មហាសេដ្ឋី​រុស្ស៊ី ២ រូប អំពាវនាវ​ឱ្យ​បញ្ចប់សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

កំពូល​អ្នកមាន ២ រូប នៅ ប្រទេស​រុស្ស៊ី គឺ Oleg Deripaska និង Mikhail Fridman បាន​អំពាវនាវ​ឱ្យមាន​សន្តិភាព និង​បញ្ចប់​ការប្រយុទ្ធ​គ្នា​នៅ ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ថា នេះ​គឺជា​សោកនាដកម្ម​ចំពោះ​ប្រជាជន​នៅ ប្រទេស​ទាំងពីរ។

មហាសេដ្ឋី Fridman វ័យ ៥៧ ឆ្នាំ ដែលមាន​ស្រុកកំណើត​នៅ អ៊ុយ​ក្រែ​ន​ខាងលិច នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​បុគ្គលិក​កាលពី​ថ្ងៃទី ២៧ កុម្ភៈ បានសរសេរថា សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន កំពុង​បំបែកបំបាក់​ទំនាក់ទំនង​រវាង​ប្រជាជន Slav កំពុង​រស់នៅក្នុង ប្រទេស​រុស្ស៊ី និង ប្រទេស​អ៊ុយ​ក្រែ​ន ដែលជា​បងប្អូន​នឹង​គ្នា​ក្នុង​រយៈពេល​ច្រើន​សតវត្សរ៍។

«ខ្ញុំ​កើត​នៅ​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន និង​រស់នៅ​ទីនោះ​រហូតដល់​មាន​អាយុ ១៧ ឆ្នាំ។ ឪពុក​របស់ខ្ញុំ​គឺជា​ជនជាតិ​អ៊ុយ​ក្រែ​ន និង​រស់នៅក្នុង តំបន់ Lviv ជាទី​ក្រុង​ដែល​ខ្ញុំ​ស្រលាញ់​ចូលចិត្ត» មហាសេដ្ឋី​ទី ១២៨ ក្នុង​ពិភពលោក​នា​ឆ្នាំ ២០២១ របស់ Forbes បច្ចុប្បន្ន​មានទ្រព្យ ១១.៧ ពាន់​លាន​ដុល្លារ បាន​រៀបរាប់​ដូច្នេះ។

«ប៉ុន្តែ ខ្ញុំ​បាន​ចំណាយពេល​ភាគច្រើន​នៃ​ជីវិត​របស់ខ្ញុំ រស់នៅ​ក្នុងនាម​ជា​ពលរដ្ឋ​រុស្ស៊ី កសាង និង​អភិវឌ្ឍ​កិច្ចការជំនួញ។ ខ្ញុំ​មានការ​តស៊ូ​យ៉ាង​ជ្រាលជ្រៅ​ជាមួយ ជនជាតិ​អ៊ុយ​ក្រែ​ន និង ជនជាតិ​រុស្ស៊ី។ ខ្ញុំ​យល់ឃើញថា សង្គ្រាម​បច្ចុប្បន្ន​គឺជា​សោកនាដកម្ម​សម្រាប់​ប្រជាជន​របស់​ប្រទេស​ទាំងពីរ»។

មហាសេដ្ឋី​រុស្ស៊ី Oleg Deripaska វ័យ ៥៤ ឆ្នាំ ក៏បាន​បង្ហោះ​សារ​នៅលើ Telegram ដោយ​អំពាវនាវ​ឱ្យមាន​ការចរចា​រកស​ន្តិ​ភាព «កាន់តែ​ឆាប់ កាន់តែ​ល្អ»។ លោក គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី ៧៧៥ របស​ពិភពលោក នៅក្នុង​តារាង​ចំណាត់ថ្នាក់​ឆ្នាំ ២០២១ របស់ Forbes។ បច្ចុប្បន្ន មហាសេដ្ឋី​រូបនេះ​មានទ្រព្យ​ចំនួន ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

«សន្តិភាព​មាន​សារសំខាន់​ជាទីបំផុត» ម្ចាស់​ក្រុមហ៊ុន Rusal របស់ រុស្ស៊ី បាន​ថ្លែង​ដូច្នេះ។ កាលពី​ថ្ងៃទី ២១ កុម្ភៈ លោក Oleg ក៏​ធ្លាប់បាន​និយាយថា មិនគួរ​ឱ្យមាន​ជម្លោះ​ប្រដាប់អាវុធ​នៅ អ៊ុយ​ក្រែ​ន។

ទីក្រុង​វ៉ា​ស៊ី​ង​តោន និង​ប្រទេសធំៗក្នុង​ពិភពលោក បាន និង​កំពុង​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី បន្ទាប់ពី លោក ពូ​ទីន បានប្រកាស​ចូល​ឈ្លានពាន អ៊ុយ​ក្រេ​ន បណ្ដាលឱ្យ​ក្រុម​មហាសេដ្ឋី​របស់ រុស្ស៊ី ទទួលរង​ផល​អាក្រក់​យ៉ាងធ្ងន់ធ្ងរ។

ចំណែក​មហាសេដ្ឋី​មួយរូប​ផ្សេងទៀត​នៅ មូ​ស្គូ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​សម្ដែង​ការព្រួយបារម្ភ​ថា៖ «ជម្លោះ​ប្រដាប់អាវុធ​នឹង​ជា​សោកនាដកម្ម​ចំពោះ​សេដ្ឋកិច្ច ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក និង​ស្ថានការណ៍​នយោបាយ»។ លោក​បាន​បន្ថែមថា ក្នុងជំនួប​ជាមួយ​លោក ពូ​ទីន កាលពី​ថ្ងៃទី ២៤ កុម្ភៈ គ្រប់គ្នា​សុទ្ធតែ​ស្ងៀមស្ងាត់។ «អ្នកជំនួញ​យល់​យ៉ាងច្បាស់​អំពី​ផលវិបាក។ ប៉ុន្តែ តើ​មាន​អ្នកណា​សួរ​យោបល់​ពួកគេ​អត់?»។

Advertisement