តម្លៃ​មាស និង​ប្រេង​ពិភពលោក កើនឡើង​ខ្ពស់​ខ្លាំង ព្រោះតែ សហរដ្ឋ​អាម៉េរិក ហាមឃាត់​ប្រេង​របស់ រុស្ស៊ី

មាស​ក្នុង ១ អោន ឡើងដល់ ២,០៦៩ ដុល្លារ ខ្ពស់បំផុត​ក្នុង​រយៈពេល ១៨ ខែ​កន្លងមកនេះ ចំណែក​តម្លៃ​ប្រេង Brent ឡើងដល់ ១៣២ ដុល្លារ ខ្ពស់បំផុត​ក្នុងអំឡុង​ជាង ១៣ ឆ្នាំ។

បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ៨ មីនា មាស​ពិភពលោក​ប្រគល់​ភ្លាម កើន ៥៤ ដុល្លារ/អោន ឡើងដល់ ២,០៥២ ដុល្លារ។ ក្នុងការ​ជួញដូរ មានពេលខ្លះ មាស​ឡើងដល់ ២,០៦៩ ដុល្លារ ខ្ពស់បំផុត​រាប់​ចាប់ពី​ខែសីហា ២០២០។ បច្ចុប្បន្ន មាស ១ អោន (១ អោន ឬ ounce ប្រហែល ៨.៣ ជី) ត្រូវបាន​លក់​ក្នុង​រង្វង់ ២,០៤៧ ដុល្លារ។

អ្នកវិនិយោគ​នាំគ្នា​សម្រុក​ទិញ​លោហធាតុ​មានតម្លៃ ដើម្បី​រក្សា​សុវត្ថិភាព​សម្រាប់​ទ្រព្យ​របស់​ពួកគេ ដោយសារតែ​វិបត្តិ​សង្គ្រាម រុស្ស៊ី-អ៊ុយ​ក្រែ​ន។ ចាប់ពី​ដើមឆ្នាំ តម្លៃ​មាស​បាន​កើន ១២%។ ប្រធានាធិបតី​អាម៉េរិក កាលពី​ម្សិលមិញ បានប្រកាស​ហាមឃាត់​ការ​នាំចូល​ប្រេង និង​ផលិតផល​ថាមពលផ្សេងៗពី ប្រទេស​រុស្ស៊ី។ អង់គ្លេស ក៏បាន​អះអាងថា នឹង​ផ្អាក​ការ​នាំចូល​ប្រេង និង​ផលិតផល​ធ្វើ​អំពី​ប្រេង​របស់ រុស្ស៊ី ក្នុងឆ្នាំនេះ។

«ការរួម​ផ្សំ​រវាង​តម្លៃ​ថាមពល ធញ្ញជាតិ លោហធាតុ​ដែល​ឡើង​ខ្ពស់ កំពុង​បង្ក​សម្ពាធ​ដល់​អតិផរណា។ នេះ​នឹង​បន្ត​ជា​កត្តា​សំខាន់​ជួយ​ឱ្យ​មាស​កាន់តែ​ឡើងថ្លៃ​ខ្ពស់» David Meger ប្រធាន​ផ្នែក​ជួញដូរ​លោហធាតុ​មានតម្លៃ​ប្រចាំ High Ridge Futures អះអាង​ដូច្នេះ។ លោក​បន្ថែមថា «ទន្ទឹមនឹងនេះ ការដែល​អ្នកវិនិយោគ​ស្វែងរក​មាស នៅពេល​ទីផ្សារ​មូល​ប​ត្រ​ដាំ​ក្បាល​ចុះ​ព្រោះតែ​ហានិភ័យ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ» ក៏​កំពុង​ជួយ​ឱ្យ​មាស​ឡើងថ្លៃ​ជា​បន្តបន្ទាប់។

នៅលើ​ទីផ្សារ​ប្រេង​ឆៅ ប្រេង WTI ម្សិលមិញ មាន​និន្នាការ​កើន ៧% ឡើងដល់ ១២៨ ដុល្លារ/ធុង​បារ៉ែល។ ប៉ុន្តែ បញ្ចប់​ការជួញដូរ កំណើន​នេះ​នៅសល់ ៣.៦%។ ប្រេង Brent ក៏មាន​ពេលខ្លះ​កើន ៧.៧% ឡើងដល់ ១៣២ ដុល្លារ មុនពេល​ត្រូវបាន​បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ៨ មីនា ជាមួយនឹង​តម្លៃ ១២៣ ដុល្លារ/ធុង។

តម្លៃ​ប្រេង​ឆៅ​បាន​កើន ៣០% ចាប់តាំងពី រុស្ស៊ី បាន​ចូល​ឈ្លានពាន ប្រទេស​អ៊ុយ​ក្រែ​ន ធ្វើឱ្យ​បណ្ដា​ប្រទេស​ប​ច្ចិ​ម​លោក ដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់ និង​មិន​ធ្លាប់មាន​ពីមុន​មកលើ រុស្ស៊ី។

រុស្ស៊ី គឺជា​ប្រទេស​ដែល​នាំចេញ​ប្រេង​ឆៅ​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក។ ពួកគេ​បច្ចុប្បន្ន នាំចេញ​ប្រេង​ឆៅ និង​ប្រេងឥន្ធនៈ​ទៅកាន់​ពិភពលោក ពី ៧ ទៅ ៨ លាន​ធុង​ជា​រៀងរាល់ថ្ងៃ៕

Advertisement