ថ្ងៃនេះ តម្លៃ​ប្រេង​​ធ្លាក់​​ដាំក្បាល​ចុះ​ជ្រៅ​​ ព្រោះ​​តែ​ ​អាម៉េរិក​ គ្រោង​​បញ្ចេញ​​ប្រេង​​រាប់​រយ​​លាន​​​ធុង​​ពី​​ឃ្លាំង

តម្លៃ​ប្រេង WTI និង Brent ដាំ​ក្បាល​ចុះ​ត្រង់​នៅក្នុងពេល​ចាប់ផ្ដើម​ការជួញដូរ ដោយសារតែ សហរដ្ឋ​អាម៉េរិក ពិចារណា​អំពី​ការបញ្ចេញ​ប្រេង​ពី​ឃ្លាំង ដើម្បី​ដោះស្រាយ​បញ្ហា​អតិផរណា និង​កង្វះ​ប្រភព​ផ្គត់ផ្គង់​ប្រេង។

ប្រេង​ឆៅ​អាម៉េរិក WTI ព្រឹក​នេះ មានពេលខ្លះ​ធ្លាក់​ថ្លៃ ៥.៥% ចុះមក​នៅត្រឹម ១០២.២ ដុល្លារ/ធុង។ តម្លៃ​ប្រេង Brent ក៏​ដាំ​ក្បាល​ចុះ​ដូចគ្នានេះ មក​នៅត្រឹម ១០៨.៣ ដុល្លារ/ធុង។ បច្ចុប្បន្ន ប្រេង​ទាំងពី​ប្រភេទ​នេះ កំពុង​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់​តម្លៃ​ពី ១០៣ ដល់ ១០៩ ដុល្លារ/ធុង។

មូលហេតុ​ដែលនាំឱ្យ​តម្លៃ​ប្រេង​ដាំ​ក្បាល​ចុះ​នេះ​គឺ ព្រោះតែ​ព័ត៌មាន និង​សញ្ញា​នានា​បង្ហាញថា រដ្ឋាភិបាល​របស់ ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន កំពុង​ពិចារណា​អំពី​ការបញ្ចេញ​ប្រេង​យ៉ាងច្រើន ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​អតិផរណា និង​កង្វះ​ប្រភព​ផ្គត់ផ្គង់​ប្រេង​នៅ​ប្រទេស​នេះ ដែល​កើតឡើង​ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

Bloomberg ដកស្រង់​ប្រភពព័ត៌មាន​ពី​រដ្ឋាភិបាល​អាម៉េរិក ឱ្យដឹងថា អាជ្ញាធរ​កំពុង​ពិចារណា​ក្នុងការ​បញ្ចេញ​ប្រេង​ប្រហែល ១ លាន​ធុង/ថ្ងៃ ក្នុង​រយៈពេល​ច្រើន​ខែ។ ប្រភពព័ត៌មាន​ខាងលើ​បញ្ជាក់ថា អាម៉េរិក អាច​បញ្ចេញ​ប្រេង​រហូតដល់ ១៨០ លាន​ធុង ពី​ឃ្លាំង​របស់ខ្លួន។

Advertisement