Tesla គឺជា​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​តែមួយគត់​ដែល​លេចធ្លោ​ជាងគេ ក្នុង​គ្រា​តម្លៃ​ប្រេង​កើនឡើង​ខ្ពស់

រថយន្ត​អគ្គិសនី​របស់​ក្រុម​ហ៊ុន​ Tesla

ក្រុម​អ្នកវិនិយោគ​ដែល​ចង់​ប្រថុយ​ជាមួយនឹង​រថយន្ត​អគ្គិសនី​នៅពេលនេះ គឺមាន​ជម្រើស​តែមួយគត់ នោះ​គឺ Tesla របស់ Elon Musk។

សារព័ត៌មាន Bloomberg បាន​អះអាងថា នៅពេល​តម្លៃ​ប្រេង​ឡើង​ខ្ពស់ តម្លៃ​ហ្គាស​ក៏​កើនឡើង​ទៅតាម​នោះ ធ្វើឱ្យ​អ្នកវិនិយោគ​ដែល​ចង់​បោះទុន​ច្រើន​ទៅក្នុង​វិស័យ​រថយន្ត​អគ្គិសនី មាន​ជម្រើស​តែមួយគត់៖ Tesla ឬ​មិន​ជ្រើសរើស​ក្រុមហ៊ុន​ណា​ទាំងអស់។

ការ «រត់ចោល» បណ្ដា​ភាគហ៊ុន​រថយន្ត​អគ្គិសនី​កាលពីពេលថ្មីៗនេះ បាន​ជួយ​ឱ្យ Tesla ហក់​ឡើង​កាន់តែ​ខ្ពស់ លើ​បណ្ដា​គូប្រជែង​ថ្មី​របស់ខ្លួន។ គម្លាត​ត្រូវបាន​បន្ថែម​កាន់តែ​ឆ្ងាយ​កាលពី​សប្ដាហ៍​មុន នៅពេល​ក្រុមហ៊ុន​រថយន្ត​អគ្គិសនីធំៗចំនួន ២ នៅ សហរដ្ឋ​អាម៉េរិក រួមមាន Rivian និង Lucid បាន​បង្ហើប​ឱ្យដឹង​អំពី​ឧបសគ្គ​ជាច្រើន​ដែល​កើតឡើង​ដោយសារ​បញ្ហា​រអាក់រអួល​នៃ​បណ្ដាញ​ផ្គត់ផ្គង់ នាំឱ្យមាន​និន្នាការ​លក់​ចោល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ទាំងនេះ។

រថយន្ត​អគ្គិសនី​របស់​ក្រុម​ហ៊ុន​ Rivian

បញ្ហា​ជាច្រើន​កំពុង​កើតឡើង​នៅក្នុង​បណ្ដា​ក្រុមហ៊ុន​ក្នុង​វិស័យ​រថយន្ត ប៉ុន្តែ Tesla កំពុង​ទទួលបាន​ផលចំណេញ។ តម្លៃ​ប្រេង​កើនឡើង បាន​ជួយ​ឱ្យ​រថយន្ត​អគ្គិសនី​កាន់តែ​ទទួលបាន​ចំណាប់អារម្មណ៍​ជាង​ពេលណា​ទាំងអស់ ហើយ​សូម្បីតែ​លោក ចូ បៃ​ដិ​ន ក៏​អំពាវនាវ​ឱ្យ​ទទួលយក​រថយន្ត​អគ្គិសនី​ផងដែរ។

ក៏ប៉ុន្តែ មិនមែន​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទាំងអស់​សុទ្ធតែ​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​តម្លៃ​ប្រេង​នោះឡើយ។ ក្រុម​អ្នកវិនិយោគ​កាន់តែ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​មុននឹង​ជ្រើសរើស។ ក្នុងនោះ មានតែ Tesla មួយគត់​ដែល​លេចធ្លោ​ជាងគេ​នៅពេល​ប្រៀបធៀប​ថា ក្រុមហ៊ុន​ណាខ្លះ​រកបាន​ប្រាក់ចំណេញ។

ជា​សរុប Rivian និង Lucid បានប្រគល់​រថយន្ត​អគ្គិសនី​ចំនួន ១,០០០ គ្រឿង ដល់ដៃ​អតិថិជន ក្នុង​ឆ្នាំ ២០២១។ ចំណែក Tesla លក់បាន​ជិត ១ លាន​គ្រឿង ក្នុង​ឆ្នាំ​កន្លង។

រថយន្ត​អគ្គិសនី​របស់​ក្រុម​ហ៊ុន​ Lucid

កាលពី​សប្ដាហ៍​មុន គិត​ចាប់​ពីថ្ងៃ​អង្គារ​ដល់​ថ្ងៃ​សុក្រ ភាគហ៊ុន Rivian បាន​ថយចុះ ៣០% ហើយ​បើ​រាប់​ចាប់ពី​ខែវិច្ឆិកា ២០២១ ភាគហ៊ុន​នេះ​ថយចុះ ៧០% ដែល​នេះ​បានធ្វើឱ្យ​តម្លៃ​មូលធន​ទីផ្សារ​របស់ Rivian បាត់បង់​ជិត ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ចំណែក​ភាគហ៊ុន Lucid ក៏​ថយចុះ ១៤% កាលពី​ថ្ងៃ​អង្គារ ហើយ​បច្ចុប្បន្ន​បាន​ថយចុះ ៥៩% បើ​ធៀប​នឹង​កម្រិត​ខ្ពស់​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០២១៕

Advertisement