វិថី​កសាង​ទ្រព្យ​ខ្ទង់ពាន់​លាន​ដុល្លារ​របស់​មហា​សេដ្ឋិនី​លំដាប់​លេខ១ នៅ ​ប្រទេសរុស្ស៊ី

Tatyana Bakalchuk ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Wildberries បច្ចុប្បន្ន​គឺជា​ស្ត្រី​ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​នៅ ប្រទេស​រុស្ស៊ី ដោយ​បច្ចុប្បន្ន​មានទ្រព្យ ១១.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើ​យោងតាម Real Time របស់ Forbes។

ដោយសារ​តម្រូវការ​នៃ​ការទិញ​ទំនិញ​តាម​អន​ឡាញ​កើនឡើង​ខ្ពស់​ក្នុងសម័យ​កូ​វីដ-១៩ អ្នកស្រី Tatyana បានក្លាយ​ជាម​ហា​សេដ្ឋិនី ព្រោះតែ​ទ្រព្យ​បាន​កើន​យ៉ាង​លឿន​ក្នុង​ឆ្នាំ ២០២១ ពី ១.១ ពាន់​លាន​ដុល្លារ ឡើងដល់ ១២.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក។

Tatyana កើត​ឆ្នាំ ១៩៧។ អ្នកស្រី​ធ្លាប់​ត្រូវបាន​គេ​ចាត់ទុកថា «ជែក ម៉ា របស់ រុស្ស៊ី» ដោយសារ​អ្នកស្រី​ធ្លាប់​ធ្វើជា​គ្រូបង្រៀន​ភាសា​អង់គ្លេស មុននឹង​ចេញ​រកស៊ី និង​កសាង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អន​ឡាញ​ដោយ​ជោគជ័យ។

អ្នកស្រី Tatyana បង្កើត Wildberries កាលពី​ឆ្នាំ ២០០៤ នៅពេល​មាន​អាយុ ២៨ ឆ្នាំ និង​ទើប​បង្កើតបាន​កូនច្បង​ម្នាក់ (បច្ចុប្បន្ន​អ្នកស្រី​មានកូន ៤ នាក់)។ កត្តា​ដែលនាំឱ្យ​អ្នកស្រី Tatyana បង្កើត​ក្រុមហ៊ុន​នេះ​ឡើង គឺ​ដោយសារ​កាលណោះ អ្នកស្រី​កំពុងមាន​ផ្ទៃពោះ និង​ជួប​ការលំបាក​ច្រើន​ទាក់ទង​នឹង​ជីវភាព​ប្រចាំថ្ងៃ​សម្រាប់​ស្ត្រី​កំពុង​ពពោះ និង​ស្ត្រី​មានកូន​តូច និង​ដោយ​មើលឃើញថា នេះ​មិនមែនជា​បញ្ហា​ដែល​អ្នកស្រី​ជួបប្រទះ​តែម្នាក់ឯង អ្នកស្រី​ក៏បាន​សម្រេចចិត្ត​ឈប់​ធ្វើការ​ដើម្បី​បង្កើត​ក្រុមហ៊ុន Wildberries ជា​គេហទំព័រ​ដែល​លក់​តែ​ផលិតផល​ប្រើប្រាស់​ក្នុងផ្ទះ និង​សម្លៀកបំពាក់។

«ថ្ងៃ​ដំបូង​នៃ​ការចាប់ផ្ដើម ខ្ញុំ​ធ្វើ​គ្រប់យ៉ាង​តែឯង តាំងពី​ទៅយក​ទំនិញ និង​ប្រគល់ឱ្យ​អតិថិជន​ដោយ​ផ្ញើ​តាម​រថភ្លើង​អគ្គិសនី​ក្រោម​ដី ឬ​រថយន្តក្រុង» អ្នកស្រី Tatyana រៀបរាប់។ ឆ្នាំ ២០០៤ ដដែល ស្វាមី Vladislav របស់​អ្នកស្រី ក៏បាន​បោះបង់​ការងារ​ជា​វិស្វករ​ផ្នែក​ព័ត៌មានវិទ្យា ដើម្បី​ជួយ​គ្រប់គ្រង​មុខ​ជំនួញ​របស់​អ្នកស្រី។

