាំ​ ២០១៨

ក្រុមមន្ត្រី​ចិន ត្រូវបាន​គេ​ជឿថា កំពុង​ចរចា​ជាមួយ​ក្រុមមន្ត្រី​នៅ មូ​ស្គូ ដើម្បី​ទិញ​ប្រេង​ក្នុងតម្លៃ​ទាប​ពី ប្រទេស​រុស្ស៊ី សម្រាប់​បន្ថែម​ទៅក្នុង​ឃ្លាំង​យុទ្ធសាស្ត្រ។

Bloomberg ដកស្រង់​ប្រភពព័ត៌មាន​អនាមិក ឱ្យដឹងថា ការចរចា​ត្រូវបាន​ធ្វើឡើង​ក្នុង​ថ្នាក់​រដ្ឋាភិបាល​រវាង ទីក្រុង​ប៉េកាំង និង មូ​ស្គូ ប៉ុន្តែ បណ្ដា​ក្រុមហ៊ុន​ប្រេង ទំនងជា​មិនបាន​ចូលរួម​ផ្ទាល់​ក្នុងការ​ចរចា​នេះ​ទេ។ ប្រការនេះ​បង្ហាញថា ចិន កំពុងតែ​បង្កើន​កិច្ចសហការ​ប្រតិបត្តិ​ក្នុង​វិស័យ​ថាមពល​ជាមួយ រុស្ស៊ី ក្នុង​គ្រា​ដែល លោកខាងលិច ស្វែងរក​វិធី​ហាមឃាត់​ការនាំ​ចូល​ប្រេង​ពី រុស្ស៊ី ដោយសារតែ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

ប្រេង​បាន​ឡើងថ្លៃ​ខ្ពស់​ក្នុងឆ្នាំនេះ ក្រោយពី រុស្ស៊ី បើក​ការឈ្លានពាន​លើ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ប៉ុន្តែ តម្លៃ​ប្រេង​ឆៅ​របស់ រុស្ស៊ី បែរជា​ធ្លាក់​ថ្លៃ ព្រោះតែ អតិថិជន​ជាច្រើន​មិន​ចង់​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​បស្ចិម​លោក។ ប្រការនេះ​បាន​ជួយ​ឱ្យ ចិន អាច​ទិញ​ប្រេង​ពី រុស្ស៊ី ក្នុង​តម្លៃថោក សម្រាប់​បន្ថែម​ទៅក្នុង​ឃ្លាំង​យុទ្ធសាស្ត្រ។

«ចិន និង រុស្ស៊ី ចូលរួម​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ធម្មតា ក្នុង​ក្របខណ្ឌ​គោរព​គ្នា ស្មើភាព​គ្នា និង​ផលប្រយោជន៍​រួមគ្នា» អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Wang Wenbin ប្រកាស​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី ២០ ឧសភា មួយថ្ងៃ​បន្ទាប់ពី​ព័ត៌មាន​ទាក់ទង​នឹង​ការចរចា​ទិញ​ប្រេង​ខាងលើ​ត្រូវបាន​ចុះផ្សាយ​ដោយ Bloomberg។

ចិន មិនបាន​ប្រកាស​ឱ្យដឹង​អំពី​ទំហំ​នៃ​ឃ្លាំង​ប្រេង​យុទ្ធសាស្ត្រ​របស់ខ្លួន​នោះទេ ប៉ុន្តែ ក្រុមហ៊ុន​ប្រឹក្សា​យោបល់​មួយចំនួន វិភាគ​រូបភាព​បាន​ពី​ផ្កាយរណប បាន​សន្និដ្ឋានថា ប្រទេស​នេះ​មានលទ្ធភាព​រក្សា​ប្រេង​ជាង ១ ពាន់​លាន​ធុង​ក្នុង​ឃ្លាំង​យុទ្ធសាស្ត្រ និង​ពាណិជ្ជកម្ម៕

Advertisement