កម្ពុជា នឹងមាន​រោងចក្រ​ផលិត​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ផ្ទាល់ខ្លួន នាពេលឆាប់ៗនេះ

កម្ពុជា​នឹងមាន​វត្តមាន​រោងចក្រ​ផលិត​វ៉ាក់សាំង​នៅពេលឆាប់ៗនេះ ដើម្បី​ធានា​ប្រភព​ផ្គត់ផ្គង់​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់ ប្រជាពលរដ្ឋ។ នេះ​បើតាម​ប្រសាសន៍​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ដូចខាងលើ នៅពេល​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង នា​ព្រឹក​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១។ ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់ថា ក្រុមហ៊ុន​នៃ​ប្រទេស​ទាំងពីរ​គឺ កម្ពុជា និង​ចិន បាន​ចុះហត្ថលេខា​រួចហើយ ទាក់ទង​នឹង​ការផលិត​វ៉ាក់សាំង​កូ​វីដ នៅ កម្ពុជា។

ការចុះហត្ថលេខា​រវាង​ក្រុមហ៊ុន​កម្ពុជា និង​ក្រុមហ៊ុន​ចិន នេះ ត្រូវបាន​សម្ដេច អះអាងថា កើតឡើង​បន្ទាប់ពី កម្ពុជា បានស្នើ​ដល់​រដ្ឋាភិបាល​ចិន តាមរយៈ ឯកឧត្តម វ៉ាង វិ​ន​ធាន ឱ្យមក​បង្កើត និង​ផលិត​វ៉ាក់សាំង​នៅក្នុង​ស្រុក​ខ្មែរ។

សម្ដេច​បន្ថែមថា កម្ពុជា នៅតែ​ត្រូវ​ចំណាយ​ប្រាក់​ដើម្បី​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅក្នុង​ស្រុក ប៉ុន្តែ នឹងមាន​តម្លៃ​ទាប ហើយ​មិន​ពិបាក​ក្នុងការ​ដឹកជញ្ជូន​ផងដែរ។

អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ឯកឧត្តម វ៉ាង វិ​ន​ធាន បាន​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​មរ​បស់ រដ្ឋាភិបាល​ចិន កំពុងធ្វើការ​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​ពិ​ភក្សា​អំពី​ដំណើរការ​នៃ​ការផលិត​វ៉ាក់សាំង​នៅ​កម្ពុជា។ លោក​បញ្ជាក់ថា នៅក្នុង​ឆ្នាំក្រោយ កម្ពុជា នឹង​អាច​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ១៩ ដែល​ផលិត​នៅក្នុង​ស្រុក​បាន​ហើយ៕

Advertisement