ក្រុមហ៊ុន​សម្លៀកបំពាក់​របស់​តារាចម្រៀង Rihanna កំពុង​ពិចារណា​អំពី IPO ក្នុងតម្លៃ​រាប់ពាន់​លាន​ដុល្លារ

Robyn Rihanna Fenty NH តារា​ចម្រៀង​ និង​ជា​អ្នក​ជំនួញ​ជនជាតិ​អាម៉េរិក

Savage X Fenty កំពុងធ្វើការ​ជាមួយ​បណ្ដា​ធនាគារ រួមមាន Goldmine Sachs និង Morgan Stanley ដើម្បី​អាចធ្វើ IPO នៅក្នុង​ឆ្នាំ ២០២២ នេះ ជាមួយនឹង​តម្លៃ ៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។

Rihanna ដែលជា​តារាចម្រៀង និង​ជា​អ្នកជំនួញ​ក្នុង​វិស័យ​សម្លៀកបំពាក និង​សម្រស់ កំពុងធ្វើការ​ជាមួយ​បណ្ដា​ទីប្រឹក្សា ស្ដីពី​ការបោះ​ផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ​លើកដំបូង (IPO) ដែល​អាច​កំណត់​តម្លៃ​របស់​ក្រុមហ៊ុន​សម្លៀកបំពាក់ Savage X Fenty របស់​នាង ឡើងដល់​យ៉ាងហោច ៣ ពាន់​លាន​ដុល្លារ នេះ​បើតាម​សារព័ត៌មាន Bloomberg។ ជាក់ស្ដែង Savage X Fenty កំពុងធ្វើការ​ជាមួយ​ធនាគារ Goldmon Sachs និង Morgan Stanley ដើម្បី​អាចធ្វើ IPO នៅក្នុង​ឆ្នាំនេះ។

ក៏ប៉ុន្តែ Savage X Fenty ត្រូវបាន​គេ​ជឿ​ង​ថា មិនទាន់​ធ្វើ​សេចក្ដីសម្រេច​ចុងក្រោយ​នៅឡើយ ស្ដីពី​ការធ្វើ IPO ក្នុងនោះ ផែនការ​នេះ រួម​នឹង​ពេលវេលា​ជាក់លាក់​ក៏​អាច​នឹង​ត្រូវបាន​ប្ដូរផ្លាស់។

ក្រុមហ៊ុន​របស់​តារាចម្រៀង Rihanna ធ្លាប់​ប្រមូល​ទុន​បាន ១២៥ លាន​ដុល្លារ កាលពី​ខែមករា ក្នុង​យុទ្ធនា​ការប្រមូល​ទុន​មួយ​ដែល​នាំមុខ​ដោយ Neuberger Berman ដោយមាន​ការចូលរួម​ពី​ក្រុម​អ្នកវិនិយោគដំបូងៗ ដូចជា L Catterton, Avenir Growth Capital, Sunley House Capital Management និង Jay-Z’s Marcy Venture Partners នេះ​បើតាម​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទិន្នន័យ PitchBook។

ក្រៅពី Savage X Fenty តារាចម្រៀង​ស្បែក​ខ្មៅ Rihanna ក៏​ជា​ម្ចាស់​យីហោ Fenty Beauty ជា​ក្រុមហ៊ុន​មួយ​ធ្លាប់បាន​បង្ក «ព្យុះភ្លៀង» ក្នុង​ទីផ្សារ​សម្អាង បន្ទាប់ពី​បានបង្ហាញ​ខ្លួន​កាលពី​ឆ្នាំ ២០១៧ រួម​នឹង​ក្រុមហ៊ុន Fenty Skin។ ក្រុមហ៊ុន​ទាំងអស់​របស់ Rihanna ត្រូវបាន​បង្កើតឡើង​ដើម្បី​ចាប់យក​ទីផ្សារ​ដែល​ក្រុមហ៊ុន​នានា​រំលង​ចោល។

Savage X Fenty បាន និង​កំពុង​ពង្រីក​បណ្ដាញ​ហាង​របស់ខ្លួន ហើយ​បច្ចុប្បន្ន​មាន ៥ ទីតាំង ក្នុងនោះ​មាន​ទាំង​នៅ Culer City, នៅ California និង Las Vegas ផងដែរ នេះ​បើតាម​ព័ត៌មាន​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន៕

Advertisement