កម្មករ​រុស្ស៊ី រាប់ពាន់នាក់​នៅ​ទីក្រុង​ផលិត​រថយន្ត ត្រូវ​បាត់បង់​ការងារ ​ក៏​ព្រោះតែ​ទណ្ឌកម្ម​ពី​បស្ចិម​លោក ​ទាក់​ទង​​នឹង​​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន

នៅពេល​ទណ្ឌកម្ម​នានារ​បស់​លោកខាងលិច ត្រូវបាន​ដាក់​ទៅលើ​ទីក្រុង Kaluga របស់ រុស្ស៊ី ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប​រទេស​ដែល​រកស៊ី​នៅទីនេះ កម្មករ​រាប់ពាន់នាក់​ក្នុង​វិស័យ​រថយន្ត ត្រូវ​ឈប់ ឬ​ផ្អាក​ពី​ការងារ​ដោយ​មិន​ទទួលបាន​ប្រាក់ខែ ខណៈដែល​តម្លៃ​ទំនិញ​កើនឡើង​ខ្ពស់។

យោងតាម​សារព័ត៌មាន Reuters ក្រុមមន្ត្រី​នៅ​តំបន់ Kaluga (មាន​ចម្ងាយ​ពី ទី​ក្រូ​ង​មូ​ស្គូ ១៩០ គីឡូម៉ែត្រ ទៅ​ទិសនិរតី) ឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ ២០០៦ ពួកគេ​ទាក់ទាញ​ការវិនិយោគ​បាន ១៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​ភាគច្រើន​គឺ​ទុន​ពី​បរទេស។

ក៏ប៉ុន្តែ ទណ្ឌកម្ម​របស់​បស្ចិម​លោក ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅនេះ បានធ្វើឱ្យ​បញ្ហា​ខ្វះ​គ្រឿងបន្លាស់​កាន់តែ​មាន​សភា​ព​ធ្ងន់ធ្ងរ និង​បណ្ដាលឱ្យ​រោងចក្រ​ផលិត​រថយន្តធំៗចំនួន ២ របស់ Volkswagen (អាល្លឺម៉ង់) និង Volvo (ស៊ុយអែត) ត្រូវ​ផ្អាក​ដំណើរការ។

រោងចក្រ​ផលិត​រថយន្ត​ទី​បី គឺ PSMA Rus ដែលជា​កិច្ចសហការ​រវាង Stellantis និង Mitsubishi និង​មាន​កម្មករ​ប្រមាណ ២,០០០ នាក់ ក៏​អាច​នឹងត្រូវ​ផ្អាក​ដំណើរការ​ក្នុងពេលឆាប់ៗនេះ ព្រោះតែ​កង្វះ​គ្រឿងបន្លាស់។

Pavel Terpugov ជា​កម្មករ​ម្នា​ក់នៅ​រោងចក្រ PSMA Rus ឱ្យដឹងថា «មិន​ច្បាស់​ថា នឹងមាន​អ្វី​កើតឡើង​បន្តទៀត។ ពួកគេ​មិនបាន​ផ្ដល់ព័ត៌មាន​ជាក់លាក់​ឱ្យ​ពួកយើង​ដឹង​ទេ»។

Pavel Terpugov ប្រាប់ថា គាត់​ត្រូវ​ចំណាយ​ប្រាក់​ច្រើនជាង​មុន​ទ្វេដង នៅពេល​ទិញ​គ្រឿងទេស បើ​ធៀប​នឹង​មុនពេល​មានទណ្ឌ​កម្ម។ ក្រុមអ្នកវិភាគ​ព្យាករ​ថា អតិផរណា​របស់ រុស្ស៊ី អាច​កើនឡើង ២៤% ក្នុងឆ្នាំនេះ គ្រា​ដែល​សេដ្ឋកិច្ច​អាច​ថយចុះ​ស្មើនឹង​ឆ្នាំ ២០០៩។

សហរដ្ឋ​អាម៉េរិក និង អឺរ៉ុប កំពុង​ពិចារណា​លើ​ការដាក់ទណ្ឌកម្ម​បន្ថែម ប្រឆាំងនឹង រុស្ស៊ី បន្ទាប់ពី​មានការ​ចោទប្រកាន់ថា កងទ័ព​រុស្ស៊ី បាន​បាញ់សម្លាប់​ជន​ស៊ី​ល​នៅ អ៊ុយ​ក្រែ​ន។

Advertisement