សារព័ត៌មាន​វៀតណាម អួតថា ​ក្រុម​ហ៊ុន​ VinFast មាន​អ្វីមួយ​ពិសេស​ ដែល Tesla មិន​ធ្លាប់មាន ពេល​ចូល​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អាម៉េរិក

មហា​សេដ្ឋី​វៀតណាម Pham Nhat Vuong ម្ចាស់​ក្រុម​ហ៊ុន​ VinFast និង​ មហា​សេដ្ឋី​អាម៉េរិក Elon Musk ម្ចាស់​ក្រុម​ហ៊ុន​ Tesla

ថ្មីៗនេះ សេត​វិមាន បង្ហោះ​សារ​នៅ​បណ្ដាញ​សង្គម​ថា ការដែល VinFast សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​តម្លៃ ៤ ពាន់​លាន​ដុល្លារ នៅ សហរដ្ឋ​អាម៉េរិក រួម​នឹង​ការប្រឹងប្រែង​របស់ Ford, GM និង Siemens ជាដើម នៅ​ប្រទេស​នេះ បង្ហាញថា រដ្ឋាភិបាល​របស់ លោក បៃ​ដិ​ន កំពុង​កសាង​សេដ្ឋកិច្ច​ថាមពល​ស្អាត ស្ដារឡើងវិញ​នូវ​បណ្ដាញ​ផ្គត់ផ្គង់​នៅ សហរដ្ឋ​អាម៉េរិក និង​កាត់បន្ថយ​ការចំណាយ​របស់​ពលរ​ដ្ឋ​អាម៉េរិក។

ព័ត៌មាន​ខាងលើ​ត្រូវបាន​កាសែត​របស់ វៀតណាម លើក​យកមក​អះអាងថា ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀត​ណា VinFast ទទួល​បានការ​រំលឹក​ឈ្មោះ​ពី​សំណាក់​ប្រធានាធិបតី​អាម៉េរិក ខណៈដែល Tesla មិន​ធ្លាប់​ទទួលបាន​ប្រការនេះ ដែល​នេះ​គឺជា​ប្រការ​ដែល VinFast មាន ហើយ Tesla មិនមាន។

ម្យ៉ាងទៀត កន្លងមក រវាង​សេត​វិមាន ក៏ដូចជា​លោក បៃ​ដិ​ន និង​លោក Elon Musk ដែលជា CEO របស់ Tesla ហាក់​មាន​ទំនាក់ទំនង​មិនល្អ​នឹង​គ្នា ព្រោះថា មហាសេដ្ឋី Elon Musk ពុំ​ធ្លាប់​ទទួលបាន​ការអញ្ជើញ​ឱ្យ​ចូលជួប​ប្រធានាធិបតី បៃ​ដិ​ន ម្ដងណា​ឡើយ នៅ សេត​វិមាន បើទោះជា​លោក Musk គឺជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​លំដាប់​លេខ ១ ក្នុង​ពិភពលោក។

ប្រភពព័ត៌មាន​ដែល​គួរ​ទុកចិត្តបាន និយាយថា ទីប្រឹក្សា​ជាច្រើនរូប​របស់លោក បៃ​ដិ​ន បដិសេធ​ការអញ្ជើញ​មហាសេដ្ឋី Elon Musk ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នានា​នៅ សេត​វិមាន នាពេល​អនាគត ព្រោះ​បារម្ភ​ថា មហាសេដ្ឋី​ដែល​ចូលចិត្ត​និយាយ​ត្រង់ និង​មិន​សំច័យមាត់​នេះ អាច​លើកឡើង​នូវ​បញ្ហា​មួយចំនួន​ដែល​ធ្វើឱ្យ ប្រធានាធិបតី​អាម៉េរិក ឬ​រដ្ឋាភិបាល មានការ​ទើសទាល់។

សារ​របស់ ប្រធានាធិបតី បៃ​ដិ​ន ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម មាន​ខ្លឹមសារ​ថា «ថ្ងៃនេះ VinFast ប្រកាសថា​នឹង​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី និង​ថ្ម នៅ North Carolina (រោងចក្រ​តម្លៃ ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក) បង្កើត​ការងារ​ចំនួន ៧,០០០ កន្លែង។ នោះ​គឺជា​ឧទាហរណ៍​ថ្មី​បំផុត​ស្ដីពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​របស់​យើង ដែល​បានបង្ហាញ​ប្រសិទ្ធភាព»៕

Advertisement