ប្រេង​ឡើងថ្លៃ​លើសពី ១២០ ដុល្លារ/ធុង ខណៈ​មាស​ធ្លាក់​ថ្លៃ​ទៅវិញ

បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី ២៥ មីនា តម្លៃ​ប្រេង​បាន​កើន​ឡើងដល់​ជាង​ពី ១២០ ដុល្លារ​អាម៉េរិក/ធុង​បារ៉ែល ចំណែក​មាស និង​លោហធាតុ​មានតម្លៃ​មួយចំនួន បែរជា​ធ្លាក់​ថ្លៃ។

ប្រេង​ឡើងថ្លៃ​ជាង ១% ឡើងដល់​ជាង ១២០ ដុល្លារ/ធុង ព្រោះតែ​ផលប៉ះពាល់​ពី​ករណី​កងកម្លាំង​បះបោរ​របស់ យេ​ម៉ែន បាន​បាញ់​រ៉ុក្កែត ទៅលើ​ឃ្លាំង និង​រោងចក្រ​ចម្រាញ់​ប្រេង​របស់ អា​រ៉ា​ប៊ី​សា​អូឌីត។

ប្រេង​ឆៅ Brent កាលពី​ថ្ងៃទី ២៥ មីនា បញ្ចប់​ការជួញដូរ​ក្នុងតម្លៃ ១២០.៦៥ ដុល្លារ/ធុង ដោយ​កើន ១.៦២ ដុល្លារ ដែល​ប្រហាក់ប្រហែល​នឹង ១.៤% ចំណែក​ប្រេង WTI កើន ១.៥៦ ដុល្លារ ប្រហែល​នឹង ១.៤% ឡើងដល់ ១១៣.៩ ដុល្លារ/ធុង។ ក្នុងការ​ជួញដូរ​ដំបូង ប្រេង​ទាំងពីរ​ប្រភេទ​ខាងលើ​សុទ្ធតែ​ធ្លាក់​ថ្លៃ ៣ ដុល្លារ/ធុង។ ក្នុង ១ សប្ដាហ៍​កន្លងមកនេះ ប្រេង Brent ឡើងថ្លៃ​ជាង ១១.៥% និង​ប្រេង WTI ឡើងថ្លៃ ៨.៨%។

តម្លៃ​ឧស្ម័ន​ធម្មជាតិ កើនឡើង​ខ្ពស់បំផុត​ក្នុងអំឡុង ៨ សប្ដាហ៍​មកនេះ ចំណែក​ស្ករ​ចម្រាញ់​ឡើងថ្លៃ​ខ្ពស់បំផុត​ក្នុង ៥ ឆ្នាំ ខណៈដែល​ដែក កៅស៊ូ​ជប៉ុន កាហ្វេ ស្រូវ​សាលី ពោត ប្រេងដូង និង​សណ្ដែកសៀង សុទ្ធ​ក៏​តែ​កើនឡើង។

រីឯ​មាស ប្រាក់ និង​ប្លា​ទីន សុទ្ធតែ​ធ្លាក់​ថ្លៃ ក្នុងនោះ តម្លៃ​មាស​ប្រគល់​ភ្លាម​ថយ ០.៣% មក​នៅត្រឹម ១,៩៥២.៦ ដុល្លារ/អោន និង​មាស​កំណត់ពេល​ក្នុង​ខែមេសា ២០២២ ថយចុះ ០.៤% មក​នៅត្រឹម ១,៩៥៤.២ ដុល្លារ/អោន (មាស ១ អោន (ounce) ស្មើនឹង​ជិត ៨.៣ ជី)៕

Advertisement