តម្លៃ​ប្រេងថយចុះ​បន្តិច​ ខណៈ​​មាស​​​ធ្លាក់​​ថ្លៃ​មក​នៅ​​ទាប​បំផុត​ក្នុង​អំឡុង​ជិត​ ១ សប្ដាហ៍

បញ្ចប់​ការជួញដូរនៅ​​ក្នុង​ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ ប្រេង និង​មាស បាន​បន្ត​ធ្លាក់​ថ្លៃ​បន្តិច ធៀប​នឹង​មួយថ្ងៃ​មុន​នោះ។

មូលហេតុ​ដែលនាំឱ្យ​ប្រេង និង​មាស​ធ្លាក់​ថ្លៃ គឺ​បណ្ដាលមកពី​ប្រទេស​មួយចំនួន​ដែលជា​សមាជិក​របស់ សហភាព​អឺរ៉ុប (EU) មិន​ព្រម​ចូលរួម​ជាមួយ សហរដ្ឋ​អាម៉េរិក ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​របស់ រុស្ស៊ី ដើម្បី​ប្រឆាំងនឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

ប្រេង​ធ្លាក់​ថ្លៃ​បន្តិច

បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី ២២ មីនា ប្រេង​ឆៅ Brent ធ្លាក់​ថ្លៃ ១៤ សេន​ដុល្លារ​អាម៉េរិក ប្រហែល ០.២% ចុះមក​នៅត្រឹម ១១៥.៤៨ ដុល្លារ/ធុង​បារ៉ែល ខណៈដែល​តម្លៃ​ប្រេង​ឆៅ WTI ថយចុះ ៣៦ សេន​ដុល្លារ​អាម៉េរិក ប្រហែល ០.៣% ចុះមក​នៅត្រឹម ១១១.៧៦ ដុល្លារ/ធុង។ ក្នុង​ថ្ងៃ​ជួញដូរ​មុន​នោះ ប្រេង​ទាំងពីរ​ប្រភេទ​នេះ​បាន​ធ្លាក់​ថ្លៃ​ជាង ៧% ដូចគ្នា។

ការដែល​រដ្ឋមន្ត្រីការបរទេស​នានា​របស់ EU ក្នុងនោះ​មាន ប្រទេស​អាល្លឺម៉ង់ និង ហុង​គ្រី ជាដើម ខ្វែងគំនិត​គ្នា​នៅក្នុង​បញ្ហា​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​របស់ រុស្ស៊ី ដើម្បី​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ប្រទេស​នេះ​ទៅលើ អ៊ុយ​ក្រែ​ន ត្រូវបាន​គេ​មើលឃើញថា ជា​មូលហេតុ​ចម្បង​ដែលនាំឱ្យ​ប្រេង​ធ្លាក់​ថ្លៃ។

តម្លៃ​មាស​ទាប​បំផុត​ក្នុងអំឡុង​ជិត ១ សប្ដាហ៍​មកនេះ

មាស​ធ្លាក់​ថ្លៃ​ជាង ១% ចុះមក​នៅ​ទាប​បំផុត​ក្នុងអំឡុង​ជិត ១ សប្ដាហ៍​កន្លង ក្រោយពី​ប្រធាន​ធនាគារជាតិ​អាម៉េរិក Jerome Powell បាន​បង្ហើប​ដោយ​ប្រយោល​អំពី​ការបង្កើន​ការប្រាក់​ដ៏​ធំ​មួយ​ក្នុងឆ្នាំនេះ ដើម្បី​ទប់ទល់​នឹង​អតិផរណា​ដែល​កើនឡើង​ខ្ពស់ ធ្វើឱ្យ​ទិន្នផល​សញ្ញាប័ណ្ណ​របស់រ​ត​នាគារ​អាម៉េរិក កើនឡើង។

មាស​ប្រគល់​ភ្លាម​នៅលើ​ផ្សារ LBMA ធ្លាក់​ថ្លៃ ០.៧% មក​នៅត្រឹម ១,៩២១.៥៨ ដុល្លារ/អោន (មាស ១ អោន (ounce) ប្រហាក់ប្រហែល​នឹង ៨.៣ ជី) ចំណែក​មាស​ប្រគល់​មាន​កាលកំណត់​ក្នុង​ខែមេសា ២០២២ នៅលើ​ផ្សារ​ហ៊ុន New York ថយចុះ ០.៤% មក​នៅត្រឹម ១,៩២១.៥០ ដុល្លារ/អោន។

Advertisement