អ្នក​ទាំងពីរ​បានចាប់ផ្ដើម​ចេញ​រកស៊ី​ដោយមាន​ទុន​ដំបូង​តែ ៧០០ ដុល្លារ​ប៉ុណ្ណោះ ក្នុងនោះ ៧០ ដុល្លារ​គឺ​សម្រាប់​ការផ្សាយពាណិជ្ជកម្ម។

ក្រោយមក Tatyana បាន​ទិញ​ខោអាវ​ក្នុង​បរិមាណ​ច្រើន​ពី​ទំព័រ Otto របស់ អាល្លឺម៉ង់ រួច​ថតរូប​ទំនិញ និង​លក់​វា​នៅលើ​គេហទំព័រ​របស់ខ្លួន។ អ្នកស្រី​បាន​ជួល​អ្នក​ប្រគល់​ទំនិញ​នៅ មូ​ស្គូ និង​តំបន់​ក្បែរ​ខាង ឬ​ប្រើប្រាស់​សេវា​ប្រៃសណីយ៍​ដើម្បី​ប្រគល់​ទំនិញ​ដល់​អតិថិជន​នៅឆ្ងាយ។

ក្រោយ​រកស៊ី​ជាមួយ Otto បាន ៤ ឆ្នាំ អ្នកស្រី Tatyana ក៏បាន​ដកខ្លួន និង​ចាប់ផ្ដើម​រកស៊ី​ផ្ទាល់​ជាមួយ​បណ្ដា​យីហោ។ ក្នុងពេល Adidas រង​ឥទ្ធិពល​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​កាលពី​ឆ្នាំ ២០០៨ និង​ត្រូវ​ដោះស្រាយ​ជាមួយ​ទំនិញ​ដែលមាន​តម្លៃ​ជាង ១ លាន​អឺរ៉ូ អ្នកស្រី Tatyana បានបង្ហាញ​ខ្លួន​ដូច​ទៅនឹង​អ្នក​ជួយសង្គ្រោះ​សម្រាប់ Adidas និង​បាន​ទិញ​ទំនិញ​ទាំងអស់នោះ។ អ្នកស្រី​ក៏បាន​លក់ទំនិញ​ទាំងនេះ​ក្នុង​រង្វង់ ២ ឆ្នាំ​បន្ទាប់។

ដោយ​វិធី​ខាងលើ Wildberries ក៏បាន​ក្លាយជា​អ្នកលក់​រាយ​អន​ឡាញ​ធំជាងគេ​នៅ រុស្ស៊ី។ ខែមីនា ២០១៩ Wildberries បាន​ក្លាយជា​គេហទំព័រ​ពាណិជ្ជកម្ម​អន​ឡាញ​ដែលមាន​គេ​ចូល​មើល​ច្រើនជាងគេ​លំដាប់​ទី ៣ ក្នុង​ពិភពលោក បន្ទាប់ពី H&M និង Macy’s។ នេះ​បើតាម​ការស្រាវជ្រាវ​រប​ស់​ក្រុមហ៊ុន​វិភាគ​ទីផ្សារ SEMrush។

បច្ចុប្បន្ន Wildberries គឺជា​ក្រុមហ៊ុន​ធំ ដោយមាន​ឃ្លាំង​ផ្ទាល់ខ្លួន​ជាច្រើន និង​បុគ្គលិក​រាប់ម៉ឺន​នាក់។ Wildberries លក់​គ្រប់យ៉ាង​ដែល​មនុស្ស​ម្នាក់​ត្រូវការ ដោយមាន​ផលិតផល​ប្រហែល ៣១ ពាន់​យីហោ។ ក្រុមហ៊ុន​នេះ​រកចំណូលបាន ៣.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០១៩ និង ៥.៧ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២។ ក្រៅពី រុស្ស៊ី Wildberries ក៏មាន​វត្តមាន​នៅក្នុង​ប្រទេស​មួយចំនួន​ផ្សេងទៀត​ផងដែរ។

បើទោះជា​មានទ្រព្យ​ច្រើន ប៉ុន្តែ អ្នកស្រី Tatyana Bakalchuk និង​ស្វាមី កម្រ​នឹង​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ ឬ​កិច្ច​សម្ភាស​នានា៕

Advertisement