រថយន្ត​អគ្គិសនី​របស់​ចិន គ្រប់គ្រង​ទីផ្សារ​នៅ​ប្រទេស​ថៃ

ជាមួយនឹង​រូបរាង​ស្រស់ស្អាត អាច​បើកបរ​ផ្លូវ​ឆ្ងាយ និង​មានតម្លៃ​ទាប​សមរម្យ រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​របស់ ចិន កំពុងតែ​មានប្រៀប​ជាង​គូប្រជែង (ជប៉ុន) នៅ ប្រទេស​ថៃ។

កាលពី​ខែ​មុន​ក្រុមហ៊ុន Great Wall Motor (ចិន) ទទួលបាន​ការបញ្ជាទិញ​រថយន្ត​ជាង ៤,២០០ គ្រឿងក្នុង​រយៈពេល​មិន​ដល់ ២៤ ម៉ោង សម្រាប់​ម៉ូ​ដែល Haomao ឬ​ហៅថា Ora Good Cat។ នោះ​គឺជា​តួលេខ​ច្រើន​បំផុត​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ ប្រទេស​ថៃ។

«ដោយ​មិន​បែងចែក​​លំដាប់​បច្ចេកវិទ្យា រថយន្ត​ Ora Good Cat មាន​រូបរាង​ស្អាត និង​ទាក់ទាញ​អតិថិជន​វ័យក្មេង» Nithi Thuamprathom ដែលជា​អ្នកសារព័ត៌មាន​ជើងចាស់ មានបទពិសោធន៍​ជាង ២០ ឆ្នាំ ក្នុង​វិស័យ​ឧស្សាហកម្ម​រថយន្ត​នៅ ប្រទេស​ថៃ បាន​អធិប្បាយ​ដូច្នេះ។

យោងតាម Nithi ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ ប្រទេស​ថៃ កំពុងតែ​មានការ​ប្រែប្រួល។ បុរស​ធ្លាប់ជា​អតិថិជន​ធំ​បំផុត ប៉ុន្តែ បច្ចុប្បន្ន មាន​ស្ត្រី​ជាច្រើន​ក៏មាន​បំណង​រក​ទិញ​រថយន្ត​ប្រភេទ​នេះ។ Ora Good Cat មានប្រៀប​ទាំង​នៅលើ​មុខងារ ទាំង​នៅលើ​ម៉ូ​ដែល នេះ​មិនទាន់​និយាយ​ដល់​តម្លៃ​ដែល​ប្រកបដោយ​ការប្រកួតប្រជែង​ខ្ពស់​នៅឡើយ។

ម៉ូ​ដែល​រថយន្ត​នេះ​មានតម្លៃ​ពី ៩៨៩,០០០ បាត ដល់ ១.១ លាន​បាត (៣០,០០០ ដល់ ៣៥,០០០ ដុល្លារ​អាម៉េរិក)។ វា​អាចធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ចាប់ពី ៤០០ ទៅ ៥០០ គីឡូម៉ែត្រ ក្រោយ​បញ្ចូល​ថាមពល​ពេញ។

ឡូត៍​រថយន្ត​ដំបូង​ត្រូវបាន​នាំចូល​ពី ប្រទេស​ចិន ក៏ប៉ុន្តែ Great Wall Motor (GWM) កំពុង​ស្វែងរក​វិធី​ផលិត​នៅ ប្រទេស​ថៃ ដោយផ្ទាល់ ចាប់ពី​ឆ្នាំ ២០២។ រោងចក្រ​របស់ GWM នៅ ប្រទេស​ថៃ នឹង​ជាទី​តាំង​នៃ​មូលដ្ឋាន​ផលិត​សម្រេច​ទី​ពីរ​របស់​ក្រុមហ៊ុន​នេះ នៅ​បរទេស។ បណ្ដា​រថយន្ត​ដែល​នឹងត្រូវ​បាន​ផលិត​នៅ ប្រទេស​ថៃ នឹងត្រូវ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ អាស៊ីអាគ្នេយ៍ និង អូស្ត្រាលី។

កាលពី​ខែឧសភា ប្រទេស​ថៃ បានប្រកាស​អំពី​ទិសដៅ 30@30 EV ដែល​នេះ​បង្ហាញថា រថយន្ត​អគ្គិសនី​នឹងមាន​រហូតដល់ ៣០% ក្នុងចំណោម​មធ្យោបាយ​ធ្វើដំណើរ​ដែល​ត្រូវបាន​ផលិត​ក្នុងប្រទេស​នេះ​នៅ​ឆ្នាំ ២០៣។ Krisda Utamote ប្រធាន​សមាគម​រថយន្ត​អគ្គិសនី​របស់ ប្រទេស​ថៃ បានឱ្យដឹងថា នេះ​គឺជា​គោលដៅ​ប្រកបដោយ​មហិច្ឆតា។

បច្ចុប្បន្ន ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​នៅ ប្រទេស​ថៃ មាន​ចំនួន​ជាង ២,០០០ កន្លែង ប៉ុន្តែ រដ្ឋាភិបាល​រំពឹងថា ដល់​ឆ្នាំ ២០៣០ ចំនួន​នេះ​នឹង​កើន​ឡើងដល់ ១២,០០០ កន្លែង។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ចិន-អាស៊ាន អនុវត្ត​ការយកពន្ធ ០% ចំពោះ​រថយន្ត​ដែល​នាំចូល​ពី ប្រទេស​ចិន។ ចំណែក​រថយន្ត​ដែល​នាំចូល​ពី​តំបន់ អឺរ៉ុប ត្រូវ​បង់ពន្ធ​រហូតដល់ ៨០% ខណៈ​រថយន្ត​របស់ ជប៉ុន ត្រូវ​បង់ពន្ធ ២០% ដោយ​អនុវត្តតាម​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​រវាង ជប៉ុន-ថៃ៕

Advertisement