អាម៉េរិក និង​សម្ព័ន្ធមិត្ត បញ្ចេញ «អាវុធ» ទប់​ទល់នឹង​តម្លៃ​ប្រេង​ដែល​កំពុង​ឡើង​ខ្ពស់

​ព្រឹត្តិការណ៍​អាន​សេចក្ដីថ្លែងការណ៍​សហព័ន្ធ​លើកដំបូង របស់​ ប្រធានាធិបតី​អាម៉េរិក នា​ថ្ងៃទី ១ មីនា នៅ​វិមាន​សភា​ជាន់​ទាប

លោក ចូ បៃ​ដិ​ន នា​ព្រឹក​នេះ (ម៉ោង​នៅ កម្ពុជា) បានប្រកាសថា សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត បានសម្រេច​ចិត្ត​បញ្ចេញ​ប្រេង​ដែល​រក្សាទុក​ក្នុង​ឃ្លាំង ចំនួន ៦០ លាន​ធុង ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​តម្លៃ​ប្រេង​កើនឡើង​ខ្ពស់ ព្រោះតែ រុស្ស៊ី បញ្ឆេះ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

«សហរដ្ឋ​អាម៉េរិក នឹង​នាំមុខគេ​ក្នុងការ​ប្រឹងប្រែង​នោះ ដោយ​បញ្ចេញ​ប្រេង​ពី​ក្នុង​ឃ្លាំង ចំនួន ៣០ លាន​ធុង។ ហើយ​យើង​បាន​ត្រៀម​ជាស្រេច​ដើម្បី​បញ្ចេញ​ប្រេង​បន្ថែមទៀត បើសិនជា​ចាំបាច់» លោក បៃ​ដិ​ន អះអាង​ដូច្នេះ នៅក្នុង​ព្រឹត្តិការណ៍​អាន​សេចក្ដីថ្លែងការណ៍​សហព័ន្ធ​លើកដំបូង នា​ថ្ងៃទី ១ មីនា (២ មីនា នៅ កម្ពុជា)។ លោក បៃ​ដិ​ន បន្ថែមថា «ជំហាន​ទាំងនេះ​នឹង​ជួយ​ប​ញ្ចុំ​តម្លៃ​ប្រេងសាំង​ក្នុងប្រទេស»។

និយាយ​អំពី​វិស័យ​ការងារ​ក្នុងស្រុក​វិញ ប្រធានាធិបតី​អាម៉េរិក ឱ្យដឹងថា សេដ្ឋកិច្ច​ប្រទេស​នេះ​បាន​បង្កើត​ការងារ​ថ្មី​ជាង ៦.៥ លាន​កន្លែង ក្នុង​ឆ្នាំ ២០២១ ច្រើនជាង​ពេលណា​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក។

ចំពោះ​បញ្ហា​ពន្ធដារ លោក ចូ បៃ​ដិ​ន បញ្ជាក់ថា រដ្ឋាភិបាល​របស់លោក នឹងមិន​ដំឡើង​អត្រាពន្ធ​នោះទេ ចំពោះ​ពលរដ្ឋ​ដែល​រកចំណូលបាន​ក្រោម ៤ សែន​ដុល្លារ/ឆ្នាំ៕

Advertisement