ធនាគារ​​ចំនួន​ ៧ ​របស់ ​រុស្ស៊ី​ ត្រូវ​បាន​ សហ​ភាព​​អឺរ៉ុប​(EU) កាត់​ផ្ដាច់​​ពី​​ប្រព័ន្ធ​ទូទាត់​ SWIFT

សហភាព​អឺរ៉ុប (EU) កាលពី​ថ្ងៃទី ២ មីនា បាន​កាត់ផ្ដាច់​ធនាគារ​ចំនួន ៧ របស់ រុស្ស៊ី ចេញពី​ប្រព័ន្ធ SWIFT ដោយសារ​ទណ្ឌកម្ម​បន្ថែម​ទាក់ទង​នឹង​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។

យោងតាម​ប្រកាស​របស់ EU ធនាគារ​ទាំង ៧ ស្ថាប័ន​ខាងលើ​រួមមាន ធនាគារ​ធំជាងគេ​លំដាប់​ទី ២ របស់ រុស្ស៊ី VTB, ធនាគារ Otkritie, Novikombank, Promsvyazbank, Rossiya, Sovcombank និង VEB (Vnesheconombank)។ ទណ្ឌកម្ម​លើ​ធនាគារ​ទាំងនេះ មាន​សុពលភាពភ្លាម។

មូលហេតុ​នៃ​ការដាក់ទណ្ឌកម្ម​ទៅលើ​បណ្ដា​ធនាគារ​ខាងលើ ត្រូវបាន​មន្ត្រីជាន់ខ្ពស់​មួយរូប​របស់ EU បកស្រាយ​ថា ព្រោះតែ​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ រដ្ឋាភិបាល​រុស្ស៊ី។

ការដាក់ទណ្ឌកម្ម​រប​ស់ EU នេះ ត្រូវបាន​ធ្វើឡើង​ក្រោយពី កងទ័ព​រុស្ស៊ី បាន​ចូល​ឈ្លានពាន​លើទឹក​ដី​របស់ អ៊ុយ​ក្រែ​ន បន្ទាប់ពី ប្រធានាធិបតី ពូ​ទីន បានប្រកាស​បើក​យុទ្ធនាការ​យោធា​ពិសេស​កាលពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២។

SWIFT (Society of Worldwide Interbank Financial Telecommunication) ដែលជា​បណ្ដាញ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ នៃ​ធនាគារ​ទូទាំង​ពិភពលោក។ ប្រព័ន្ធ SWIFT នេះ​មាន​ស្ដង់ដារ​តែមួយ ដែលមាន​សុវត្ថិភាព​ខ្ពស់បំផុត​នៅក្នុង​ការផ្ទេរ និង​ទទួល​ប្រាក់​ពី​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ជាង ១១,០០០ ក្រុមហ៊ុន នៅក្នុង​ប្រទេស និង​ដែនដី​ជាង ២០០ របស់​ពិភពលោក៕

Advertisement