ទីក្រុង​មូ​ស្គូ គំរាម​រឹបអូស​ទ្រព្យសម្បត្តិ​របស់​បណ្ដា​ក្រុមហ៊ុន​ដែល​ចាក​ចេញពី រុស្ស៊ី

យោងតាម WSJ រដ្ឋអាជ្ញា​តុលាការ​រុស្ស៊ី បាន​ព្រមាន​ថា អាច​ចាប់ខ្លួន​មេដឹកនាំ ឬ​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់​បណ្ដា​ក្រុមហ៊ុន​លោកខាងលិច​ដែល​ដកខ្លួន​ចេញពី​ទឹកដី រុស្ស៊ី។

ប្រភពព័ត៌មាន​របស់ Wall Street Journal ឱ្យដឹងថា ក្នុង​សប្ដាហ៍​កន្លង រដ្ឋអាជ្ញា​នៃ​តុលាការ​របស់ រុស្ស៊ី បាន​ផ្ញើ​ការព្រមាន​ដល់​បណ្ដា​ក្រុមហ៊ុន ដូចជា Coco-Cola, McDonald’s, Procter & Gamble Co., International Business Machines និង​ម្ចាស់ KFC – Yum Brands។ ក្រុមហ៊ុន​ទាំងនេះ​ត្រូវបាន​គំរាម​ប្ដឹង ឬ​រឹបអូស​ទ្រព្យសម្បត្តិ ក្នុងនោះ​មាន​ទាំង​យីហោ​ផងដែរ។

ការព្រមាន​របស់ រុស្ស៊ី នេះ បានធ្វើឱ្យ​ក្រុមហ៊ុន​យ៉ាងហោច​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ជា​គោលដៅ ត្រូវ​កាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​បណ្ដា​សាខា​នៅ រុស្ស៊ី និង​បណ្ដា​សាខា​ដែល​នៅសល់ ព្រោះ​បារម្ភ​ថា សារ និង​អ៊ី​មេ​ល ត្រូវ​អាជ្ញាធរ​រុស្ស៊ី រាំងខ្ទប់។ បណ្ដា​ក្រុមហ៊ុនផ្សេងៗ បាន​បញ្ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ចេញពី រុស្ស៊ី រួចរាល់​ហើយ។

បច្ចុប្បន្ន អ្នកនាំពាក្យ​របស់ Coca-Cola, IBM, P&G និង McDonald’s, Yum (KFC និង Pizza Hut) នៅ រុស្ស៊ី បាន​បដិសេធ​ការអធិប្បាយ​អំពី​បញ្ហា​នេះ។

បន្ទាប់ពី​បាន​បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន ក្រុមហ៊ុន​របស់​បណ្ដា​ប្រទេស​លោកខាងលិច បាននាំគ្នា​បិទទ្វារ ឬ​កាត់បន្ថយ​សកម្មភាព​ជំនួញ​របស់​ពួកគេ​នៅ រុស្ស៊ី ព្រោះតែ​រង​ផលប៉ះពាល់​ពី​ការដាក់ទណ្ឌកម្ម​របស់​បស្ចិម​លោក មកលើ រុស្ស៊ី។

យោងតាម​សាលា​គ្រប់គ្រង Yale បច្ចុប្បន្ន មាន​ក្រុមហ៊ុន​បរទេស​ជាង ៣៥០ ស្ថាប័ន បានប្រកាសថា​នឹង​ចាកចេញ ឬ​ផ្អាក​សកម្មភាព​អាជីវកម្ម​នៅ រុស្ស៊ី។

Jen Psaki លេខា​ផ្នែក​សារព័ត៌មាន​របស់ សេត​វិមាន បានឱ្យដឹងថា៖ «រាល់​ការប្រឹងប្រែង​ដោយ​ខុសច្បាប់​របស់ រុស្ស៊ី ក្នុង​បំណង​រឹបអូស​ទ្រព្យ​របស់​បណ្ដា​ក្រុមហ៊ុន នឹង​នាំទៅរក​ផលវិបាក​ផ្នែក​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ»។

Advertisement